ផ្អើល​ពេញ​ខេត្តកំពត​ថា​ថត​ទូរស័ព្ទ​ជាប់​រូប​ជំ​នាង​ផ្ទះ

Saturday, March 30, 2013

​ ផ្អើល​ពេញ​ខេត្តកំពត​ថា​ថត​ទូរស័ព្ទ​ជាប់​រូប​ជំ​នាង​ផ្ទះ​ រូបថត​ដែល​អះអាងថា ថត​បាន​ពិតៗ មិនមាន​ការកែច្នៃ 1 of 3 ​កំពត: ទោះបី​ហេតុការណ៍​ពិត ឬ​មិន​ពិត​យ៉ាងណាក្ដី តែ​ការភ្ញាក់ផ្អើល​បាននិង​កំពុង​កើតឡើង​ក្រោយពី​យុវជន​ម្នាក់បង្ហាញ​រូប​ដល់​សាច់ញាតិ​គូ​ដណ្ដឹង​ដែល​អះអាងថា ខ្លួន​សាក​ទូរស័ព្ទ​ដោយ​ថត​ជាប់​ជំ​នាង​ផ្ទះ​ពេល​កំពុង​ដេក​ក្នុង​អង្រឹង​ម្នាក់ឯង​នា​ព្រលប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ កន្លងមកនេះ​។ ទោះបី​ខ្លួន​ជា​អ្នកធ្វើ​នាមប័ណ្ណ និង​ច្នៃ​គំរូ​ម៉ូដ​ផ្សេងៗ ដែលមាន​អាសយដ្ឋាន នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តែ​ម្ចាស់​ទូរស័ព្ទ​អះអាងថា រូប​មួយ​នេះ​ខ្លួន​ថត​បាន​នៅផ្ទះ​គូ​ដណ្ដឹង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ដ​កំពត ពោលគឺ​មិនមាន​កាត់ត ឬ​បន្ថែមបន្ថយ​អ្វី​ឡើយ ហើយ​ខ្លួន​ត្រូវបាន​នាំទៅ​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ដើម្បី​បញ្ឈប់​នូវ​ភាពភ័យខ្លាច​បន្ទាប់ពី​ជួប​ហេតុការណ៍​នេះ​។ ​មន្ដ្រី​នៃ​អាជ្ញាធរ​មូលដ្ឋាន​បានឃើញ​រូបថត​នោះដែរ ​តែ​និយាយថា​ជា​រឿង​ច្នៃប្រឌិត ព្រោះ​ខ្មោច បិសាច​មិនដែល​មាន​អ្នកណា​ថតរូប​ជាប់​ទេ សូម្បី​អាមេរិក​ក៏​មិនទាន់​ធ្វើបាន​ផង​។​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នៅ​ក្រុង​កំពត​មានការ​និយាយ​ជា​ហូរហែ​អំពី​ហេតុការណ៍​ដែល​យុវជន​ម្នាក់​មកលេង​ផ្ទះ​គូដណ្ដឹង​របស់ខ្លួន​ ហើយ​ថត​ជាប់​ជំ​នាង​ផ្ទះ ខណៈពេល​កំពុង​ដេក​ក្នុង​អង្រឹង​តែឯង ហើយ​ទាញ​ទូរស័ព្ទ​ថត​សាកមើល​។ ​ការនិយាយ​នោះ​ អ្នកខ្លះ​មាន​ទាំង​រូបថត​បង្ហាញ​ជា​ភស្ដុតាង​ទៀតផង​។ តាមរយៈ​រូបថត​ឃើញថា ការថត​ធ្វើឡើង​នាពេល​ព្រលប់ ​ដោយ​ជាប់​រូប​អង្រឹង​ប្រហែល​៤០​ភាគរយ​ហើយ​ខ្សែ​អង្រឹង​បាន​គង​លើ​ស្មា​ឆ្វេង​នៃ​ស្រី​វ័យក្មេង​ពាក់អាវ​ស​ទម្លាក់​សក់​ដ៏​វែង​អន្លាយ​មក​មុខផ្នែក​ខាងស្ដាំ​។ ប៉ុន្ដែ​រូប​ដែល​អះអាងថាជា​ជំ​នាង​ផ្ទះ​នោះ​មាន​ត្រឹម​តែមួយ​កំណាត់​ខ្លួន​ប៉ុណ្ណោះ មិនឃើញ​ផ្នែក​ខាងក្រោម​ទេ​។ ​ អ្នកភូមិ ក៏ដូចជាអ្នករត់ម៉ូតូឌុប​ភាគច្រើន​ដែល​ជឿ​លើ​រឿងរ៉ាវ​នេះ បាន​កោតសរសើរ​ចំពោះ​បច្ចេកវិទ្យា និង​សម្ភារៈ​ដែល​កាន់តែ​ទំនើប អាច​ថត​ឃើញ​នូវ​អ្វីដែល​ស្ថិតក្នុង​ភាព​អា​ថិ៍​កំបាំង​តាំងពី​យូរលង់​មកហើយ​នោះ​។​ ​ជុំវិញ​រឿងរ៉ាវ​នេះ ស៊ីម ស្រី​ទូច ភេទ​ស្រី អាយុ ៣០​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ដ​កំពត ជា​ម្ចាស់​ផ្ទះកើតហេតុ​ បាន​រៀបរាប់ថា កាលពី​ប្រហែល​មួយ​សបា្ដហ៍​មុន​ គូ​ដណ្ដឹង​របស់​ប្អូនស្រី​ខ្លួន​បានមក​លេង​ដោយ​សម្រាក​បួនទៅ​ប្រាំ​យប់​។ ​ នា​យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ដែលជា​យប់​ទី​បី នៅ​ម៉ោង​ប្រហែល​ជាង​៧ ពេល​អ្នក​ក្នុងផ្ទះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ ស្រាប់តែ​អនាគត​ប្អូនថ្លៃ​ឈ្មោះ វិចិត្រ បាន​រត់​ចេញពី​អង្រឹង​កាន់​ទូរស័ព្ទ​សំដៅ​ចូល​ផ្ទះ ​ហើយ​និយាយថា ថត​ជាប់​រូប​ស្រី​ចម្លែក​។ លុះ​ពេល​មើល​ក្នុង​ទូរស័ព្ទ​ស្រាប់តែ​ឃើញ​រូប​ស្រី​ភ្នែក​ជាំ ឈរ​ទម្លាក់​សក់​នៅ​សសរផ្ទះ​ក្បែរ​អង្រឹង​មែន ក៏មាន​ការភ័យខ្លាច​គ្រ​ប់ៗ​គ្នា​។ មិនយូរប៉ុន្មាន ​អ្នកជិតខាង​បាននាំគ្នា​មក​ចោមរោម​មើល និង​ខ្លះ​សុំ​បាញ់​រូបនោះ​ចូល​ទូរស័ព្ទ​ពួកគេ​ជាច្រើន​នាក់​ទៀតផង​។ ​ស៊ីម ទូច​បន្ដថា ស្ទើរ​ពេញ​មួយ​យប់​អ្នក​ក្នុងផ្ទះ​ដេក​មិន​លក់​ទេ រហូត​ព្រឹក​ឡើង​បាននាំគ្នា​ទៅ​វត្ដ​ជុំ​ក្រៀល​ដើម្បី​និមន្ដ​ព្រះសង្ឃ​ស្រោច​ទឹក​ឱ្យ ហើយ​នៅ​ទីនោះ​តាអាចារ្យ​ប្រាប់ថា ​កុំ​ភ័យខ្លាច​អី នេះ​ជា​ជំ​នាង​ផ្ទះ​តាម​ការពារ​អ្នក​ទាំងអស់គ្នា​ទេ​។ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ លោក​ម៉ៅ ចាន់​សេរី​រ័ត្ន នាយប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ​ បញ្ជាក់ថា ក្នុង​មូលដ្ឋាន​របស់លោក​មិនមាន​ហេតុការណ៍​បែប​នោះ​កើតឡើង​ទេ ជា​ពាក្យ​ច​ចាម​អារ៉ាម​ប៉ុណ្ណោះ​។ ​ថ្មីៗ​នេះ​ពេល​លោក​ជួប​ជាមួយ​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​សង្កែ​ ក៏មាន​ការសួរនាំ​រឿងនេះ​ដែរ លុះ​លោក​ឱ្យ​កូនចៅ​ទៅ​ស៊ើបសួរ​នៅ​ម្ដុំ​ដែលថាកើតរឿង​រ៉ាវ​ក៏​មិន​បានឮ​នូវ​ការនិយាយ​អ្វី​ទាំងអស់​។ បើសិនជា​ពិតមែន ខាង​ឃុំ​នឹង​រាយការណ៍​ទៅ​លោក​អភិបាលស្រុក ហើយ​លោក​ក៏​ធ្វើ​របាយការណ៍ទៅ​លោក​អធិការ​ដែរ​។​ ​ដោយឡែក​លោក​យាវ សឿន មេឃុំ​ត្រពាំង​ធំ​បានឱ្យដឹងថា ចំពោះ​រូបថត​នោះ​លោក​បានឃើញ​ដែរ ​ព្រោះ​មាន​គេ​យកមក​បង្ហាញ​ដល់​សាលាឃុំ តែ​លោក​ជឿថា នោះ​ជាការ​ច្នៃ​ប្រឌិត​ប៉ុណ្ណោះ​។ រូបថត​នោះ​ជា​មនុស្ស​ស្រី​សក់វែង មិនឃើញ​ដល់​ជើងទេ​។ ធម្មតា​មានតែ​សាកសព​ប៉ុណ្ណោះ​ដែល​ថត​ជាប់​។ តាំងពី​ដូនតា​មក ខ្មោច បិសាច ឬ​ជំនាង​ផ្ទះ​មិនអាច​អ្នកណា​ថត​ជាប់​ទេ សូម្បី​អាមេរិកាំង​ក៏​មិនទាន់​ធ្វើបាន​ផង​។ លោក​អាយុ​ជាង​៦០​ឆ្នាំ​ហើយ​ មិនដែល​ឃើញ​អ្នកណា​ថត​បាន​ទេ វា​ជាការ​កែច្នៃ​រូបភាព ហើយ​បាញ់​បន្ដ​ឱ្យ​គ្នា​មើល​លេង​។​ ​ កែវ វិចិត្រ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានបញ្ជាក់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ នេះ​ថា ថ្វីត្បិតតែ​ខ្លួន​មានមុខរ​បរជា​អ្នកធ្វើ​នាមប័ណ្ណ ច្នែ​ម៉ូដ​ផ្សេងៗ​ក្ដី តែ​សម្រាប់​រូបនោះ​គឺ​ខ្លួន​ថត​បាន​ពិតៗ ដោយ​ឥត​ឌី​សាញ (Design) អ្វី​ទេ​។ នាពេលនោះ​ខ្លួន​កំពុង​ដេក​ក្នុង​អង្រឹង ​ចៃដន្យ​ក៏​ទាញ​ទូរស័ព្ទ​ដែល​ទើបនឹង​ទិញ​ប្រហែលជិត​កន្លះ​ខែម​កថត​សំដៅ​សសរផ្ទះ​សាកមើល​។ ពេល​ថត​លើកដំបូង ​ទូរស័ព្ទ​មិន​បែក​ភ្លើង​ក៏​ថត​ម្ដងទៀត​។ លុះ​បើក​មើល​ស្រាប់ តែ​ឃើញ​រូប​ស្រី​ម្នាក់​ឈរ​នៅក្រោម​ខ្សែ​អង្រឹង​ក្បែរ​សសរផ្ទះ ​ធ្វើឱ្យ​ខ្លួន​មានការ​ភ័យខ្លាច​ក៏​រត់​ចូលទៅ​បង្ហាញ​គូ​ដណ្ដឹង និង​សាច់ញាតិ​ ទើប​មានការ​ភ្ញាក់ផ្អើល​ទាំងយប់​។ ​ ព្រោះតែ​រឿងនេះ ​ព្រឹក​ឡើង​បងប្អូន​ខាង​គូ​ដណ្ដឹង​ក៏​នាំទៅ​ឱ្យ​លោក​ស្រោច​ទឹក​នៅឯ​វត្ដ​មួយ ​តែ​ខ្លួន​មិន​ស្គាល់​ថា​ឈ្មោះ​វត្ដ​អ្វី​ទេ ដែល​នៅ​ទីនោះ​តាអាចារ្យ​ប្រាប់ថា​ស្រី​នេះ​ជា​ជំ​នាង​ផ្ទះ គេ​មិន​ធ្វើបាប​អ្វី​ឡើយ​។ ខ្លួនគេផ្ទាល់ (​វិចិត្រ ) គិតថា​អាចមាន​កំហុស​ខ្លះៗ​ដែរ​ព្រោះ​មក​សម្រាក​ផ្ទះ​គូ​ដណ្ដឹង​ប៉ុន្មាន​ដង​ហើយ​មិនបាន​អុច​ធូប​សុំ​សេចក្ដីសុខ​ពីម្ចាស់​ទឹក​ម្ចាស់​ដី​សោះ​។ ​ធម្មតា​ខ្មែរ​យើង​តាំងពី​បុរាណ​មក​តែងតែមាន​ជំនឿ ​ហើយ​ស័ក្ដិ​សិទ្ធិជាក់ច្បាស់​ទៀតផង​។ កន្លងមក​នៅ​កន្លែង​ផ្សេងៗ​តែង​ឮ​សំឡេង ឬ​ឃើញ​ក្នុង​ក្ដី​ស្រ​មៃ ដូចជា​ពេលដេក​មិនទាន់​លក់​ជាដើម តែ​លើក​នេះ​ខ្លួន​បានឃើញ​ដោយសារយក​ទូរស័ព្ទ​ថត​លេង​ប៉ុណ្ណោះ​។ ​តាមពិត​ខ្លួន​គ្រាន់តែ​ចង់ឱ្យ​អ្នក​ក្នុងផ្ទះ​របស់​គូ​ដណ្ដឹង​បានឃើញ​ហេតុការណ៍​តែប៉ុណ្ណោះ ​ដោយ​មិននឹកស្មានថា​រូបនោះ​ត្រូវគេ​ចែកចាយ​រហូត​ដឹង​ដល់​អ្នកសារព័ត៌មាន​សោះ ​ហើយ​ឥឡូវនេះ​រវល់​នឹង​ទទួល​ទូរស័ព្ទ​ព្រោះតែ​ការ​សួរ​បញ្ជាក់​។ ដូច្នេះ​គ្រាន់តែ​ប្រាប់​ដល់​មនុស្ស​ទាំងអស់​ថា ​រូបថត​នេះគឺ​ថត​បាន​ដោយ​ពិតៗ​ មិនបាន​ឌី​សាញ​ទេ​៕

ប្រភព  cen.com.kh

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook