អាទិត្យ ៣១ មីនា, ២០១៣ ម៉ោង ១០:៣៩
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ មួយគ្រួសារ ប្រឈមទៅនឹងការ ខ្វះខាតស្បៀងអាហារ និងទីជំរក ក្រោយពីអគ្គិភ័យ បានឆាបឆេះ ផ្ទះសំបែងរបស់ពួកគាត់ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រមទាំងមន្ត្រីយោធា មួយរូប បានគំរាមកំហែង និងប្តឹងទៅតុលាការខេត្ត កំពង់ឆ្នាំង ទាមទារយកដី លំនៅដ្ឋាន របស់ពួកគាត់ ដែលរស់នៅអាស្រ័យ ផលដំណាំជាង២០ឆ្នាំ ។
លោក វឿន ផុន អាយុ៤៤ឆ្នាំ និងប្រពន្ធអ្នកស្រី ឈឹម ញ៉ អាយុ៥៥ឆ្នាំ ព្រមទាំងកូនៗក្នុង បន្ទុកចំនួន៦នាក់ នៅភូមិព្រៃខ្មែរ ខុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអះអាងឲ្យដឹងថា ពួកគាត់ជាជនរងគ្រោះ ដែលត្រូវ យោធាមានបុណ្យស័ក្តិធំម្នាក់ នៅរាជធានីភ្នំពេញ បានធ្វើការគំរាមកំហែង អោយពួយកគាត់រុះរើ ផ្ទះចេញេពីដី ភូមិដ្ឋានរបស់ខ្លួនដែល បានរស់នៅជាង ២០ឆ្នាំមកហើយ។
លោក វឿន ផុន បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលពត៌មានដើមអម្ពិលថា ដីភូមិរបស់គាត់មានបណ្តោយប្រវែង ១៣០ម៉ែត្រ ទទឹងក្បាលដីប្រវែង៣៥ម៉ែត្រ និងកន្ទុយដីប្រវែង៥២ម៉ែត្រ ។ លោកវឿន ផុន រួមនិងប្រពន្ធ អ្នកស្រី ឈឹម ញ៉ បានចូលមកកាន់កាប់ដីដោយបានដាំដំណាំ នៅលើដីមានដាំដើមស្វាយ ដើមស្វាយចន្ទី ដើមឬស្សី ពីងពុង ដើមដូង និងដំណាំរួមផ្សំដូចជា ដំឡូងមី ដំឡូងជ្វា ព្រមទាំងបានធ្វើផ្ទះរស់ នៅលើទីតាំងដីតាំង ពីឆ្នាំ ១៩៨៨ រហូតមកដល់សព្វថ្ងៃ បើគិតមកដល់ឆ្នាំ២០១៣នេះ គឺពួកគាត់បានមករស់នៅ អាស្រ័យផលដំណាំ ផ្ទាល់ ខ្លួនអស់រយៈ ពេល២៤ឆ្នាំកន្លងមកហើយ ។ លោក បានអះអាង អោយដឹងទៀតថា មេទាហាន ម្នាក់ ដែលគេស្គល់ឈ្មោះ នៅ សាវុធ បានគំរាមអោយពួក គាត់រុះរើផ្ទះចេញពីដី របស់គាត់ដោយទាហាន រូបនោះ បានអះអាងថា ជាដីរបស់គេ។ មិនតែប៉ុណ្ណោះមេទាហានរូបនេះ បានអោយកូនចៅរបស់គេ ប្រមាណជាង១០ នាក់ មានកាំភ្លើងគ្រប់ដៃយកបង្គាលថ្មមកបោះនៅលើកណ្តាលដីរបស់ពួកគាត់ និងគំរាមកាប់ ដើមឈើ ហូបផ្លែរបស់ពួកគាត់ទៀតផង ។
លុះក្រោយមកនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ខណៈពួកគាត់មិនបាននៅផ្ទះ ដោយ ចេញទៅស៊ីឈ្នួលធ្វើការអោយគេ តាំងពីព្រលឹមស្រាងៗស្រាប់តែមាន ជនមិនស្គាល់មុខ បានដុត ផ្ទះសំបែងរបស់ពួកគាត់អោយឆេះ ខ្ទេចខ្ទីទ្រព្យសម្បត្តិ គ្មានសល់ធ្វើ អោយពួកគាត់រស់នៅ ក្រោមដំបូល ប្រក់សំបកការុង ព្រមទាំងធ្វើអោយពួកគាត់រងនូវការខ្វះខាតស្បៀងអាហាររហូតដល់សព្វថ្ងៃ មិនតែប៉ុណ្ណោះ ពួកគាត់បានរងនូវការប្តឹងទាមទារយកដីពីសំណាក់មន្ត្រីយោធាដែលបានអះអាងថា ជាដីរបបរបស់គេទៅវិញ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល