បាញ់​ប្លន់​លោក​វេជ្ជ​បណ្ឌិត​យក​ប្រាក់​15.500​ដុល្លារ

Monday, March 25, 2013

ការភ្ញាក់ផ្អើលក្រោយកើតហេតុមុខផ្ទះ 
​រាជ​ធានី​ភ្នំពេញ ​៖ ​វេជ្ជបណ្ឌិត​​​ម្នាក់​​​​​ត្រូវ​​ក្រុម​ចោរ​​​​​​​​ចំនួន​២នាក់​ប្រដាប់ដោយ ​អាវុធ​ខ្ល​ី​មួយ​ដើម​ ​​​ធ្វើ​សកម្ម​ភាព​​​បាញ់​​​ប្លន់​​នៅ​មុខ​ផ្ទះ​​យក​ប្រាក់​​ចំនួន​១៥.៥០០​ ដុល្លារ​ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នៅ​ខាង​ជើង​ផ្សារ​ទួលគោក​ ​​មុខ​​ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​​​៥៨២​ សង្កាត់​បឹង​កក់​ទី​២ ​ខណ្ឌ​ទួល​គោក ​។ ​ក្នុងសកម្ម​ភាព​ប្លន់​នេះ​ក្រុម​ចោរ​បានបាញ់​​១​គ្រាប់​ត្រូវ​ជន​រង​គ្រោះ​ ចំ​ពោះ​​​​​ផ្នែក​ខាង​​ឆ្វេង​ ធ្លាយ​មក​ត្រគាក​​ខាង​ឆ្វេង​​ ​ហើយ​​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដើម្បី​​សង្គ្រោះ​ ចំណែក​​​​ក្រុម​ចោរ​ប្លន់​បាន​គេច​ខ្លួ​ន​បាត់​ស្រមោលភ្លាមៗនោះ​ដែរ​​​ ​​។

លោកវេជ្ជ​បណ្ឌិត​​ដែល​ត្រូវ​ចោរ​ប្លន់​​នេះ​​ ឈ្មោះ​​ស៊ុត ​​ថង​ផាន់ ​​​​អាយុ​៤២​ឆ្នាំ ​ជា​មន្ត្រី​ការិយាល័យ​បច្ចេក​ទេស​នៃ​ជំងឺ​គ្រុន​ចាញ់​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​គ្រុន​ចាញ់​ ​​ស្នាក់​នៅ​ផ្ទះ​លេខ​៣១ ​ផ្លូវលេខ​៥៨២ ​​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទ​ួ​ល​គោក​ដែល​ជា​កន្លែង​កើតហេតុ​ខាង​លើ​។ មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ​ក្រុម​ចោរ​ប្លន់​​​​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​​វី​​ ពណ៌ខ្មៅ ​ពុំ​​ច្បាស់​ស៊េរី ​និងស្លាក​លេខ​ ​ប្រដាប់​ដោយ​​កាំ​ភ្លើង​​​ខ្លី​មួយ​​ដើម​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​​ប្លន់​ លោក​វេជ្ជបណ្ឌិត​នៅ​ពេល​​​​លោក​ជិះ​​រថយន្ត​ម៉ាក​​កាមរី​ហាយ​ប្រ៊ីត​​ ស៊េរី​២០០៧ ​ពណ៌​ទឹកប្រាក់ ​គ្មានពាក់​ស្លាក​លេខ​ដែល​ទើប​តែ​ទិញ​មក​ឈប់​មុខ​ផ្ទះ​​ ​​​។
​តាម​ប្រភព​ព័ត៌​​មាន​ឱ្យ​ដឹងថា ​ប្រាក់ដែល​ចោរ​​ប្លន់​យក​ទៅ​នោះ​​មាន​​ចំនួន​១៥.៥០០​ដុល្លារ​ដែល​​​​លោក​​ វេជ្ជ​​បណ្ឌិត​ប្រុង​យក​ទៅ​ប្រគល់​​ឱ្យ​​ថ្លៃ​រថយន្ត​បង្គ្រប់​ ​។ តាម​សាក្សី​នៅ​ក​ន្លែង​កើត​ហេតុ​​​ឱ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ គេ​ឃើញ​លោក​វេជ្ជ​បណ្ឌិត​​​​​បើករថយន្ត​ដែល​ទើប​ទិញនោះ​ទៅ​ឱ្យ​ព្រះ​ សង្ឃប្រោះ​ព្រំ​​ទឹក​មន្ត​ហើយ​​​​កាលពី​ល្ងាច​​​ លុះ​​ពេល​​ព្រឹក​ឡើង​​បើក​​មក​​​ឈប់​​នៅ​មុខ​ផ្ទះ ​។ នៅ​ពេល​ចុះ​ពី​​​រថយន្ត​ស្រាប់​តែ​មាន​ជន​​មិនស្គាល់​មុខ​ចំនួន​២​នាក់​ជិះ​ ម៉ូតូ​​មក​ឈប​់​ក្បែរ​​ ​ភ្លាមៗ​នោះ​ជន​ម្នាក់​ដែល​ជិះ​​ខាង​ក្រោយ​បាន​លោត​ចុះ​ពី​លើ​ម៉ូតូ​​រួច​ដក ​កាំ​ភ្លើង​ខ្លីភ្ជង់​គំរាម​យក​ប្រាក់​ ​និ​ងម្នាក់​ទៀត​ក៏​បាន​ចុះ​ពី​លើ​ម៉ូតូ​មក​ឈរ​​ក្បែរ​​​ដែរ ។
​តាម​សាក្សី​បាន​ឱ្យដឹង​​ទៀត​​ថា​ នៅ​ពេល​​ចោរ​ភ្ជង់​ គេឃើញ​​​​​លោកវេជ្ជបណ្ឌិត​​​​រត់​គេច​ហើយ​ត្រូវ​ចោរ​បាញ់​១​គ្រាប់​ត្រូវចំ​ ពោះ​បណ្តាល​ឱ្យ​​ដួល​នៅ​មុ​ខ​ផ្ទះ​លេខ​៣៣​ ដែលជា​​​​ផ្ទះ​របស់​គាត់​​ជួល​ឱ្យ​​​គេ​ស្នាក់​នៅ​ ។ បន្ទាប់​ពី​បាញ់​ត្រូវ​ដួល​ ជន​​ម្នាក់ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​ស្ទុះ​ទៅ​លូក​ហោ​បៅ៉​ខោ​ខាង​ឆ្វេង​​ របស់​លោក​វេជ្ជ​បណ្ឌិត​យក​ប្រាក់​​មួយ​បាច់​​ហើយ​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​​ គេច​​ខ្លួន​​​ទៅ​ទិសខាង​លិច​បាត់​ស្រមោល​ ។
តាម​ប្រភ​ព​ព័ត៌​មាន​ឱ្យ​ ដឹងទៀត​ថា ​លោក​វេជ្ជ​បណ្ឌិត​​ស៊ុត ​ថង​ផាន់ ​បាន​ទិញ​រថយន្តម៉ាក​​កាមរី​ហាយ​​ប្រ៊ីត​​ស៊េរី​២០០៧ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ពីមិត្តភក្តិ​ក្នុង​តម្លៃ​ជាង​២ម៉ឺន​​ដុល្លារ​ កាលពី​ល្ងាច​ថ្ងៃទី​២៤ មីនា ​ហើយបាន​ប្រោះ​ព្រំ​រថយន្ត​នេះ​​ទៅតាម​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ​។ លុះ​ដល់​ព្រឹក​ថ្ងៃ​កើត​​ហេតុ​បាន​យកប្រាក់​ចំនួន​១៥.៥០០​ដុល្លារ​​​​​​​​ទៅ ​​សង​​​មិត្ត​ភក្តិ​បង្គ្រប់​ថ្លៃ​រថយន្ត ។
នៅ​ព្រឹក​​នោះ​មុន​ពេល​កើត​ហេតុ​ ​លោក​វេជ្ជ​បណ្ឌិត​បាន​បើក​​រថយន្ត​មួយគ្រឿង​​នេះ​​ ដឹក​ប្រពន្ធ​និង​កូន​ប្រុស​ដើម្បី​​យកប្រាក់ទៅ​ប្រគល់​ឱ្យ​ថ្លៃ​ទិញ​រថយន្ត​ ​ ហើយ​បាន​ជូន​កូន​ទៅ​រៀន​នៅ​សាក​ល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ រួច​ហើយ​​​​ជូន​ប្រពន្ធ​ទៅ​មន្ទីរ​ពេទ្យ​របេង​ ​​​ទើប​​ត្រឡប់​​យក​ប្រាក់​​ទៅ​​ប្រគល់​ឱ្យ​ថ្លៃ​រថយន្ត ​។ ដោយ​សារ​ភ្លេច​អាយ​ផេត​នៅ​ផ្ទះ​​ លោកវេជ្ជ​បណ្ឌិត​ក៏​​​​បើក​​រថយន្ត​​ត្រឡប់​មក​ផ្ទះវិញ ​។ ពេល​ម​ក​ដល់​មុខផ្ទះ​ឈប់​រថយន្ត​រួច ​បាន​បើកទ្វារ​រថយន្ត​ចុះ​ ​ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​ជន​ពីរនាក់​ជិះ​ម៉ូតូ​មកដល់​ឈប​់​​​ពី​​ក្រោយ​ រថយន្ត​​​ ហើយ​​​​ធ្វើស​កម្ម​ភាព​​ភ្ជង់​​បាញ់​ប្លន់​យក​ប្រាក់​​រួច​ក៏​​​​គេ​ច​ខ្លួន ​បាត់​។ ​ភ្លាមៗ​​នោះ​​​​លោក​វេជ្ជ​បណ្ឌិត​ត្រូវបាន​បង​ប្អូន​បញ្ជូន​​ទៅ​កាន់​ មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ ​ក្រោយ​មក​ទើប​ធ្វើ​​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើលឡើង​​ ។ ​
ទាក់ទិន​នឹង​អំពើ​​ប្លន់​នេះ​មិន​ទាន់​មាន​ការ​ សន្និដ្ឋាន​ណា​មួយ​ពី​មន្ត្រី​មានសមត្ថកិច្ច​ថា​បែប​ណា​​​​​​​ទេ ​តែ​សកម្ម​ភាព​របស់​ក្រុម​ចោរ​ទាំង​នេះ​ហាក់​ដូច​ជា​ដឹងថា ​លោក​វេជ្ជ​បណ្ឌិត​មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ជាប់​ខ្លួន​ទើប​តាម​ប្លន់​ បែប​​នេះ​ ។ លុះ​​ពេល​បាញ់​ឱ្យ​របួស​ហើយ​ ចោរ​បាន​លូក​ហោ​ប៉ៅ​​​យក​លុយ​ហាក់​​ដូច​ជា​ដឹង​មុន ។ ​ទោះ​បី​ជា​បែប​​​​ណា​ ​ពេល​នេះ​សមត្ថ​​​កិច្ច​​​កំពុង​ដុត​ដៃ​​ដុត​ជើង​ស្រាវជ្រាវ​ពី​ករណី​នេះ​ ។
គួរ ​បញ្ជាក់​ថា​​ ​សកម្មភាព​ប្លន់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​កើតឡើង​ជាបន្ត​បន្ទាប់​​ដែល ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​កាន់​តែ​មានការព្រួយ​បារម្ភ​ពីសុវត្ថិ​ភាព ៕


ប្រភពៈ កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook