សៀមរាប: អតីតមេធាវី ម៉ៅ តាន់អៀម ដែលជាប់ចោទពីបទទិញពេស្យាចារកុមារ ក្នុងដើមចមនាំក្មេងប្រុសចូលផ្ទះសំណាក់ នៅខេត្ដសៀមរាប ដើម្បីរួមភេទ ត្រូវបានក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំសំរេចព្យួរឈ្មោះមេធាវីជាប់ចោទរយៈពេលមួយឆ្នាំ។ ក្នុងករណីបើសិនមេធាវីរូបនោះ មានសាលក្រមស្ថាពរ រូបគាត់ប្រឈមនិងការបណ្ដេញចេញពីមេធាវីតែម្ដង។ អតីតមេធាវី ម៉ៅ តាន់អៀម ត្រូវបានប្រភពពីមន្ដ្រីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បង្ហើបប្រាប់ឱ្យដឹងថា ក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមសភាពចំនួន២៧រូប បានបើកកិច្ចប្រជុំកាលពីពេលថ្មីៗកន្លងមកនេះ ហើយបានសំរេចព្យួរឈ្មោះមេធាវីរូបនេះរយៈពេលមួយឆ្នាំ។ ក្នុងករណីបើសិនជាមេធាវីរូបនោះ ត្រូវបានចោទប្រកាន់ហើយ មានសាលក្រមស្ថាពរពីតុលាការ ក្នុងរឿងទិញពេស្យាចារកុមារនាពេលខាងមុខពិត ប្រាកដនោះរូបគាត់និងត្រូវបណ្ដេញចេញពីមេធាវីតែម្ដង។ មន្ដ្រីមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាននិយាយឱ្យដឹងទៀតថា កន្លងមកប្រធានគណៈមេធាវីបានចាត់តាំងឱ្យចុះស៊ើបអង្កេតស្រាវជ្រាវ រឿងមេធាវីឈ្មោះ ម៉ៅ តាន់អៀម នៅឯខេត្ដសៀមរាប។ ប៉ុន្ដែក្រោយពីស្រាវជ្រាវមេធាវីរូប នោះពិតជាជាប់ពាក់ព័ន្ធនិងទិញពេស្យាចារកុមារពិតប្រាកដមែន ដែលជាហេតុធ្វើឱ្យមន្ដ្រីគណៈមេធាវី បិទការស៊ើបអង្កេត ដើម្បីទុកឱ្យតុលាការធ្វើទៅតាមនីតិវិធីនៃច្បាប់។ សូមបញ្ជាក់ថា មេធាវីមួយរូបនោះ ត្រូវបានកំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន នៃស្នងការនគរបាលខេត្ដសៀមរាប ឃាត់ខ្លួនពីបទរួមភេទជាមួយក្មេងប្រុស អាយុក្រោម១៨ឆ្នាំ។ ក្រោយពីការឃាត់ខ្លួន មេធាវីរូបនោះ ត្រូវបានបញ្ជូនមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរទៅតាមនិតិវិធីច្បាប់។ ប្រភពព័ត៌មានពីសមត្ថកិច្ចបាននិយាយថា មេធាវីដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ៅ តាន់អៀម ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅទីក្រុងភ្នំពេញ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីចន្លោះពីម៉ោង២១ ទៅ២២យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះសំណាក់ ឌីអែនឌី បន្ទប់លេខ១៨។ ផ្ទះសំណាក់ខាងលើមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ដសៀមរាប៕
ប្រភពៈ CEN