សេវា​ផ្លូវ​ភេទ​នៅ​តែ​ជា​ប្រភព​នៃ​ជំងឺកាម​រោគ​នៅ​កម្ពុជា

Thursday, March 28, 2013

ជំងឺ​កាមរោគ​ ក្នុងចំណោម​នារី​បម្រើ​សេវា​កំសាន្ត​មាន​ការ​ធ្លាក់ចុះ​ដោយសារ​នារី​ទាំងនោះ ​មានការ​យល់ដឹង​ច្រើន​ពី​ការឆ្លង និង​វិធី​បង្ការ​ជំងឺ​នោះ។

ភ្នំពេញ៖ ទោះបី​ជា​ជំងឺ​កាមរោគ​ក្នុង​ចំណោម​នារី​បម្រើ​សេវា​កំសាន្ត​មាន​ការ​ ធ្លាក់ចុះ​យ៉ាង​ណា​ក៏​ដោយ ក៏​មន្ត្រី​ជំនាញ​ព្រមាន​ថា អ្នក​ដែល​ចូលចិត្ត​ទៅរក​សេវា​នារី​ទាំង​នោះ​នៅ​តែ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ កាមរោគ​បើសិនជា​មិន​ការពារ​ខ្លួន​នោះទេ។
របាយការណ៍​របស់​មជ្ឃ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ បង្ហាញ​ថា នៅ​ឆ្នាំ​២០១១ ក្នុងចំណោម​នារី​បម្រើ​សេវា​កំសាន្ត​ដូចជា នារី​នៅតាម​ផ្ទះបន នារី​បម្រើ​ស្រាបៀរ និង​ខារ៉ាអូខេ ​ចំនួនជាង​ ២.៦០០នាក់ ក្នុង​១៧​ខេត្ត​ក្រុង មាន​អ្នក​កើត​ជំងឺ​កាមរោគ​ចំនួន​ប្រមាណ​៧០០​នាក់។
លោក​វេជ្ជបណ្ឌិត មាន ឈី​វុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាម បាន​មាន​ប្រសាសន៍​ថា ជំងឺ​កាមរោគ​ក្នុងចំណោម​នារី​បម្រើ​សេវា​កំសាន្ត​មាន​ការ​ធ្លាក់ចុះ​ដោយសារ​ នារី​ទាំងនោះ​មានការ​យល់ដឹង​ច្រើន​ពី​ការឆ្លង និង​វិធី​បង្ការ​ជំងឺ​នោះ។ 
«បើ​យើង​ពុំមាន​វិធានការណ៍​បង្ការ​ការឆ្លង​មេរោគ​ទេនោះ យើង​ប្រឈមមុខ​នឹង​ការ ឆ្លង​មេរោគ​បង្ក​ជំងឺ​កាមរោគ​ដូចជា​ជំងឺអេដស៍​ក៏ដូចជា​ជំងឺ​រលាក​ថ្លើម​ ប្រភេទ​B។ អញ្ចឹ​ង​ហើយ​បាន​ជា វា​មាន​សារៈសំខាន់​ណាស់​ប្រើ​ស្រោម​អនាម័យ​ដើម្បី​បង្កា​ការចម្លង​មេរោគ​ ទាំងអស់​នេះ។ យើង​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​នឹង​កាត់បន្ថយ​អាត្រា​ប្រេវ៉ាឡង់​នៃ​ ការឆ្លង​ជំងឺ​កាមរោគ​នេះ»។
ជាមួយ​គ្នា​នេះ​ដែរ លោក​វេ​ជ្ជបណ្ឌិត ចន្ទ សូដារា អ្នក​ជំនាញ​សុខភាព​សាធារណៈ​នៃ មជ្ឈមណ្ឌល​បង្កា​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា​US CDCដឹងថា​ជំងឺ កាមរោគ​ភាគច្រើន​កើត​នៅ លើ​នារី​បម្រើ​សេវា​កំសាន្ត​ដោយសារ​ពួកគាត់​មាន​ដៃគូរ​ច្រើន។
លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ចំនួន​ដែលមាន​ការ​ធា្ល​ក់​ចុះ​នេះ​ក៏​នៅតែ​ជា​ចំនួន​មួយ​ខ្ពស់​និង​កង្វល់​នៅឡើយ។
«ការ​ការពារ​ជំងឺ​កាម​រោគ​នេះ​គឺ​យើង​ប្រើ​ពាក្យ​ថា​ABC។ Aគឺ​តម​ការ​រួម​ភេទ។ Bគឺ​ស្មោះ ត្រង់​ស្រឡាញ់​មួយ​ទល់​នឹង​មួយ។ ដំណាក់​កាល​ទី៣ បើ​ថា​ទប់ចិត្ត​មិន​បាន​ទេ​គឺ​កុំ​ភ្លេច​ចូល​ដល់​ចំណុច​C គឺ​ស្រោម​អនាម័យ។ ពួក​យើង​ដែល​ធ្វើការ​លើ​វិស័យ​សុខាភិបាល​នឹង​នៅ​តែ​បង្ហាញ​ឬ​បង្ហោះ​សារ​នឹង ​ជាប់​ជានិច្ច​កុំ​ភ្លេចខ្លួន»។
របាយការណ៍​ដដែល​បានបង្ហាញ​ថា ជំងឺ​កាមរោគ​ទាំងនោះ​រួម​មាន ស្វាយ ប្រមេះ​ទឹក​បាយ ប្រមេះ​ទឹក​ថ្លា អេដស៍ ហើយ​អត្រា នៃ​ការកើត​ជំងឺ​នោះ​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​ការធ្វើ​ការ​អង្កេត​កាលពី ​ឆ្នាំ២០០៥​គឺ​ជំងឺស្វាយ​មានការ​ធ្លាក់ចុះ​ពី៣.៦ភាគរយ​មក​ត្រឹម០.៤នៅ​ ឆ្នាំ២០១១ ជំងឺ​ប្រមេះទឹកបាយ​ពី១៣.៤​ភាគរយ មក​ត្រឹម៥.៣ភាគរយ ក៏ប៉ុន្តែ​ជំងឺ​ប្រមេះ​ទឹកថ្លា​មានការ​កើន​ឡើង​ពី១៣.៧​ភាគរយ​មក១៨.៩ ភាគ រយ​នៅ​ឆ្នាំ២០១។
របាយការណ៍​នោះ​ក៏​បាន​បង្ហាញ​​ដែរ​ថា​ប្រេ​វ៉ាឡង់​នៃ​រោគ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹក​ថ្លា មាន​អត្រា​ខ្ពស់​ក្នុង​ចំណោម​ក្រុម​នារី​ដែល​មាន​វ័យ​ក្មេង ហើយ​រោគ​ស្វាយ​ក្រាប អេដស៍ ថ្លើម​ប្រភេទ​B មាន​អត្រា​ខ្ពស់​ក្នុង​ចំណោម​ក្រុម​នារី​ដែលមាន​អាយុ​ច្រើន។ ហើយ​នារី​បម្រើ​សេវា​កំសាន្ត​ដែល​មាន​ភ្ញៀវ​រួម​ភេទ​លើស​ពី​ប្រាំពីរ​នាក់​ ក្នុងមួយ​សប្តាហ៍​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​ កាមរោគ​ទាំងនោះ។
លោកស្រី កែវ ថា តំណាង​បណ្តាញ​ការងារ​នៃ​ស្ត្រី​រួប​រួមគ្នា​ដែល ធ្វើការ​ងារ​លើ​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​ជំងឺ​កាមរោគ​ដល់​នារី​បំរើ​សេវា​ កំសាន្ត​បាន​មាន​ប្រសាសន៍​ថា​ពួកគាត់​តែង​តែ ធ្វើការ​ពន្យល់​ពី​ជំងឺ​កាមរោគ​ដល់​នារី​ទាំងនោះ​ដើម្បី​ជៀសវាង​ពី​ការឆ្លង​ ជំងឺ​កាមរោគ។
«ពេល​យើង​ចុះ​អប់រំ​យើង​មាន​រូបភាព​ស្តីពី​ជំងឺ​កាមរោគ ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា
ឲ្យ​គាត់​ឃើញ។ អ​ញ្ចឹង​ថា ​បើសិនជា​យើង​មិនបាន​ប្រើ​ស្រោម​ទេ យើង​មាន​ដៃគូរ​អាច​ឆ្លង។  ដល់​ពេល​ហើយ​អ​ញ្ចឹង​គាត់​ឃើញ​អ​ញ្ចឹង​គាត់​ខ្លាច​គាត់​ធ្វើ​យ៉ាង​ណា​ត្រូវ ​ចេះ​ថែ​ទាំង​សុខភាព​គាត់​នៅ​ពេល​ដែល​ភ្ញៀវ​មិន​បាន​ប្រើ​ស្រោម​គឺ​គាត់​អត់ ​មាន​ការទទួល​ការរួម​ភេទ​ទេ។ ទី១គាត់​ខ្លាច​ឆ្លង​ជំងឺ​កាមរោគ​ទី២គឺ​គាត់​ខ្លាច​ឆ្លង​ជំងឺអេដស៍។ កុំ​ឲ្យ​គាត់​ទុកចិត្ត​ស្ត្រី​យើង​ដែរ​មិនដឹងថា​ស្ត្រី​យើង មាន​ជំងឺ​អី​ឬ​អត់»។
តាម​ការប៉ាន់ស្មាន​របស់​ក្រុម​មន្ត្រី​ដែល​ធ្វើការ​ជាមួយ​នារី​បម្រើ​សេវា​ កំសាន្ត​បាន​អះអាង​ថា​នារី​ដែល​បម្រើ​សេវា​កំសាន្ត​នៅ​កម្ពុជា​មាន​ចំនួន​ ប្រមាណ​៤២.០០០នាក់៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook