ហិង្សាលើអ្នកបឹងកក់

Friday, March 29, 2013





ការប៉ះទង្គិចដោយហិង្សាមួយបានកើតឡើងនៅក្បែរភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ រវាងប្រជាពលរដ្ឋនៅតំបន់បឹងកក់-បុរីកីឡា ប្រមាណ១០០នាក់ ជាមួយនឹងសមត្ថកិច្ចរបស់សាលាខណ្ឌដូនពេញ ដែលបានបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស។ ដំបូងឡើយ ក្រុមអ្នកតវ៉ាដីធ្លី បាននាំគ្នាប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ដើម្បីឲ្យតុលាការធ្វើការ ដោះលែងលោកស្រី យ៉ោម បុប្ជា ដែលត្រូវបានតុលាការសម្រេចឃុំខ្លួននៅគុកព្រៃសរកាលពី ពេលថ្មីៗនេះ។ បន្ទាប់ពីមានការតវ៉ា និងគ្មានអ្នកចេញមកសម្របសម្រួលនោះប្រជាពលរដ្ឋតំបន់បឹងកក់ បាននាំគ្នាដើរហែរ ក្បួនចេញមករកកិច្ចអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯភូមិគ្រឹះក្បែរវិមានឯករាជ្យ។ ក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការរារាំងមិនឲ្យ អ្នកតវ៉ាទាំងនោះទៅភូមិគ្រោះរបស់សម្តេចនោះទេ។ បន្ទាប់មកក៏មានការប៉ះទង្គិចគ្នារវាង សមត្ថកិច្ច និង ប្រជាពលរដ្ឋទាំងនោះ ហើយការរារាំងនេះបានធ្វើអោយប្រជាពលរដ្ឋបាន សម្រុកទំលុះរបាំងការពារសមត្ថកិច្ចជាច្រើនលើកច្រើនសារ ហើយក៏បានផ្ទុះហិង្សាបណ្តាលឲ្យរបួសទាំងសងខាង។ អ្នកតវ៉ាបានរងរបួសចំនួនបីនាក់ ដោយមានស្ត្រីចំណាស់ម្នាក់សន្លប់ ហើយក្នុងនោះក៏មានលោក លួស សុខន ប្តីរបស់អ្នកស្រី យ៉ោម បុប្ឆា ផងដែរ។ រីឯសមត្ថកិច្ចដែលជាកម្លាំងសន្តិសុខរបស់សាលាខណ្ឌដូនពេញ បានរងរបួសពីរនាក់ បើសេចក្តីរាយការណ៍ គឺដោយសាររងការវាយនឹងឃោសនសព្ទ ដោយមានម្នាក់បែកក្បាល និងម្នាក់ទៀតបែកក្តោងច្រមុះ។ ក្នុងព្រឹត្តការណ៍ នេះគេសង្កេតឃើញប្រជាពលរដ្ឋបឹងកក់ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចប្រមាណជា ២០០ នាក់ ចាប់បញ្ជូនឡើងរថយន្តរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោយមកត្រូវបានដោះលែងវិញ។ អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋតំបន់បឹងកក់ ភូមិ ២១ បានឲ្យអ្នកយកព័ត៌មានដឹងថា ពួកគាត់មកនេះដើម្បីសុំឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅសាលា រាជធានីភ្នំពេញចុះធ្វើការវាស់វែង និង កាត់ដីចំនួន ១២.៤៤ ហិកតា ដែលសម្តេចនាយករដ្ឋ មន្ត្រី បានកាត់ពីក្រុមហ៊ុន ស៊ូ កាកូអ៊ីន កាលពីពេលថ្មីៗនេះឲ្យមកប្រជាពលរដ្ឋបឹងកក់ ធ្វើការអភិវឌ្ឍន៏ដោយខ្លួនឯងនៅត្រង់ណាពិតប្រាកដ និង សុំអោយសម្តេចនាយករដ្ឋមន្ត្រីជួយ អន្តរាគមន៏ទៅតុលាការឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ជា។ អ្នកស្រី ទេព វន្នី បានបន្តថា៖ «មិនគួរណាសមត្ថកិច្ចដែលជាអ្នកមើលការខុសត្រូវលើប្រជា ពលរដ្ឋ និង ជាអ្នកច្បាប់នោះ បានប្រើហិង្សាមកលើប្រជាពលរដ្ឋ បាក់ដៃ បាក់ជើង បែបនេះទេ ព្រោះពួកគាត់ធ្វើការតវ៉ានេះដើម្បីផ្ទះសំបែងពួកគាត់តែប៉ុណ្ណោះ»។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋតំបន់បឹងកក់ដែលរងរបួស និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ឡេង ជីន (សន្លប់) លោកយាយ ង៉ែត ឃុន អាយុ និងអ្នកស្រី សួន ចន្ថា ហើយក្រោយមក ត្រូវបានសមត្ថកិច្ចធ្វើការដោះលែង។ ចំណែកឯជនរងគ្រោះ២ម្នាក់ទៀត ដែលជាសន្តិសុខរបស់សាលាខណ្ឌដូនពេញដែលមានឈ្មោះ ហោ យឿន និង ជា រតនា ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សមត្ថកិច្ចរបស់សាលាខណ្ឌដូនពេញបានបញ្ជាក់ថា ពួកគេនឹង ដាក់ពាក្យបណ្តឹងទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការជនដៃដល់ដែលបានវាយ សន្តិសុខឲ្យរងរបួស៕




ប្រភព​   ខ្មែរ សុវណ្ណភូមិ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook