ប្រេសិត​អង្គការសហប្រជាជាតិ​ទទូច​ឲ្យ​ភូមា ស្វែងរក​ជន​ប្រព្រឹត្ត​ហិង្សា​សាសនា​មក​ផ្តន្ទា​ទា​ទោស​

Saturday, March 30, 2013

​ប្រទេស​ភូមា ៖ អំពើហិង្សា​នៅក្នុង​ប្រទេស​ភូមា បានក្លាយ​ទៅជា​ចំណុច​ចោទសួរ​មួយ អំពី​ការប្រតិបត្តិ​គោរព​សិទ្ធិមនុស្ស និង​សាសនា​របស់​ប្រជាជន​ប្រទេស​នេះ ដែល​ទើបបានឆ្លងកាត់​របប​យោធានិយម​។ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក វិឆៃ​ណាំ​បៀរ បាន​ប្រាប់​កាសែត​ភូមា​ថា អំពើហិង្សា​ជាតិ​សាសន៍ និង​សាសនា​ដែល​កើតឡើង​ដ៏​ខ្លាំងក្លា​នៅ​រយះពេល ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​គួរ​ឲ្យ​សង្ស័យ ព្រោះ​ហិង្សា​នេះ​មិនបាន​កើតឡើង ដោយសារ​សហគមន៍​ក្នុង​តំបន់​ខ្លួនគេ​ផ្ទាល់​ទេ ហើយ​បែរ​ជាមាន​សហគមន៍​ដទៃ​ជា​អ្នកប្រព្រឹត្ត​ទៅវិញ​។​
 ​ប្រេសិត​អង្គការសហប្រជាជាតិ​រូបនេះ​បាន​ទទូចថា រដ្ឋាភិបាល​ភូមា​ត្រូវតែ​ស្វែងរក​ជន​ប្រព្រឹត្ត​ហិង្សា​ទាំងនោះ មក​ផ្តន្ទា​ទា​ទោស ហើយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាពប្រក្រតី​ឡើងវិញ រវាង​អ្នក​កាន់សាសនា​មូស្លីម និង​សាសនាព្រះពុទ្ធ​។ អំពើហិង្សា​ដែល​បានកើត​ឡើង​នៅ​ភាគ​កណ្តាល​ប្រទេស​នៅ​ក្រុង​មិ​ត​គី​ឡា បានសម្លាប់​មនុស្ស​យ៉ាងតិច​៤០​នាក់ ហើយ​បាន​ដុតបំផ្លាញ​វត្ត អារាម​និង​វិហារ​ម៉ុ​ស​អស់​ជាច្រើន​កន្លែង​។ ហិង្សា​នេះ​បាន​រីក​រាលដាល​រហូតដល់​ទៅ ៦​កន្លែង​ផ្សេងៗ​គ្នា​នៅ​ទូទាំងប្រទេស ។ ប្រេសិត​អង្គការសហប្រជាជាតិ​មានប្រសាសន៍​ទៀតថា យ៉ាងតិចណាស់​មនុស្ស​៩​ពាន់​នាក់ បាន​ស្វះ​ស្វែងរក​ទីជម្រក​សុវត្ថិភាព ខណៈ​មនុស្ស​២៣​នាក់ ត្រូវបាន​ឃុំខ្លួន​ដោយ​អាថ៌កំបាំង​។ មកដល់ពេលនេះ​បម្រាម​គោ​ចរណ៍​បានដាក់ នៅ​តំបន់​ដែល​ឆាបឆេះ​ហិង្សា​ទាំងនោះ​។​
ប្រធានាធិបតី​ភូមា​លោក ថេ​ន សេន បានប្រកាសថា ជនដៃដល់ នឹង​មិនអាច​រួចខ្លួន​បានឡើយ​។ អំពើហិង្សា​នេះ គឺជា​លើក​ទី​២​ហើយ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​អតីត​របប​យោធានិយម​មួយ នេះ​។ កាលពី​ខែមិថុនា អំពើហិង្សា​ជាតិ​សាសន៍​ដូចគ្នា នេះ​បាន​កើតឡើង​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន ភាគ​ខាងលិច​ប្រទេស ដោយបាន​សម្លាប់​មនុស្ស​ជិត​២០០​នាក់ ហើយ​បង្ខំ​ឲ្យ​មនុស្សរ​ត់រក​កន្លែង​សុវត្ថិភាព​ព្រមាន​ជា ១១០០០​នាក់​។ មកដល់ពេលនេះ សមាគម​អាស៊ាន​មិនបាន​ប្រតិកម្ម ឬក៏​ជួយ​អន្តរាគមន៍​អ្វី​ឡើយ​។ ករណីនេះ​ធ្វើ​ឲ្យ​មានការ ចោទ​សួរថា តើ​តួនាទី​របស់​សមាគម​អាស៊ាន​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​សមាគម​ក្លាយជា​តំបន់​អហិង្សា និង​មានការ​អត់អោន​គ្នា​ខាង​សាសនា និង​ជាតិ​សាសន៍​នោះ​៕



ប្រភពៈ វត្តភ្នំ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook