ជនសង្ស័យ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេសង្ស័យថា ជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវបានសមត្ថកិច្ចចាប់ ខ្លួនកាលពីល្ងាចថ្ងៃទី៣០ មីនា ២០១៣ ក្នុងករណីដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងចម្ការស្វាយ មួយកន្លែង នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ជាមួយនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២០០គ្រាប់ត្រូវបាន រឹបអូស ។
មន្រ្តីការិយាល័យប្រឆាំងគ្រឿងញៀនប្រាប់ថា ជនសង្ស័យឈ្មោះឈុន ទ្រី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក តែមានប្រវត្តិធ្វើចំណាកស្រុកមកពីខេត្តកំពត។ មន្រ្តីដដែលថា ជននេះត្រូវកម្លាំងជំនាញស្រុកភ្នំព្រឹកឃាត់ខ្លួនក្នុងករណីដែលកំពុង ដោះដូរទំនិញ និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២០០គ្រាប់។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះឈុន ទ្រី បានសារភាពអំពីអ្វីដែលខ្លួនប្រព្រឹត្តផ្ទុយពីច្បាប់ហាមឃាត់។ ជននេះបានសារភាពថាខ្លួនគ្មានបក្ខពួកទេ គឺរកស៊ីរបរនេះតែម្នាក់ឯង ដោយទិញពីមនុស្សម្នាក់នៅក្នុងស្រុកភ្នំព្រឹកនេះ តែមិនប្រាប់អត្តសញ្ញាណនៃមេជួញដូរគ្រឿងញៀននោះទេ។ ឈុន ទ្រី បានទទួលស្គាល់នូវមេតំហ្វេតាមីនចំនួន២០០គ្រាប់នោះថា ជាថ្នាំញៀនរបស់ខ្លួនដែលអះអាងដូចជនសង្ស័យដទៃៗទៀតដែរថា នេះជាលើកទី១ ដែលខ្លួនបានកាន់ថ្នាំញៀនលក់បន្តទៅឲ្យមនុស្សដទៃ ដែលជាអតិថិជនរបស់ខ្លួន៕
ប្រភពៈ កោះសន្តិភាព