សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​សៀម​រាប​រត់​គេច​ខ្លួន​ទៅ​ស្រុក​ថៃ​បាន​5​ខែ​អស់​លក្ខណ៍​

Wednesday, March 27, 2013


ខេត្ត​កោះកុង ៖​ កាល​ពី​ថ្ងៃ​ទី​២៥ មីនា​ កម្លាំង​ការិយា​ល័យ​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ខេត្ត​ បាន​សហការ​ជា​មួយ​សមត្ថ​កិច្ច​នគរ​បាល​ថៃ​ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​លុន វែង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ តាម​រយៈ​ការ​ផ្តល់​អត្តសញ្ញាណ​ និង​រូប​ថត​ជន​សង្ស័យ​ជា​មុន​ទៅ​ឱ្យ​សមត្ថ​កិច្ច​ថៃ​ ។ ​ជន​សង្ស័យ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ទៅ​លើ​ប្រពន្ធ​របស់​ ខ្លួន​ ដោយ​យក​ដុំថ្ម​វាយ​បែក​ក្បាល​ពី​ខាង​ក្រោយ​ កាល​ពី​ថ្ងៃ​ទី​២៣ តុលា​ ឆ្នាំ​២០១២​ នៅ​ក្នុង​ខេត្ត​សៀម​រាប​ ។
បន្ទាប់​មក​គេ​លួច​​រត់​គេច​ខ្លួន​ទៅ​ក្នុង​ស្រុក​ថៃ​ ដោយ​លាក់​ខ្លួន​ក្នុង​ឃុំ​ខ្លង​ស្រុន​ ស្រុក​ខ្លង​យ៉ៃ​ ខេត្ត​ត្រាត​ តាំង​ពី​ពេល​នោះ​មក​ ។ លុះ​មក​ដល់​ថ្ងៃ​ទី​២៥​ មីនា​ ទើប​សមត្ថ​កិច្ច​ថៃ​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​បាន​ រួច​កម្លាំង​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ខេត្ត​កោះ​កុង​បាន​ទៅ​នាំ​ខ្លួន​យក​ មក​កម្ពុជា​វិញ​ ។លោក​វរសេនីយ៍​ទោ​ ឃឹម សាណេ ស្នង​ការ​រង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​បាន​បញ្ជាក់​ថា​ តាម​កិច្ច​សហការ​រវាង​កម្លាំង​នគរ​បាល​ខេត្ត​ទាំង​២ ខេត្ត​កោះ​កុង​ និង​ខេត្ត​សៀម​រាប​ រួម​នឹង​កម្លាំង​នគរ​បាល​ភូមិន្ទ​ថៃ​ យើង​ដឹង​ថា​ ជន​សង្ស័យ​រូប​នេះ​ (លុន វែង) បាន​ប្រព្រឹត្ត​អំពើ​ឃាត​កម្ម​ចំនួន​២លើក​កន្លង​មកហើយ​​ ។
លើក​ទី១​ កាល​ពី​ថ្ងៃ​ទី​១១ សីហា​ ឆ្នាំ​២០០៥​ នៅ​ភូមិ​រកា​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ។ លើក​ទី​២ បន្ទាប់​ពី​គេច​ខ្លួន​ពី​ខេត្ត​កណ្តាល​មក​រស់​នៅ​ក្នុង​ខេត្ត​សៀម​រាប​ នៅ​ថ្ងៃ​ទី​២៣ តុលា​ ឆ្នាំ​២០១២​ ឈ្មោះ​លន់ វែង​ បាន​សម្លាប់​ប្រពន្ធ​រប​ស់​ខ្លួន​ ជា​បទ​ល្មើស​ទី២​ រួច​រត់​គេច​ខ្លួន​ទៅ​ស្រុក​ថៃ​ រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​បាន​តែ​ម្តង​ ។
លោក​ស្នង​ការ​រង​ ឃឹម សាណេ បាន​បញ្ជាក់​ទៀត​ថា​ បន្ទាប់​ពី​ជន​សង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​មក​កាន់​ស្នង​ ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កោះ​កុង​ ក៏​បាន​ទំនាក់​ទំនង​ប្រគល់​ជន​សង្ស័យ​ជូន​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ តាម​ដីកា​បង្គាប់​នាំ​ខ្លួន​លេខ​១០៦២ ចុះ​ថ្ងៃ​ទី​២៥ មីនា​ ឆ្នាំ​២០១៣​ របស់​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប​ នា​រសៀល​ថ្ងៃ​ទី​២៦ មីនា​ ឆ្នាំ​២០១៣​ តាម​នីតិ​វិធី​តុលា​ការ។
លោក​ស្នង​ការ​រង​ ឃឹម សាណេ​ បាន​បញ្ជាក់​ទៀត​ថា​ ការ​សហការ​បង្ក្រាប​ជន​ល្មើស​ឆ្លង​ដែន​បែប​នេះ​បាន​ គឺ​ដោយ​សារ​ការ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ សំឃីត វៀន ស្នង​ការ​នគរ​បាល​ ជាអ្នក​ចង្អុល​បង្ហាញ​ផង​ដែរ​ ។ ជា​ពិសេស​ កម្លាំង​ក្រោម​ឱវាទ​គឺ​លោក​វរសេនីយ៍​ទោ​ ឡាយ​ ម៉េង​ឡាំង​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ ដែល​បាន​ដឹក​នាំ​កម្លាំង​ចំនួន​៧នាក់​ ទៅ​សហការ​ទទួល​យក​ជន​សង្ស័យ​ពី​ក្នុង​ទឹក​ដី​ថៃ​មក​ និង​លោក​វរសេនីយ៍​ទោ​ សុខ ញ៉ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ បាន​ខិត​ខំ​សហការ​ជាមួយ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ និង​ខេត្ត​កណ្តាល​ ដើម្បី​ស្រាវ​ជ្រាវ​រក​សាវតារ​ជាតិ​របស់​ជន​សង្ស័យ​ ដើម្បី​អនុវត្ត​ការ​ងារ​នេះ​រហូត​ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ ៕


កោះសន្តិភាព
សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​សៀម​រាប​រត់​គេច​ខ្លួន​ទៅ​ស្រុក​ថៃ​បាន​5​ខែ​អស់​លក្ខណ៍​



Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook