កុល ដាវី ច្រាន​ចោល​ដំណឹង​ស្នេហ៍​សុខ រក្សា

Saturday, March 30, 2013

 
មុន​នេះ​មាន​ព័ត៌មាន​ថា តារា​សិច​ស៊ី ដើម​ទ្រូង​ធំ កុល ដាវី មាន​ស្នេហា​ជាមួយ​លោក​ថៅកែ​កូរ៉េ ហើយ​បុរស​តាម​នាង​ស្អិត​ដូច​តុកកែ​នោះ បាន​ប្រចណ្ឌ​ដាវី ជាខ្លាំង។ ប៉ុន្តែ ថ្មីៗ​នេះ ស្រាប់​តែ​មាន​ដំណឹង​លេច​ឮ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ថា កុល ដាវី កំពុង​សាង​ស្នេហ៍​យ៉ាង​សម្ងាត់ ជាមួយ​តារាចម្រៀង​សាន់ដេ លោក​សុខ រក្សា ទៅ​វិញ។ កុល ដាវី និង​សុខ រក្សា បាន​ចេញ​មុខ​បក​ស្រាយ​រួម​គ្នា ដោយ​អ្នក​ទាំង​២ បាន​បដិសេធ​ដំណឹង​ស្នេហ៍​នេះ...។
ព័ត៌មានដែលកំពុងតែល្បីសុស​សាយ​ពេញចង្កោមអ្នកសិល្បៈ និង​មជ្ឈដ្ឋានទូទៅនោះ គឺធ្លាយរឿងថា កុល ដាវី តារាស្រីសិចស៊ី ដើមទ្រូង ទ្រលុកទ្រលន់ កំពុងមាន​ទំនាក់​ទំនងស្នេហា​យ៉ាងសម្ងាត់ ជាមួយ​អតីតតារាចម្រៀងហង្សមាស និង​បច្ចុប្បន្ន ជាតារាសាន់ដេ លោកសុខ រក្សា។
តាមប្រភពបានទម្លាយឱ្យដឹងថា ទំនាក់ទំនងស្នេហាកុល ដាវី និងសុខ រក្សា បានឡើងកម្តៅគគុក បន្ទាប់ពីតារា១គូនេះ វិលត្រឡប់មកពីសម្តែង នៅប្រទេសកាណាដា រងើក​ស្នេហ៍ចាប់ផ្តើមឆាបឆេះឡើង ដោយ តារាទាំង២ ស្រលាញ់ និងប្រចណ្ឌ គ្នាខ្លាំងណាស់ ដែលនៅក្នុង សិល្បៈ នរណាក៏ដឹងគ្រប់ៗគ្នាដែរ។
កុល ដាវី ហាក់ដូចជាមាន​ការភ័យខ្លាចក្នុងការលាតត្រដាង ស្នេហាថ្មីនេះ ដោយលើកហេតុផលថា ខ្លាចអ្នកដែលតាមស្រលាញ់ នាងដែរ គេអន់ចិត្ត។
ដាវី បាននិយាយប្រាប់​កាលពីថ្ងៃទី១៨ មីនា ថា “និយាយទៅ ខ្ញុំក៏ឆ្ងល់ដែរបង! ហេតុអីមួយរយៈហ្នឹង គេនាំគ្នានិយាយតែខ្ញុំជាមួយគាត់ ហើយបើនៅតែអ៊ីចឹង ខ្ញុំប្រេះទ្រូង​ងាប់​ហើយ​។ តាមពិត ខ្ញុំបានស្គាល់បងរក្សា តាំងពីនៅតូចៗ គាត់ស្រាតខោ សក់ក្រញាញ់ ព្រោះតែផ្ទះនៅទល់មុខគ្នា ឯខេត្តបាត់ដំបង គ្រាន់តែពេលពួកយើង ចូលសិល្បៈ ពី​មុន​មិនសូវបានស្និទ្ធស្នាលគ្នាទេ ទើបតែបានទៅសម្តែង នៅប្រទេសកាណាដា ហ្នឹង រាងជិតស្និទ្ធគ្នាជាងមុន”។
ដាវី បញ្ជាក់ថា “ឥឡូវខ្ញុំពិបាកណាស់ ដល់ពេលគេម៉ៃថា យើង មានស្នេហាអីជាមួយគ្នាហ្នឹង ហើយការនិយាយបែបនេះ ធ្វើឱ្យប៉ះពាល់អ្នកដែលស្រលាញ់ខ្ញុំដែរ អ៊ីចឹងខ្ញុំចង់​ប្រាប់​ថា រវាងខ្ញុំ និង បងរក្សា គ្រាន់តែជាអ្នកជិតដិតរាប់អានគ្នាតែប៉ុណ្ណឹង”។
ដោយឡែក សុខ រក្សា បានច្រឡោតខឹង នៅពេលត្រូវសាកសួរ ពីរឿងនេះ ហើយតារាសាន់ដេ រូបនេះ បាននិយាយដោយលឿន និងសំឡេងហាក់មិនសប្បាយចិត្តថា “ពី​ណា​មកនិយាយអី ផ្តេសផ្តាសអ៊ីចឹង! ខ្ញុំចង់តែរកមុខអ្នកនិយាយហ្នឹងតើ! ឥឡូវខ្ញុំចង់ប្រាប់ថា កាលទៅកាណាដា ហ្នុង មិនមែនតែ ២នាក់ឯណា មាន ម្ចាស់Sponsor ក៏នៅហ្នុងដែរ”។
រក្សា បានបន្តថា “ខ្ញុំនិងអាវី មិនអាចទៅជាស្នេហាអីទេ ហើយចុះម៉េចបានជាអាវី គេបណ្តើរបុរសៗជាច្រើនក្នុងសិល្បៈ ម៉េចក៏មិនសង្ស័យផង មកម៉ៃតែខ្ញុំម្នាក់ឯង?”។
ចំណែកប្រភពមួយទៀតថា ពេលនេះ កុល ដាវី និងសុខ រក្សា កំពុងត្រៀមស្ពាយបង្វេចទៅច្រៀងនៅអាមេរិក រួមគ្នា នៅខែមេសា នេះ ហើយពួកគេបានចូលធ្វើតេស្ត​នៅ​ស្ថាន​ទូតអាមេរិក កាលពីថ្ងៃទី ២០ មីនា ដោយប្រភពនោះ ថា ដោយសារតែស្រសាញ់គ្នាខ្លាំងពេក ទើបទាំងកុល ដាវី និងសុខ រក្សា តាំងចិត្តថា បើមានម្នាក់សម្ភាសន៍ធ្លាក់ ពួក​គេមិនទៅទាំង២ តែម្តង។
កុល ដាវី បាននិយាយថា អ្នកនិយាយនោះ ជាអ្នកច្រណែន ឈ្នានីសនាង ម៉្យាងចង់ឱ្យនាងបែកពីអ្នកកំពុងស្រលាញ់ ទើបផ្គូផ្គងជាមួយសុខ រក្សា។
កុល ដាវី ប្រាប់ថា “ទោះ​ជាខ្ញុំធ្លាក់ ក៏បងរក្សា ទៅហើយ ទោះជាបងរក្សា ធ្លាក់ ក៏ខ្ញុំទៅ អត់មានបញ្ហាអីដូចគេថាទេ”។
ដោយឡែក សុខ រក្សា បានតាំងចិត្តថា “ខ្ញុំទៅច្រៀងនៅបរទេស ដើម្បីរកលុយទិញផ្ទះ ឬឡានជិះ មិនទៅខ្វល់រឿងទៅទាំងគូ ឬ មិនគូទេ ព្រោះក្រៅពីកុល ដាវី ក៏មានអ្នក​នាង​អឿន ស្រីមុំ លោក ខាត់ ចំរើន ទៅដែរ។ ការលេចឮថា ខ្ញុំនិងអាវី ទាក់ទងគ្នាហ្នឹង ខ្ញុំភ័យណាស់ ព្រោះអត់ដឹងថា អាវី មានអ្នកណាស្រលាញ់ខ្លះ ហើយខ្ញុំនៅផ្លូវភ្លឺ គេ​នៅ​ផ្លូវ​ងងឹត” ៕



ប្រភពៈ អង្គរធំមេឌែ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook