រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីដែលកើតមក នៅក្នុងលោកនេះតែងតែមានសេចក្តីស្នេហា រវាងគ្នាទៅវិញទៅមក ក្នុងការចងសម្ព័ន្ធភាពជាប្តីប្រពន្ធបង្កើត កូនពូនជាចៅតពូជពង្សទៅថ្ងៃអនាគត ។ ប៉ុន្តែគេមិនត្រូវភ្លើតភ្លើន ឱ្យធ្លាក់ទៅក្នុងអន្លង់ស្នេហ៍នោះឡើយ ។ ព្រោះថាការបណ្តែតបណ្តោយឱ្យ ភ្លើងស្នេហ៍ឆាបឆេះពេញបន្ទុករបស់វានោះ វានឹងបំផ្លាញនូវអនាគតរបស់ខ្លួនទៅវិញទេ ។ បើអ្នកគិតខ្លីអាចធ្វើអត្តឃាតមិនខុស ពីយុវនារីវ័យក្មេងម្នាក់នេះសុខចិត្តរត់ចូលឡាន ដើម្បីបញ្ចប់ជីវិត ប៉ុន្តែសំណាងល្អបានគេជួយទាន់ ។
ស្ត្រីវ័យ១៨ឆ្នាំម្នាក់នេះបានព្យាយាមរត់ចូល ឱ្យរថយន្តបុកសម្លាប់ខ្លួនត្រូវបានបងប្អូនអះអាងថា ដោយសារតែនាងតូចចិត្តពេលសង្សាររបស់នាងសុំបែកផ្លូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះបាន កើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី២៨ មីនា ២០១៣ នៅលើកំណាត់មហាវិថី សហព័ន្ធរុស្ស៊ីត្រង់ចំណុចសួនច្បារកុមារទល់មុខផ្សារសិុន ជូរីផ្លាហ្សា ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីដែលព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនដោយរត់ចូលទៅកណ្តាលផ្លូវប៉ុនប៉ងឱ្យរថយន្តនិងម៉ូតូបុក
ស្លាប់នោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។ ប៉ុន្តែគ្រាន់តែគេប្រាប់ថា នាងមានអាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ។
តាមប្រភពព័ត៌មានពីបុរសពីរនាក់ត្រូវជាបងប្អូនរបស់នាង ដែលបានទៅដើរលេងជាមួយគ្នានោះបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ពួកគេបាននាំគ្នាទៅដើរលេងនៅម្តុំសួនច្បារកុមារមុខផ្សារស៊ិនជូរីផ្លាហ្សា ។ នៅពេលទៅដល់ ដើរលេងនៅទីនោះបានបន្តិច នាងក៏បានដើរចុះដើរឡើងប្រកបដោយទឹកមុខក្រៀមក្រំបំផុត ។ លុះមួយសន្ទុះក្រោយមកស្រាប់តែនាងបានស្ទុះរត់សំដៅទៅកណ្តាលផ្លូវក្នុងបំណងឱ្យរថយន្ត និងម៉ូតូបុកឱ្យស្លាប់ ។ ខណៈនោះពួកគេក៏បាននាំគ្នារត់ទៅចាប់នាងមកវិញ ក៏ប៉ុន្តែចាប់មិនឈ្នះនោះទេ រហូតដល់មានអ្នកជិតខាងនាំគ្នាចូលទៅជួយចាប់ទើបឃាត់នាងបាន ហើយប្រសិនបើរត់ទៅជួយមិនទាន់ទេ នាងប្រាកដជាស្លាប់ជាក់ជាមិនខានឡើយ ។ ទោះបីជាបែបណាបងប្អូនស្ត្រីខូចចិត្តនឹងស្នេហារូបនោះមិនបានបង្ហើបឱ្យដឹងពីឈ្មោះរបស់នាងនោះ
ឡើយ ដោយគ្រាន់តែប្រាប់ថា ការសម្រេចចិត្តរត់ចូលឱ្យរថយន្តបុកស្លាប់បែបនេះគឺដោយសារតែនាងតូចចិត្តនឹងសង្សាររបស់នាង
សុំបែកផ្លូវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅក្នុងខណៈពេលនោះក៏បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងកកស្ទះចរាចរណ៍តាមផ្លូវប្រហែល
១៥នាទី ដោយសារតែពេលដែលនាងម្នាក់នោះរត់ចូលឱ្យទៅរថយន្ត និងម៉ូតូបុកនោះគឺរថយន្ត និងម៉ូតូខ្លះបានខំបើកគេចនិងខ្លះទៀតបានជាន់ហ្វ្រាំងឈប់ជាបន្តបន្ទាប់យ៉ាងតក់ក្រហល់បំផុត ។
ដោយឡែកបុរសពីរនាក់ដែលអះអាងថា ជាបងប្អូនបាននាំនាងម្នាក់នោះចាកចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់បំផុតមិនហ៊ាន
បង្អង់យូរនោះឡើយ ។ ចំណែកឯសមត្ថកិច្ចប៉ូលិសក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ដើម្បីសាកសួរពីមូលហេតុ ប៉ុន្តែពេលទៅដល់នាងម្នាក់នោះត្រូវបានបងប្អូននាំចាកចេញបាត់ទៅហើយ ។
នេះជាការព្យាយាមសម្លាប់ខ្លួនមួយដែលធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់ផងដែរ ព្រោះការបើកបររថយន្តឬម៉ូតូបុកមនុស្សស្លាប់ ក្រៅពីសំណងជំងឺចិត្តក៏ត្រូវជាប់ពន្ធនាគារផងដែរ ។ ករណីអត្តឃាតដូចនារីចាញ់ស្នេហ៍នេះ មិនគប្បីប្រព្រឹត្តបែបនេះឡើយ ។ អ្នកខ្លះមាត់ដាចនិយាយថា បើចង់ស្លាប់សូមទៅស្លាប់តែម្នាក់ឯងទៅ កុំធ្វើឱ្យគេមានកំហុសដោយសារតែខ្លួនឯងចង់ងាប់រត់ចូលឡានយ៉ាងដូច្នេះអី ៕
ដោយៈ កោះសន្តិភាព