រាជធានីភ្នំពេញ ៖ បក្សពួកក្រុមចាប់ជំរិតមនុស្ស អតីតក្រុមអារ៉ាស្មាច់ និងជាបក្សពួកផលិត និងជួញដូរគ្រឿងញៀនរបស់ក្រុមមេខ្លោងឡាំ សុខខេង ដែលមានឈ្មោះឡាំ គីមលាងហៅ ឡាយ សេង ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកង រាជអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវចាប់ខ្លួនបានកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ៣០ មីនា នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក គង់ សត្ថារិន នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបញ្ជាក់ថា ឈ្មោះឡាំ គីមលាង ហៅ ឡាយ សេងនេះ បានរត់គេចខ្លួនអស់រយៈពេល១១ឆ្នាំហើយ ។ ពួកនេះមានបក្សពួកចាប់ជំរិតមនុស្សយកប្រាក់ចំនួន៥នាក់ ដែល៤នាក់ ត្រូវចាប់ខ្លួនបាននៅឆ្នាំ១៩៩៨-១៩៩៩ រួមមាន ១-ឈ្មោះឈឿន សារី ភេទប្រុស ២-ឈ្មោះហ៊ូ សំណាង ហៅព្រីង ភេទប្រុស៣-ឈ្មោះហ៊ូ ពៅ ភេទប្រុស ៤-ឈ្មោះអ៊ូ ពេជ្រ ភេទប្រុស ។ ចំណែកមានបក្សពួកផលិត និងជួញដូរគ្រឿងញៀនដែលចាប់ខ្លួនបានមានឈ្មោះឡាំ សុខខេង ភេទប្រុស អាយុ៣៨ឆ្នាំ ចាប់ខ្លួននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឈ្មោះម៉ៅ សុគុណ ហៅជ្រូក ភេទប្រុស អាយុ៣៦ឆ្នាំ ចាប់ខ្លួនបាននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៧ ឈ្មោះគឹម ហាន ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះញឺម សំបូរ ហៅហ៊ីម ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៧ និងឈ្មោះគ្រុយ សេងឡេង ភេទប្រុស អាយុ៥៤ឆ្នាំ ចាប់ខ្លួនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៨ ។
លោកវរសេនីយ៍ឯក គង់ សត្ថារិនបានបញ្ជាក់ថា ពួកឧក្រិដ្ឋជនចាប់ជំរិតខាងលើ គឺជាសមាជិកក្រុមឧក្រិដ្ឋជនស្ថិតនៅក្នុងក្រុមរបស់ឈ្មោះសោម ណារ៉ា ហៅអារ៉ាស្មាច់ ជាមេខ្លោងធំល្បីឈ្មោះខាងចាប់ជំរិតនៅក្នុងឆ្នាំ១៩៩៨-១៩៩៩ ដែលត្រូវបានកម្លាំងសមត្ថកិច្ចបង្រ្កាបកន្លងមក ។ លុះដល់ឆ្នាំ២០០៧ ឈ្មោះឡាំ គីមលាងហៅ ឡាយសេងនេះក៏បានទៅរកស៊ីផលិតនិងជួញដូរគ្រឿងញៀនជាមួយ មេខ្លោងឈ្មោះឡាំ សុខខេង (ត្រូវជាក្មួយរបស់ឈ្មោះឡាំ គីមលាង)ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន ហើយដកហូតវត្ថុតាងពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនជាច្រើន ជាពិសេសម៉ាស៊ីនផលិតគ្រឿងញៀន ។ តាមការវាយតម្លៃរបស់មន្រ្តីនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃបញ្ជាក់ថា ម៉ាស៊ីននេះផលិតថ្នាំញៀនក្នុងមួយម៉ោងបានជាងមួយម៉ឺនគ្រាប់ ។
លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញបទបញ្ជា ដល់ស្នងការស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើយ៉ាងណាស្រាវជ្រាវរុករកតាមវិធីណាក៏ដោយចាប់ឲ្យខាងតែ បានក្រុមឧក្រិដ្ឋជនចាប់ជំរិតមនុស្សទារប្រាក់ និងបក្សពួកផលិត និងជួញដូរគ្រឿងញៀន មុខសញ្ញា ដែលរត់គេចខ្លួននៅសេសសល់ ។ លុះនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានចាប់ខ្លួនឈ្មោះឡាំ គីមលាងហៅឡាយ សេង នេះបន្ថែមទៀត ។
លោកឧត្ដមសេនីយ៍ត្រីមានប្រសាសន៍បន្តថា ក្រោយពីការបង្ក្រាបបទល្មើសជាក់ស្ដែងធំៗ កន្លងមក សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនដែលបោះបង់ចោលការ បង្ក្រាបក្រុមឧក្រិដ្ឋជនដែលនៅសេសសល់ឡើយ ។ ជាក់ស្ដែងឧក្រិដ្ឋជន ឡាំ គីមលាង ហៅឡាយ សេង ទោះបីជាខិតខំរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏កម្លាំងសមត្ថកិច្ចជំនាញនៅតែស្រាវជ្រាវតាមចាប់យកមកឲ្យ ទទួលទោសតាមច្បាប់ដូចពាក្យចាស់ពោលថា «ជង់មិនដែលភ្លេចកុកមាន តែកុកទេដែលភ្លេចជង់ ៕
ប្រភពៈ កោះសន្តិភាព