គ្រោះថ្នាក់ចរាចរណ៍ ដួលសន្លប់មួយយប់ ព្រឹកឡើងដឹកទៅពេទ្យ ស្លាប់តាមផ្លូវ

Tuesday, March 26, 2013

ស្ទឹងត្រែង: បុរស​ម្នាក់​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ពេលយប់ រួច​ដើរមក​ដួលសន្លប់​ម្នាក់​ឯង គ្មាន​ន​ណា​ដឹង លុះ​ព្រឹក​ឡើង​ទើប​គេ​ប្រទះឃើញ ដឹក​ទៅ​ភ្នំពេញ ប៉ុន្តែ​ស្លាប់​តាមផ្លូវ​។​ ​ ​ មន្ត្រី​ចរាចរណ៍​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​តឿ ធា​រិ​ទ្ធ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​សង្កាត់​-​ក្រុង​ស្ទឹងត្រែង​។ បុរស​ម្នាក់នេះ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ ចំណុច​ជិត​ហាង​ខារ៉ាអូខេ​យីហោ​អស់​កង្វល់ ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​ ​ ​ សមត្ថកិច្ច​បាន​បន្តថា ឈ្មោះ​តឿ ធា​រិ​ទ្ធ ជិះ​ម៉ូតូ​សង់​កូរ៉េ​ចាស់ គ្មាន​ស្លាក​លេខ ទិសដៅ​ពី​លិច​មក​កើត​មិន​ប្រកាន់​ស្តាំ​។ ចំណែក​រថយន្ត តូ​យូ​តា កាមរី បើកបរ​ដោយ​ឈ្មោះ​មឿ​ន ជា​មន្ត្រី​យោធា បើក​ចេញពី​ហាង​ខារ៉ាអូខេ​អស់​កង្វល់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ក្រោយពី​បុក​គ្នា​ពេញទំហឹង អូស​ម៉ូតូ​ជាប់​ទៅជា​មួយ​រថយន្ត​ចំងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ​ទើប​ឈប់​។​ ​ ​ សមត្ថកិច្ច ​បាន​ទៅដល់​កន្លែងកើតហេតុ​ឃើញថា អ្នកជិះ​ម៉ូតូ​មាន​កំហុស​មិន​ប្រកាន់​ស្តាំ​។ អ្នកជិះ​ម៉ូតូ​ឮ​ដូច​នោះ​ងើប​ដើរ​ចេញពី​កន្លែងកើតហេតុ​ចំងាយ ៣០០ ទៅ ៤០០ ម៉ែត្រ​រួច​ក៏​ដួលសន្លប់​ក្បែរ​វាលស្រែ​ម្នាក់ឯង​។ ​លុះដល់​ព្រឹក​ឡើង ទើប​គេ​ប្រទះឃើញ​បុរស​ដែល​ជួប​គ្រោះថ្នាក់​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​សន្លប់​ បាត់ស្មារតី​។ ក្រោយមក​ក្រុមគ្រួសារ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង និង​បន្តទៅ​ភ្នំពេញ​។​ ​ ​ ប្រភពព័ត៌មាន​ចុងក្រោយ​បានឱ្យដឹងថា បុរស​ជិះ​ម៉ូតូ​ខាងលើ​បាន​ស្លាប់​តាមផ្លូវ​ក្នុង​បំណង​ទៅ​ព្យាបាល​ជំងឺ​នៅ​ ភ្នំពេញ ក្នុង​ទឹកដី​ខេត្តក្រចេះ​។ ក្រុមគ្រួសារ​បាន​ដឹក​សព​មកវិញ ហើយនឹង​ត្រៀម​ដាក់​បណ្តឹង​ទៅ​សមត្ថកិច្ច​រក​ខុសត្រូវ​។ រថយន្ត​ដែល​បើកបរ​ដោយ​មន្ត្រី​យោធា​ឈ្មោះ​មឿ​ន ខាង​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង ពុំបាន​ឃាត់ទុក​ទេ ក្នុង​ហេតុការណ៍​នេះ​៕   
ប្រភពៈ CEN

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook