យុវជន​ខ្មែរ​បង្កើត​វីដេអូហ្គេមដំបូង​លើ Windows Store

Friday, March 29, 2013

យុវវ័យ​ខ្មែរ​ ៣ នាក់​​ បាន​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​ហ្គេម​សម្រាប់ Tablet និង PC ដែល​ដំណើរការ​លើ Window 8 មួយ​ បាន​ដោយ​ជោគជ័យ។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ Windows Store មាន​វីដេអូ​ហ្គេម ​របស់​ស្នាដៃ​យុវវ័យ​ប្រទេស​កម្ពុជា។ ហ្គេម​នោះ​មាន​ឈ្មោះ​ថា Hungry ObOb។
 
អ្វី ​ដែល​គួរ​ឲ្យ​សរសើរ​នោះ ស្ថិត​នៅ​ក្នុង​វ័យ​មិន​ដល់​ ២០ ឆ្នាំ​ផង យុវជន ឈួម វិសាល ជា Developer ដ៏​ឆ្នើម​ និង​ដែល​ចូលរួម​បង្កើត​ហ្គេម​មួយ​នេះ​​បាន​ប្រាប់ Sabay ថា៖ “នេះ​ជា​ស្នាដៃ​ថ្មីមួយ​របស់​ក្រុម​ពួក​ខ្ញុំ សម្រាប់​ Develope ហ្គេម​​នេះ​ឡើង។ ដោយ​ទាមទារ​ការស្រាវជ្រាវ និង​​សិក្សា​បន្ថែម  Hungry ObOb ចេញ​ត្រឹម Preview លើក​ទី ១ សិនតែ​ប៉ុណ្ណោះ”។
និស្សិត ​ឆ្នាំ​ទី ១ នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ ខេត្តសៀមរាប​រូប​នេះ បាន​បន្ត​ថា ការ​សរសេរ​កូដ​ក្នុង​ហ្គេម​នេះ​​ រូប​គេបាន​ជ្រើស​រើស​យក HTML5 និង JS មក​សរសេរ​លើ Visual Studio 2012 ( On Windows 8)។ ” សរសេរ​ Level ដំបូង​ខ្ញុំ​ដូច​ជា​ពិបាក​ច្រើន តែ​បន្ទាប់​ពី​សរសេរ​បាន ១ Level រួច​មក ​សម្រាប់ Level បន្ទាប់​ដូច​ជា​មិន​សូវ​ពិបាក​ទេ ”។ វិសាល បញ្ជាក់​បន្ថែម។
វិសាល បន្ត​ថា៖  “បច្ចេកទេស​នៃ​ការសរសេរ​កូដ និង​បច្ចេកទេស​ដទៃ​ទៀត ពួក​ខ្ញុំ​បាន​ខិតខំ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង និង​​មាន​ចំណុច​មួយ​ចំនួន​ពួក​ខ្ញុំ​យក​គំនិត​គេ​ទៅ​ពិចារណា បន្ទាប់​បង្កើត​ចេញ​​គំនិត​ថ្មី​មួយមាន​លក្ខណៈ​ប្លែក ហើយ​អាច​ទទួល​យក​បាន”។

ហ្គេម Hungry ObOb សម្រាប់​ Win-8
កាន់ ​តួនាទី​ជា​អ្នក​ធ្វើ​ Animation និង​បង្កើត​ជា Interface ក្នុង​ហ្គេម Hungry ObOb លោក ឈួម រតនា បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​ពូក​គេ​ចង់​បង្កើត​ហ្គេម​នេះ គឺ​ដោយ​សារ​តែ​គំនិត​ចង់​បង្ហាញ​សមត្ថភាព​ និង​បច្ចេកវិទ្យា​ថ្មី​ដែល​យុវវ័យ​ខ្មែរ​អាច​ធ្វើ​បាន។
Hungry ObOb ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ដើម​ឆ្នាំ ២០១៣ មក​ម្លេះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ហ្គេម​មួយ​នេះ​បាន​ដាក់​រូប​ភាព​ផ្សេងៗ​មាន​ដូច​ជា​ប្រាសាទ​បុរាណ​ខ្មែរ​ និង​ទេសភាព​​​ប្រទេស​ខ្មែរ​មួយ​ចំនួន​ទៀត។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​ព័ត៌មាន​វិទ្យា​ នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ ខេត្ត​សៀមរាប​ដដែល​នេះ​​បាន​បញ្ជាក់​ថា៖ “ក្រុម​ពួក​គេ​ផ្ទាល់​​ព្យាយាម​បង្ហាញ​ពី​វប្បធម៌​ខ្មែរ តាម​រយៈ​បច្ចេកវិទ្យា​សម័យ​ថ្មី ថា​ Hungry ObOb ជា​របស់​ខ្មែរ”។
លោក បន្ត​ថា នា​ពេល​ដ៏ខ្លី​​ខាង​មុខ​នេះ Hungry ObOb នឹង​បង្ហាញ​វត្តមាន​លើ Windows Store ហើយ ខណៈ​ពេល​នេះ​ពួក​យើង​កំពុង​តែ​រៀប​ឯកសារ​មួយ​ចំនួន ដើម្បី​ដាក់​សំណើរ​ទៅ Microsoft ក្នុង​ការ​ដាក់ Hungry ObOb លើ Windows Store។
ងាក​មក​រក​កញ្ញា សម្បុរ​ស្រអែម រឿន ម៉ាលីស ជា​អ្នក​រចនា​រូបភាព​ក្នុង​ហ្គេម​នេះ ឈរ​ញញឹម​ញញែម​បញ្ចេញ​ថ្ពាល់​ខួច​ ហើយ​បញ្ចេញ​វាចា​ប្រាប់ Sabay ថា៖ “ការ​រចនា​រូប​ភាព ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ ព្រោះ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​សម​ស្រប​ទៅ​តាម​ទំហំ​អេក្រង់​នៃ Device ដែល​ប្រើ Windows 8។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​ខ្ញុំ​សប្បាយ​រីករាយ​នឹង​លទ្ធផល​សម្រេច​នៃ​ហ្គេម​មួយ​នេះ”។
កញ្ញា រឿន ម៉ាលីស ជា​អ្នក​រចនា​រូបភាព​ក្នុង​ហ្គេម​
អបអរ ​សាទរ​នឹង​លទ្ធផល​នៃ​យុវវ័យ​ទាំង ៣ ខាង​លើ​នេះ លោក ពិសិដ្ឋ តំណាង​មក​ពី​ Microsoft ប្រចាំ​កម្ពុជា បាន​នាំ​យក​ប្រាក់​ឧបត្ថម្ភ​ពី Microsoft សម្រាប់ Project ក្រុម​ផលិត​ហ្គេម​មួយ​នេះ ​ជា​ទឹក​ប្រាក់​ចំនួន ២០០ ដុល្លារ ព្រម​ទាំង​​ទូរសព្ទ Lumia 620 មួយ​គ្រឿង​ពី Microsoft ជា​ការ​លើក​ទឹក​ចិត្ត​ពី​ការ​ខំ​ប្រឹងប្រែង​របស់​ពួកគេ៕
មាន​មតិ​អ្វី ទេ សម្រាប់​ស្នាដៃ​របស់​និស្សិត​វ័យ​ក្មេង​ទាំង​នេះ?



ប្រភពៈ សប្បាយ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook