បាឡុងហោះ ចុះដោយបង្ខំ បង្ករការភ័យខ្លាច និងមានរបួស ដល់ភ្ញៀវទេសចរ ខណ:ដែលមានភ្លៀង លាយខ្យល់

Wednesday, March 27, 2013

សៀមរាប : នៅប៉ុន្មានថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសេចក្ដីប្រកាសជូន
ដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ព្រោះនៅចុងខែមីនា ឆ្នាំ ២០១៣នេះ ព្រះរាជាណាចក្រ
កម្ពុជា បាន និងកំពុងទទួលរង នូវឥទ្ធិពលកម្រិតសម្ពាធទាប (Low Pressure Gradient) ចាប់
ពីផ្ទៃដី រហូតដល់រយៈកម្ពស់ ៦០០ម៉ែត្រ ។ ប៉ុន្តែចាប់ពី កម្ពស់ ៦០០ ម៉ែត្រ រហូតដល់រយៈកម្ពស់
៥.៥០០ម៉ែត្រ បាន និងកំពុងទទួលរង ឥទ្ធិពលកម្រិតសម្ពាធខ្ពស់ (High Pressure Gradient)
វិញ ។
ក្នុងនោះខេត្តសៀមរាប ក៏ត្រូវទទួលរង នូវឥទ្ធិពលនេះផងដែរ ដែលតម្រូវឲ្យមានការប្រុង ប្រយ័ត្ន
ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី២៦ ខែមីនា មានខ្យល់បក់បោក ក្នុងរយ:ពេលខ្លី និងនៅតំបន់ មួយ
ចំនួនទៀត ក្នុងខេត្តសៀមរាប បានទទួលរង ឥទ្ធិពលភ្លៀងធ្លាក់លាយ ខ្យល់ បក់បោក ផងដែរ ។
ដែលក្នុងនោះ បណ្ដាលឲ្យបាឡុងហោះបង្ហោះចល័តដើរដោយចំហេះឧស្ម័ន និងខ្យល់មួយ ដែល
នៅលើបាឡុងហោះនោះ មានសរសេរ អក្សរ Cambodia Angkor បានបង្ខំចុះ ខណ:ដែលកំពុង
មានខ្យល់បក់បោកខ្លាំងនោះ ហើយបណ្ដាលឲ្យភ្ញៀវដែល កំពុងជិះ មានការភ័យរន្ធត់ និងអ្នកខ្លះ
បានរង របួសឆ្អល់ធំផងដែរ ។
ខណ:ដែលស្រ្ដីបម្រើការងារ នៅក្រុមហ៊ុនបាឡុងហោះ ហាក់មានការលាក់លៀមព័ត៌មាន គ្រាន់
តែនិយាយថា គឺបាឡុងនោះមិនធ្លាក់ទេ គឺ ចុះចតនៅពេលមាន ខ្យល់បក់ ហើយនៅពេលដែល
អ្នកយកព័ត៌មាន បានហៅទូរស័ព្ទជាថ្មី ដើម្បីសួរនាំអំពីថា តើ មានបង្កររបួស ស្នាម និងការភ័យ
ខ្លាច ដល់ភ្ញៀវដែរ ឬយ៉ាងណានោះ គឺមិនបានទទួលទូរស័ព្ទនោះទេ ដួច្នេះយើងមិនអាចទទួល
បានព័ត៌មានជាក់លាក់ឡើយ។
បើតាមប្រភព ពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅរសៀលម៉ោងប្រមាណ ៤ មាន បា-
ឡុងហោះមួយ បានបង្ខំចុះ ពេលដែលមានខ្យល់បក់បោកខ្លាំង នៅក្រុងសៀមរាប។ បាឡុង
នោះ មានផ្ទុកភ្ញៀវទេសចរ ៧ នាក់ ហើយបាឡុងនោះ ទំនងជាហោះក្នុងរយ:កម្ពស់ ៣០០
ម៉ែត្រ មុនពេលព្រឹត្តិការណ៍ ចុះចតដោយ បង្ខំនោះកើតឡើង។
បើតាមប្រភពមួយទៀត បានឲ្យដឹងថា ការហោះហើរនោះ ហាក់ស្ថិតក្នុងសភាពទ័លច្រក
បន្តិចទៅហើយ នៅពេលមានខ្យល់បក់បោកខ្លះ តែអ្នកបញ្ជា បាឡុងនោះ ហាក់មានស្មារតី
រឹងប៉ឹងគ្រាន់បើ ទើបគាត់មានលទ្ធភាព បញ្ជាបាឡុងឲ្យចុះចតបានសុវត្ថិភាព ដោយបង្ខំនេះ
ស្របពេល ដែលបាឡុងនោះ មានការខូច រយះរហែកខ្លះ ។ ឧបទ្ទវហេតុនោះ បណ្ដាលឲ្យ
ភ្ញៀវជនជាតិហ្វីលីពីន ៥នាក់ រងរបួស ក្នុងនោះរងរបួសធ្ងន់ ៤នាក់ និងមានការភ័យខ្លាចផង
ដែរ ។
ប្រភពបានបន្ដថា អ្វីដែលគួរឲ្យហួសចិត្ត ក្នុងហេតុការណ៍នោះផងដែរ គឺ អ្នករៀបចំការហោះ
ហើរ នៅតែបង្ខំទារប្រាក់ឈ្នួលថ្លៃជិះពីភ្ញៀវ ។
សូមរំលឹកបន្តិចថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅ នៅប្រទេសអេស៊ីប នៃទីក្រុងបុរាណ
លូស្វ័រ មានគ្រោះថ្នាក់ផ្ទុះ ឆេះ ធ្លាក់បាឡុងហោះផងដែរ ដែលបណ្ដាលឲ្យ ភ្ញៀវទេសចរ
បរទេស ១៩ បានស្លាប់ នេះបើតាមប្រភពព័ត៌មានអន្តរជាតិនានា ដែលបានផ្សព្វផ្សាយ
កន្លងទៅ  ។
បើតាមប្រភពព័ត៌មាន ពីមន្ត្រីម្នាក់  (សុំមិនបញ្ចេញឈ្មោះ) បានផ្ដល់ព័ត៌មាន ដោយភាពរអែង
ចិត្តថា បាឡុងនោះ បានធ្លាក់ពិតមែន ហើយមានអ្នកជិះសរុប ចំនួន ៩នាក់ កំពុងជិះបាឡុង
នោះ ពួកគាត់បានទទួលរងរបួសស្រាល ក្នុងនោះ មានម្នាក់របួសធ្ងន់ ហើយពួកគាត់ មានការ
ភ័យខ្លាចជាខ្លាំងផងដែរ ។  
ចំពោះ បាឡុង Balloon Angkor របស់ក្រុមហ៊ុន សុខា ដែលមានទីតាំង នៅភូមិត្រពាំងសេះ
សង្កាត់គោកចក ដែលនៅខាងមុខអង្គរ (ដែលមានគេច្រឡំថា ធ្លាក់នោះ) មានស្រ្តីម្នាក់ដែល
បម្រើការ នៅទីនោះបានឲ្យដឹងថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះខាងក្រុមហ៊ុនមានភាពប្រយ័ត្ន
ប្រយែងណាស់ គឺមិនមានការបង្ហោះបាឡុងនោះទេ ម្យ៉ាងយើងកំពុងមានការ ជួសជុល និង
ដំណើការវិញ នៅចុងខែមេសា ខាងមុខនេះ ដោយយើងកំពុងបង្កើនសមត្ថ ភាពបច្ចេកទេស។
យើងមានការប្រុង ប្រយ័ត្នខ្ពស់ណាស់ ពិសេសនៅពេលអាកាសធាតុ មិនប្រក្រតី ព្រោះយើង
ត្រូវគិតពី សុវត្ថិភាពរបស់ភ្ញៀវជាចម្បង ហើយដោយយោងទៅ តាមសេចក្ដីជូនដំណឹង ស្តីពី
ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការហោះហើរ របស់
បាឡុងនេះ មានកម្ពស់ខ្ពស់បំផុត គឺ ១៨០ ម៉ែត្រ តែធម្មតា គឺ បង្ហោះក្នុងរយ:កម្ពស់ ពី ១២០
ទៅ ១៥០ម៉ែត្រ ព្រោះអាកាសធាតុពេលខ្លះ មិនអំណោយ ផលទេ គឺនៅផ្ទាល់ដីធម្មតា តែ
កម្ពស់ ៥០ ឡើង មិនប្រក្រតីនោះទេ ទាល់តែអ្នកបញ្ជា បាឡុងទើបដឹង ព្រោះគាត់មានឧប-
ករណ៍ និងបច្ចេកទេសខ្ពស់ សម្រាប់សុវត្ថិភាព នៃការ បង្ហោះបាឡុង ។
ស្របថ្ងៃដដែលនេះ មានភ្លៀងលាយខ្យល់ព្យុះ ធ្វើឲ្យដួលរលំផ្ទះ ប្រជាពលរដ្ឋជាង៤១ខ្នងនៅ
៤ ឃុំ ក្នុងស្រុកជីក្រែង ក្នុងនោះផ្ទះរលំ ១៨ ខ្នង និងប៉ើងដំបូល ២៣ ខ្នង ក្រៅពីនោះ នៅសៀម
រាប ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏មានខ្យល់បក់បោក ភ្លៀងធ្លាក់កក់ខែ បណ្ដាល ឲ្យមានផ្ទះដួល
រលំ និងខូចខាតដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងមានការរងរបួសខ្លះៗ ផងដែរ ។
ចំពោះករណី ភ្លៀងកក់ខែមួយមេយ៉ាងធំ ដែលមានខ្យល់បក់បោកនោះ បានកើតទ្បើងកាលពី
ម៉ោងប្រមាណ ៣ និង ៤៥នាទីល្ងាច ថ្ងៃទី២៦ ខែមីនា នេះ ស្ថិតនៅក្នុង ឃុំ៤ ក្នុងស្រុកជីក្រែង
ខេត្តសៀមរាប ។
បើតាមសេចក្តីរាយការណ៍ របស់លោកវរសេនីយ៍ត្រី តូច សាកល អធិការស្រុកជីក្រែង បានឲ្យ
ដឹងថា នៅម៉ោងប្រមាណជាង ៣ ល្ងាច មានភ្លៀងកក់ខែមួយមេយ៉ាងធំ នៅក្នុងឃុំ អន្លង់សំណរ
ឃុំស្ពានត្នោត ឃុំគោកធ្លកក្រោម និងឃុំកំពង់ក្តី ឃុំជីក្រែង ក្នុងស្រុកជីក្រែង បណ្តាលឲ្យដួលរលំ
ផ្ទះអស់ចំនួន ២១ ខ្នង និងប៉ើងដំបូលផ្ទះ អស់ចំនួន ២០ ខ្នង ព្រមទាំងរងរបួសក្មេងស្រីម្នាក់ ៕


 ប្រភពៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook