អគ្គិភ័យឆេះ ភោជនីយដ្ឋានបារាំង ទាំងកណ្តាលថ្ងៃត្រង់ នៅក្រុងព្រះសីហនុ

Saturday, March 30, 2013

ព្រះសីហនុៈ ភោជនីយដ្ឋានបារាំងជាច្រើននៅជាប់ៗគ្នា បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ វេលាម៉ោងជិត១២ថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៣ នៅជិតរង្វង់មូលតោពីរ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ យោងតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ប្រចាំនៅខេត្តព្រះសីហនុ លោក ជុំ ភារម្យ បានឲ្យដឹងថា ភោជនីយដ្ឋានបារាំងមួយ បានឆាបឆេះស្ទើរទាំងស្រុងហើយ ហើយនៅមានភោជនីយដ្ឋានបារាំងជាច្រើនទៀត នៅជាប់ៗគ្នា កំពុងតែប្រឈបមុខនឹងអគ្គិភ័យនេះផងដែរ។ តែទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗសមត្ថ កិច្ចចម្រុះក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រួមនិងអាជ្ញាធរបានចុះដល់កន្លែង កើតហេតុភ្លាមៗ ផងដែរ ដើម្បីជួយអន្តរាគមន៍បាញ់ទប់ស្កាត់នូវការឆាបឆេះនេះ។ ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានសម្តែងការសង្ស័យថា អគ្គិភ័យនេះ អាចបណ្តាលមកពីភ្ញៀវដែលអង្គុយ កម្សាន្តនៅក្នុងភោជនីយដ្ឋានបោះ កន្ទុយបារីលើដំបូល ភោជនីយដ្ឋាន ដែលប្រក់ស្បូវ។
ក្នុងក្រុងព្រះសីហនុនៅវេលាម៉ោង១២ថ្ងៃនេះ ព្រះអាទិត្យកំពុងបញ្ចេញកំដៅយ៉ាងខ្លាំង លាយឡំជាមួយជំនោរ ខ្យល់ផងដែរ ដូច្នេះអគ្គិភ័យបានឆាបឆេះសន្ធោសន្ធៅខ្លាំងណាស់។ គិតត្រឹមវេលាម៉ោង ១២ និង២២ថ្ងៃដដែល អគ្គិភ័យឆេះរាលដាល និងបំផ្លាញភោជនីយដ្ឋាន ដែលភាគច្រើនជាភោជនីយដ្ឋានសម្រាប់ជនជាតិចូលកម្សាន្ត នោះ អស់ចំនួន៥ហើយ ភោជនីយដ្ឋានជាច្រើនផ្សេងទៀត នៅជាប់ៗគ្នានោះ ក៏ប្រឈមនឹងការឆាបឆេះផងដែរ។
រថយន្តកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរថយន្តពន្លត់អគ្គិភ័យឯកជន រួមនិងរថយន្ត របស់ស្នងការដ្ឋាន ចំនួន៤គ្រឿងហើយ បានបញ្ជូនទៅអន្តរាគមន៍នៅកន្លែង កើតហេតុ។
បើយោងតាមសេចក្តីរាយការណ៍ពីន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានបំផ្លាញភោជនីយដ្ឋាន ផ្ទះលក់សៀវភៅ និងមីនីម៉ាត ប្រមាណជា ១០កន្លែង បានឆាបឆេះទាំងស្រុង។ រហូតដល់វេលាម៉ោង ១រសៀលថ្ងៃដដែលនេះ អគ្គិភ័យបានរលត់ទៅវិញហើយ ក្រោយការជួយអន្តរាគមន៍ញាប់ដៃញាប់ជើង ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្រុងព្រះសីហនុ។
ដោយឡែកទំហំ នៃការខូចខាត មិនទាន់ដឹងនៅឡើយ តែការខូចខាតនេះ ពិតជាធំធេងណាស់៕









ប្រភពៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook