ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះ
ខេត្តបន្ទាយមានជ័យ ៖  នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៥ មីនា ២០១៣ ស្រុកថ្មពួក  ត្រូវរងគ្រោះដោយសារខ្យល់ដ៏អាក្រក់បានបោកបក់ជាលើកទី២  បណ្តាលឱ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋ៤ឃុំ គឺឃុំគំរូ  ឃុំភូមិថ្មី ឃុំគោករមៀត និងឃុំថ្មពួក សរុបចំនួន៥២ខ្នង  សាលារៀន៤ខ្នង របួសមនុស្សម្នាក់បែកក្បាល ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកថ្មពួក  បានឱ្យដឹងថា  ផ្ទះប្រជាពលរដ្ឋដែលរងនូវការខូចខាតនេះឃុំភូមិថ្មី មាន២ភូមិ  គឺភូមិកាប់ចោរ និងភូមិគោកស្វាយ សរុបចំនួន៤ខ្នង របើកដំបូល  ឃុំគំរូ មានភូមិឯកភាព ភូមិគំរូ ភូមិអណ្តូងខ្លុង  និងភូមិផ្សារថ្មី សរុប៣៦ខ្នង របើកដំបូល៣០ខ្នង  និងធ្លាក់ពីលើជើងតម្កល់៦ខ្នង មានសាលារៀន២អគាររបើកដំបូល ។  ឃុំថ្មពួក មាន២ភូមិ គឺភូមិកសិណ និងភូមិថ្មពួក  របើកដំបូលសរុប៨ខ្នង ក្នុងនោះផ្ទះ៤ខ្នង សាលារៀន២ខ្នង  និងរន្ទះបាញ់កាំជណ្តើរខូច១ និងឃុំគោករមៀត  មានភូមិស្រែល្អរបើកដំបូល១១ខ្នង ធ្លាក់ពីលើជើងតម្កល់១ខ្នង  សរុបទាំងអស់ផ្ទះចំនួន៥២ខ្នង ខូចខាតធ្ងន់៧ខ្នង សាលារៀន៤ខ្នង ៕
 កោះសន្តិភាព 
