ការធ្លាក់នេះបន្ទាប់ពីបាល់ឡុងហោះឡើងបានរយៈកម្ពស់ប្រមាណជា៣០០ម៉ែត្រ។ មន្ត្រីនគរបាលដដែលនិយាយថាបាល់ឡុងនោះត្រូវខូចខាត។
សៀមរាប៖ ទេសចរបរទេសចំនួនប្រាំបួននាក់ បានរងរបួសក្នុងការធ្លាក់បាល់ឡុងមួយ កាលពីល្ងាចថ្ងៃអង្គារទី២៦ខែមិនាក្បែរក្រុងសៀមរាប។ មន្ត្រីនគរបាលនិងសាក្សីឃើញផ្ទាល់ភ្នែកនិយាយថាឧប្បត្តិហេតុនោះ កើតឡើងដោយសារ មានខ្យល់បក់បោកខ្លាំងហើយធ្វើឲ្យបាល់ឡុងដែលហោះដោយ កំដៅឧស្ម័នដែលគេស្គាល់ ថាជារបស់ក្រុមហ៊ុនចិនមួយបានរសាត់ទៅ ប៉ះទង្គិចនឹងដើមត្នោតរួចក៏ធ្លាក់នៅក្នុងភូមិអារក្ស ស្វាយដែល ស្ថិតនៅចន្លោះផ្សារលើនិងប្រាសាទអង្គរវត្ត។មន្ត្រីនគរបាលមូលដ្ឋានម្នាក់ដែលស្នើសុំមិន បញ្ចេញឈ្មោះរៀបរាប់ថា ក្នុងចំណោមទេសចរទាំងប្រាំបួននាក់មានរបួសធ្ងន់ចំនួនបួននាក់ត្រង់ ផ្នែកដៃនិងចង្កេះ។ «កន្លែងដែលឡើងហ្នឹងពីសង្កាត់ជ្រា ឃុំបោះក្រឡាញ់ ហ្នឹងទៅដែលបង្ហោះរាល់់ថ្ងៃ ដល់ពេលដែលឡើងហ្នឹងទៅ វាជួបប្រទះខ្យល់ហ្នឹង។ ខ្យល់មួយប្រាវហ្នឹងទៅ វាបក់បោក ក៏ធ្លាក់នៅភូមិតាច្រឹប ទៅប៉ះដើមត្នោត នៅភូមិអារក្សស្វាយហ្នឹង ក៏ធ្លាក់ទៅ។ របួសភ្លៀវហ្នឹង ទាំងអស់គឺ១០នាក់រួមទាំងតៃកុង។ មានជនជាតិរុស្សីបី អ៊ុយក្រែនពីរ ចិនពីរ ហ្វីលីពីនពីរ។ យើងសង្គ្រោះបានទាន់ពេលវេលា មិនមានគ្រោះថា្នក់អីទេ»។ការធ្លាក់នេះបន្ទាប់ពីបាល់ឡុងហោះឡើង បានរយៈកម្ពស់ប្រមាណជា ៣០០ម៉ែត្រ។ មន្ត្រីនគរបាលដដែលនិយាយថាបាល់ឡុងនោះត្រូវខូចខាតទាំងស្រុង។សាក្សីបានឃើញផ្ទាល់ភ្នែកនិយាយថាបាល់ឡុងនេះបានទង្គិចនឹង ដើមត្នោតហើយបានធ្វើឲ្យដើមត្នោតមួយដើមបាក់។«នៅពេលដែលយើងឃើញវាកំពុងហោះហ្នឹង មួយសន្ទុះមក យើងក៏ឃើញខ្យល់រួចវារេតាមខ្យល់ទៅរហូត វាចុះៗរហូតដល់ក្រោម។ ហួសអង្គរ-ឃ្យុងយូ ប្រហែលជាងបីបួនរយម៉ែត្រដែរ»។នៅក្នុងខេត្តសៀមរាបមានបាល់ឡុងហោះបញ្ជិះទេសចរចំនួនពីរគឺមួយ វិនិយោគដោយក្រុមហ៊ុនសុខាអូតែលរបស់លោកឧកញ៉ាសុខ គង់ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវចូលប្រាសាទអង្គរវត្ត និងមួយទៀតវិនិយោគដោយក្រុមហ៊ុនចិន។ បាល់ឡុងរបស់ក្រុមហ៊ុនចិនដែលអាចហោះផ្លាស់ទីបានដើម្បីទស្សនា ទិដ្ឋភាពក្រុងសៀមរាបពីលើ អាកាសគឺខុសពីបាល់ឡុងរបស់ក្រុមហ៊ុនសុខា អូតែលដែលគ្រាន់តែហោះឡើងលើត្រង់និងចុះ ក្រោមវិញតែប៉ុណ្ណោះ។លោកប៉ាត សំបូរ ប្រធានសហព័ន្ធសហជីពទេសចរណ៍ប្រចាំខេត្តសៀមរាបនិយាយថាបាល់ឡុងហោះ ដែលបម្លាស់ទីបាននេះធ្លាប់ធ្លាក់ច្រើនដងនាពេលកន្លងមកនៅតំបន់ជិត កន្លែងគ្រោះថ្នាក់កាលពីថ្ងៃអង្គារប៉ុន្តែមិនបានបណ្តាលឲ្យ គ្រោះថ្នាក់ដល់ជីវិតនោះទេ។ «ភាគច្រើនតែធ្លាក់នៅអង្គរ-ឃ្យុងយូនេះឯង។ ធ្លាក់ញឹកញាប់ដែរហ្នឹង។ ប៉ុន្តែនៅខាងកន្លែងខ្ញុំ មេខ្ញុំ គាត់មិនមិនណែនាំឲ្យភ្ញៀវជិះអីចឹងទេ។ គាត់ដាក់លក្ខខណ្ឌអីចឹង»។ប្រទេសកម្ពុជាទទួលបានកំណើនទេសចរបរទេសជាងបីលាននាក់កាលពី ឆ្នាំ២០១២ហើយខេត្តសៀមរាបដែលសំបូរដោយ ប្រាង្គប្រាសាទបុរាណបានស្រូបយក ទេសចរបរទេសយ៉ាងច្រើនលើសលប់។ ស្នងការនគរបាលខេត្តលោក សត ណាឌី និងលោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តមិនអាចទាក់ទងបានទេ នៅថ្ងៃនេះដោយសារតែទូរ ស័ព្ទរបស់អស់លោករោទិ៍ជាច្រើនដងប៉ុន្តែគ្មានអ្នកទទួល។
កាលពីខែកុម្ភៈបាល់ឡុងដែលប្រើឧស្ម័នដូចគ្នានេះបានផ្ទុះនិងធ្លាក់នៅទីក្រុងបុរាណមួយនៃប្រទេស អេហ្ស៊ីប និងបណ្តាលឲ្យទេសចរបរទេស ចំនួនប្រាំបួននាក់ស្លាប់៕