ខេត្តកំពត ៖ មនុស្ស២នាក់បានស្លាប់ភ្លាម នៅនឹងកន្លែងក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី៣១ មីនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិកំពូលមាស ឃុំប្ញស្សីស្រុកខាងលិច ស្រុក កំពង់ត្រាច ។
ប៉ូលិសស្រុកកំពង់ត្រាចបាននិយាយថា មុនកើតហេតុគេឃើញមនុស្ស២នាក់បានជិះម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ ឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូងដើម្បីចូលរួមពិធីមង្គលការ ខណៈមកដល់ចំណុចកើតហេតុមានរថយន្តកូរ៉េចំណុះ៤តោន ដែលនៅក្បាលឡានដាក់ថា ការដ្ឋានស្រោចកៅស៊ូជារថយន្តរបស់ក្រុមហ៊ុនឯកជនមួយកំពង់ ស្ថាបនាផ្លូវជាតិលេខ៣៣នេះ បើកក្នុងទិសដៅ ស្របគ្នាជាមួយម៉ូតូ ហើយបានបុកម៉ូតូពីក្រោយពេញកំហឹងតែម្តង បណ្តាលឱ្យជនរងគ្រោះខ្ទាតចេញពីម៉ូតូស្លាប់ភ្លាមមួយរំពេច ។
ជនរងគ្រោះបើកម៉ូតូឈ្មោះលី វ៉ាន់ថា អាយុ៣២ឆ្នាំ ជាជាងម៉ូតូនៅទល់មុខខ្លោងទ្វារវត្តដំបងដែក ស្ថិតនៅក្នុងភូមិកំពូលមាស រីឯអ្នករួមដំណើរជិះពីក្រោយឈ្មោះថុង ញាញ់ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិកើតហេតុ ៕
ប្រភពៈ កោះសន្តិភាព