-ក្រុមអង្គរក្សព្រមានអ្នកកាសែតមិន ឱ្យថតរូប
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ក្នុងទ្រង់ ទ្រាយបន្ដិចបន្ដួច នៅរង្វង់មូលទួលគោក កាលពីវេលាម៉ោងប្រហែល ៩យប់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៣ គឺកើតឡើងរវាង រថយន្ដស៊េរីទំនើប ដែលគេអះអាងថា ជា រថយន្ដម៉ាក ហ្ស៊ីប ពណ៌ស បានប៉ះជាមួយ រថយន្ដឡង់គ្រីស័រ ស្រាប់តែលោកជំទាវ ម្នាក់ ដែលគេមិនស្គាល់ឈ្មោះជិះ នៅក្នុង ហ្ស៊ីបនោះ បានបោះពាក្យសំដីឱ្យម្ចាស់ រថយន្ដឡង់គ្រីស័រ ធ្វើដូចដើមទាំងអស់ រួច ហើយជិះរថយន្ដមួយគ្រឿងផ្សេងទៀត ម៉ាក លុច្សស៊ីស ៥៧០ ចេញទៅ បាត់ទៅ ទុកតែក្រុមអង្គរក្ស នៅដោះស្រាយ ។
យោងតាមសេចក្ដីរាយការណ៍ ពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅ វេលាម៉ោងកើតហេតុខាងលើ មានរថយន្ដ ម៉ាកហ្ស៊ីប ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ រដ្ឋ ០៨-២-០៩១៣ ធ្វើដំណើរពីស្ដុបទួល គោក ដោយមានរថយន្ដស៊េរីទំនើប២-៣ គ្រឿងផ្សេងទៀត ម៉ាកលុច្សស៊ីស ៤៧០ និង ៥៧០ ធ្វើដំណើរពីមុខពីក្រោយអម រថយន្ដមួយនេះ ដែលគេឃើញថា មាន លោកជំទាវម្នាក់ ជិះនៅក្នុងរថយន្ដ ប៉ុន្ដែ មិនដឹងថា មានឈ្មោះអ្វីនោះទេ ។ សាក្សី បានបន្ដថា បន្ទាប់មកនៅពេលដែល រថយន្ដ ខាងលើនេះ ធ្វើដំណើរទៅដល់រង្វង់មូល ខណ្ឌទួលគោក គាប់ជួនមានរថយន្ដឡង់គ្រី ស័រ ១គ្រឿង បើកបរដោយបុរសម្នាក់ និង អមដំណើរដោយស្ដ្រីម្នាក់ និងក្មេងតូចម្នាក់ ទៀតនោះ កំពុងធ្វើដំណើរស្របទិសគ្នានៅ ខាងស្ដាំដៃ ។ ពេលនោះរថយន្ដដែលលោក ជំទាវជិះ បានបើកវ៉ាទៅមុន ក៏ប៉ះផ្នែកខាង មុខរបស់រថយន្ដ ឡង់គ្រីស័រតែម្ដង បណ្ដាល ឱ្យរងការខូចខាត មិនធ្ងន់ធ្ងរនោះឡើយ ។
យោងតាមសាក្សីបានបន្ដថា បន្ទាប់ពី មានគ្រោះថ្នាក់ចរាចរបន្ដិចបន្ដួចខាងលើ នេះ លោកជំទាវដែលជិះនៅក្នុងរថយន្ដ ស៊េរីទំនើបបានចុះពីលើរថយន្ដ ហើយ ប្រាប់ ម្ចាស់រថយន្ដឡង់គ្រីស័រនោះថា ធ្វើឱ្យដូច ដើម រួចហើយលោកជំទាវក៏បានជិះរថយន្ដ លុច្សស៊ីស ៥៧០មួយគ្រឿងទៀត ចេញពី កន្លែងកើតហេតុបាត់ទៅ ទុកឱ្យតែកូនចៅ និងអង្គរក្សរបស់ខ្លួនចរចា ជាមួយភាគីម្ខាង ទៀត ។
ជាមួយគ្នានេះ ក្រោយពីមានគ្រោះថ្នាក់ ចរាចរកើតឡើង អ្នកកាសែតក្នុងស្រុកមួយ ចំនួន បាននាំគ្នាជិះម៉ូតូចង់ដាច់ច្រវ៉ាក់ទៅ យកព័ត៌មាន និងថតរូបភាពនៅកន្លែង កើត ហេតុ ដោយសារតែដឹងថា រថយន្ដបង្កគ្រោះ ថ្នាក់ខាងលើ សុទ្ធតែរថយន្ដស៊េរីទំនើប ដូច្នេះ ច្បាស់ជាអ្នកជិះនៅក្នុងរថយន្ដនោះ ជាអ្នកមានមុខមាត់ និងបុណ្យ ស័ក្ដិជាក់ជា មិនខាន ។ ប៉ុន្ដែ ពេលទៅដល់កន្លែងកើត ហេតុ ក៏ចាប់ទាញយកកាម៉េរាថតទិដ្ឋភាព នៃគ្រោះថ្នាក់ចរាចរនេះ ប៉ុន្ដែ គ្រាន់តែចាប់ ផ្ដើមថតបានមួយប៉ុស្ដិ៍ ពីរប៉ុស្ដិ៍ ក៏ត្រូវក្រុម អង្គរក្ស របស់លោកជំទាវខាងលើមករារាំង ហើយនិយាយថា លោកឯងមានសិទ្ធិមក ថតអី ហើយមានការអនុញ្ញាតពីសាម៉ីខ្លួន ដែរឬអត់ ?
យ៉ាងណាក៏ដោយចំពោះការ ថតរូបទិដ្ឋភាពគ្រោះថ្នាក់ចរាចរខាងលើនេះ របស់អ្នកកាសែតមិនខុសនោះឡើយ ពី ព្រោះតែគ្រោះថ្នាក់ចរាចរនេះ បានកើត ឡើងនៅលើផ្លូវសាធារណៈ ដូច្នេះពុំមាន នរណាម្នាក់ មានសិទ្ធិហាមឃាត់នោះទេ ។ បន្ទាប់ពីក្រុមអង្គរក្ស មករារាំង និងមិន ឱ្យអ្នកកាសែតថតហើយមើលទៅ ទំនងចង់ សម្លុតគំរាមកំហែង មកលើអ្នកកាសែតផង នោះ ស្រាប់តែមន្ដ្រីនគរបាលចរាចរខណ្ឌ ទួលគោក ដែលចុះមកវាស់វែង និងអន្ដរា គមន៍ គ្រោះថ្នាក់ចរាចរ នេះបានប្រាប់ទៅ ក្រុមអង្គរក្សថា អនុរដ្ឋលេខាធិការក្រសួង យុត្ដិធម៌ម្នាក់ បានរត់ចោលស្រុកបាត់ហើយ ព្រោះតែបានវាយតប់ និងប្រើអំពើហិង្សា លើអ្នកកាសែតនោះ ។ យ៉ាងណាក៏ដោយពុំ មានព័ត៌មានច្បាស់ការណ៍ណាមួយ ពីសមត្ថ កិច្ចបញ្ជាក់អំពីអត្ដសញ្ញាណលោកជំទាវ នោះឡើយ ដោយឡែកសំណងយ៉ាងណា នោះ ក៏មិនទាន់ដឹងដែរ ខណៈដែលក្រោយ កើតហេតុភ្លាមៗ និងសុំឱ្យធ្វើរថយន្ដដូច ដើមពីសំណាក់លោកជំទាវនោះ ម្ចាស់ រថយន្ដឡង់គ្រីស័រ ក៏បាននិយាយតបទៅ វិញថា លោករង់ចាំឱ្យខាងក្រុមហ៊ុនធានា រ៉ាប់រង មកដោះស្រាយផងដែរ ៕
ដោយ ដើមអម្ពិល