ភ្នំពេញ៖ បុរសចំនួន ២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ខណៈជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នា នៅតាមផ្លូវ ស្រាប់តែជ្រុលទៅបុក រថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា។
ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ២៖៤០នាទីយប់ រំលងអាធ្រាត ចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ទាំងពីរនាក់នោះ រួមមានទី១ ឈ្មោះ ខាត់ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិស្វាយអន្ទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងទី២មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែជនរងគ្រោះ ទាំងពីរនាក់នេះ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង។ ដោយឡែក អ្នកបើក រថយន្តហ៊ីយ៉ានដាយ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនចេញ ពីកន្លែងកើតហេតុ បាត់ទៅ។
មន្រ្តីនគរបាលចរាចរ និងសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ មួយគ្រឿងម៉ាក SUZUKI STEP ពណ៌ខ្មៅ-ឈាមជ្រូក គ្មានស្លាក ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៣ ពីទិសខាងជើង មកត្បូង ចេញពីភ្នំពេញ លុះមកដល់ចំណុច កើតហេតុ ខាងលើ ក៏ជ្រុលចង្កូត ទៅបុករថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2H-0960 បណ្តាលឲ្យ ជនរងគ្រោះ ទាំងពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ រថយន្ត និងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាល ចរាចរ ជើងគោក យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្តទៀត។
ដោយឡែក សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានយកទៅតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។ បើតាមមន្រ្តី នគរបាលចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងដោយសារ តែភាគីម៉ូតូបើកបរមិនប្រកាន់ចំណែក ផ្លូវរបស់ខ្លួន៕
ដោយ៖ ដើមអម្ពិល