អណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ
ខេត្តព្រះសីហនុ ៖ ហាងនិងបឹងកាឡូ របស់ជនបរទេសប្រមាណ១០ខ្នងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅ វេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ថ្ងៃទី៣១ មីនា នៅចំណុចលើរង្វង់មូលតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ គឺជាតំបន់ឆ្នេរសមុទ្រ ។
ក្រុមពន្លត់អគ្គិភ័យ និងកម្លាំងចំរុះរបស់ខេត្តបានទៅធ្វើអន្តរាគមន៍យ៉ាងដុតដៃដុត ជើងផងដែរដើម្បីពន្លត់ភ្លើងនេះ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីតាក វណ្ណថា ស្នងការនគរបាលខេត្ត និងលោកជិន វិជ្ជា ស្នងការរងទទួលបន្ទុកបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយរហូតដល់ម៉ោងប្រមាណ១និង៣៥នាទី ទើបអណ្តាតភ្លើងមានការថមថយបន្តិច ប៉ុន្តែមិនទាន់បានគ្រប់គ្រងស្ថានការណ៍១០០%នោះទេ ។ នេះក៏ដោយសារខាងក្រុមការងារពន្លត់អគ្គិភ័យមានការខ្វះខាតទឹក ដើម្បីយកទៅបាញ់ពន្លត់ ព្រោះក្រុងព្រះសីហនុនៅតែរយៈពេល២ទៅ៣ថ្ងៃទៀតប៉ុណ្ណោះ ទឹករបស់រដ្ឋាករទឹកស្វយ័តខេត្តព្រះសីហនុ ត្រូវដាច់ទាំងស្រុង ។ ដូចនេះរថយន្តសង្គ្រោះត្រូវបើកទៅបូមទឹកនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងនៅរោងចក្រស្រាបៀរអង្គរ ទើបធ្វើឱ្យការពន្លត់មានការយឺតយ៉ាវ ។
បើតាមមន្ត្រីប៉ូលិសពន្លត់អគ្គិភ័យមួយរូប និយាយថា ចំពោះចំនួនខ្នងផ្ទះដែលបានឆេះ នៅពុំទាន់ដឹងច្បាស់ទេ តែតុល្យការខូចខាតបឋមបង្ហាញថា ហាងនិងបឹងហ្គាឡូរបស់ជនបរទេសចំនួន១០ត្រូវបានឆេះក្លាយជាផេះ ក្នុងអគ្គិភ័យ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣១ មីនា ។ ប្រភពបន្តថា ក្នុងការពន្លត់ភ្លើងនេះរថយន្តពន្លត់អគ្គិភ័យចំនួនបួនគ្រឿង ក្នុងនោះមកពីស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង និងមកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ២គ្រឿង និងរថយន្តដឹកទឹកលក់ចំនួនបីគ្រឿងទៀតរបស់ឯកជនសរុបប្រើប្រាស់ ទឹកអស់ប្រមាណ១៥រថយន្តក្នុងការជួយអន្តរាគមន៍បាញ់ទឹកនេះ ។
ដោយឡែកមូលហេតុនៃការបង្កឱ្យមានភ្លើងឆេះពិត ប្រាកដនេះ ក៏គេនៅពុំទាន់អាចសន្និដ្ឋានបានទេ តែអាចសន្និដ្ឋានជាជំហានដំបូងថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនីចេញពីហាងមួយក្នុងចំណោមហាងទាំង ១០នេះ ។ ឯចំនួនទឹកប្រាក់នៃការខាតបង់ក៏នៅពុំទាន់អាចវាយតម្លៃបានដែរ ព្រោះទិន្នន័យពិតប្រាកដសមត្ថកិច្ចនៅពុំទាន់បានធ្វើកំណត់ហេតុ ច្បាស់លាស់នៅឡើយ ។
ចំណុចដែលមានភ្លើងឆាបឆេះនេះ ជាប្លុកផ្នែកខាងលើឆ្នេរសមុទ្រ ដែលមានហាងលក់ម្ហូបអាហារបែបជនបរទេស និងមានបឹងកាឡូសម្រាប់ការជួលស្នាក់នៅផងដែរ ។ ហាងទាំងនេះមានថៅកែចម្រុះជាតិសាសន៍ តែភាគច្រើនគឺជនជាតិបារាំង អាល្លឺម៉ង់ និងជប៉ុន ។
តំបន់មាន មហន្តរាយនេះជាសេវាកម្មសម្រាប់ទទួលជនបរទេស ដែលមកកម្សាន្តមាត់សមុទ្រ ចម្រុះជាតិសាសន៍ ពិសេសជនជាតិអឺរ៉ុប។
តំបន់មាន មហន្តរាយនេះជាសេវាកម្មសម្រាប់ទទួលជនបរទេស ដែលមកកម្សាន្តមាត់សមុទ្រ ចម្រុះជាតិសាសន៍ ពិសេសជនជាតិអឺរ៉ុប។
នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចនារសៀលថ្ងៃ ដដែលបានឱ្យដឹងថា ភ្លើងបានឆេះហាងចំនួន៥ខ្នងដែលសង់ជាប់គ្នា ក្នុងនោះហាងធំចំនួន៤ និងហាងតូចចំនួន១ (ហាងធំទំហំប្រហែលជាង១០ម៉ែត្រ ហាងតូចទំហំប្រហែល៥ម៉ែត្រ) ធ្វើអំពីឈើប្រក់ស្បូវ ។ ហាងរបស់ជនបរទេសចំនួន៤ខ្នង មានស្លាកយីហោ ១-ដឺដាយសប ខាងមុខលក់ម្ហូបអាហារ ខាងក្រោយធ្វើបន្ទប់ជួល (បឹងកាឡូ) ២-ម៉ង់ឃី ខាងមុខលក់ម្ហូបអាហារ ខាងក្រោយធ្វើបន្ទប់ជួល ៣-ហ៊្សូកូ លក់ខោអាវ ៤-ម៉េតក្រេត ខាងមុខលក់ម្ហូបអាហារ ខាងក្រោយធ្វើបន្ទប់ជួល និងហាងបោកអ៊ុត១ខ្នង របស់ជនជាតិខ្មែរ ឆេះខូចខាតទាំងស្រុង ។
ក្នុងរបាយការណ៍របស់សមត្ថកិច្ចដដែលនៅតែរកមូល ហេតុនៃការបង្កឱ្យមានការឆាបឆេះនេះមិនទាន់ឃើញ និងកំពុងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់អគ្គិភ័យនេះ ៕
ប្រភពៈ កោះសន្តិភាព