គ្រាប់ដែលគេប្រទះឃើញពេលជីកដីដាំដំឡូងមី
ខេត្តបន្ទាយមានជ័យ ៖ គ្រាប់ M16  ចំនួន១៦២គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ  ខណៈចូលទៅជីកដីដាំដំឡូងមីក្នុងដីចម្ការរបស់គាត់  កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ មីនា ២០១៣ នៅភូមិស្វាយ.ស  ឃុំពន្លៃ ស្រុកភ្នំស្រុក  ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចយកទៅរក្សាទុក ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាល ពន្លៃបានប្រាប់ថា ពលរដ្ឋជាម្ចាស់ចម្ការឈ្មោះហួយ សុឃឿន ភេទប្រុស  អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះតាំង ហុង អាយុ៥៩ឆ្នាំ  គាត់ទាំង២នៅភូមិ-ឃុំខាងលើ ។ បើតាមសម្តីប្តី  និងប្រពន្ធទាំង២នាក់បានប្រាប់សមត្ថកិច្ចថា  ដីចម្ការខាងលើគាត់បានទិញយូរមកហើយ តែមិនដែលបានដាំដំណាំអ្វីទេ  ទើបឆ្នាំនេះគិតចង់ដាំដំឡូងមីក៏នាំយាយតាទៅកាប់ឆ្ការព្រៃ  និងជីកដីធ្វើរងដាំដើមដំឡូងមី ស្រាប់តែប្រទះឃើញគ្រាប់ M16  ដែលកប់ទុកយូរមកហើយ  តាំងពីសម័យសង្គ្រាមរួចបានរត់ទៅរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ។
លោកអនុសេនីយ៍ឯក ភុំ ផាន  អធិការរងនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា  ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពន្លៃ  បានចុះទៅត្រួតពិនិត្យឃើញគ្រាប់ M16 ចំនួន១៦២គ្រាប់  ហើយនៅក្នុងនោះមានគ្រាប់យុទ្ធភណ្ឌផ្សេងៗទៀត ដែលកប់ក្នុងដី ៕
កោះសន្តិភាព 
