បើតាមការស្រាវជ្រាវមួយ កាលពីថ្មីៗនេះ ក្រុមអ្នមកវិទ្យាសាស្ត្រ បានឱ្យដឹងថា វីតាមីន D មានលទ្ធភាពជួយបន្ថយគ្រោះថ្នាក់កើតជំងឺមហារីកប្លោកនោម។ ពួកអ្នកវិទ្យាសាស្ត្រអេស្ប៉ាញ បានប្រកាសលទ្ធផលស្រាវជ្រាវរបស់ខ្លួនលើទស្សនាវដ្តីរបស់វិទ្យាស្ថាន មហារីកជាតិអេស្ប៉ាញ ដោយបង្ហាញថា អ្នកមានបរិមាណវីតាមីន D ក្នុងឈាមទាប នឹងមានការប្រឈមចំពោះការកើតមហារីកប្លោកនោម ខ្ពស់ជាងពីរដង ពីមនុស្សធម្មតា។ បរិមាណវីតាមីន D ទាប នាំឱ្យអ្នកជំងឺមានការប្រឈមកើត សណ្ឋានមហារីកគ្រោះថ្នាក់បំផុតរបស់ប្រភេទជំងឺនេះ ខ្ពស់ជាងប្រាំមួយដង។ រាល់ឆ្នាំ នៅអេស្ប៉ាញ មានប្រមាណ ១១.០០០ ករណី កើតជំងឺមហារីកប្លោកនោមថ្មី ដែលជាប្រភេទមួយ ក្នុងចំណោមប្រទេសមានអត្រាខ្ពស់បំផុតក្នុងពិភពលោក។ ដោយឡែក ក្នុងមួយឆ្នាំៗ នៅអាមេរិក មានប្រមាណ ៧៣.៥០០ ករណីថ្មី ក្នុងនោះមនុស្សប្រមាណ ១៥.០០០នាក់ បានបាត់បង់ជីវិត។ នេះជាជំងឺច្រើនកើតទៅលើមនុស្សចាស់ ដែលមានជំងឺ និងមានអាយុលើស ៥៥ឆ្នាំ។ មុននេះ គេបានដឹងថា អត្រាវីតាមីន D មានពាក់ព័ន្ធដល់ជំងឺមហារីកដោះ និងពោះវៀន តែពុំទាន់មានការស្រាវជ្រាវណា ដែលបង្ហាញពីស្ថានភាពខ្វះវីតាមីន D ពាក់ព័ន្ធដល់ជំងឺមហារីកប្លោកនោមនៅឡើយទេ៕IM |