សេអ៊ូល៖ គេហទំព័រសិង្ហបុរី Channel News Asia ចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ថា ប្រទេសចំនួនបី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានពិភាក្សា និងចរចាគ្នាទៅលើកិច្ចព្រមព្រៀង ក្នុងការធ្វើពាណិជ្ជកម្មដោយ សេរី ក្នុងគោលបំណងទាញយកការរីកចម្រើន លូតលាស់ដល់កំណើនជីឌីភីពិភពលោក ឲ្យបានប្រមាណ២០ភាគរយ។
ជាមួយគ្នានេះដែរ ក្រោមការដឹកនាំរបស់ប្រទេសទាំងបី មន្រ្តីទទួលបន្ទុកផ្នែកពាណិជ្ជកម្មរំពឹងថា ពួកគេនឹងអាច ទម្លុះនូវរឿងរ៉ាវវិវាទកន្លងមកឲ្យធូរស្បើយ ឡើងវិញតាមរយៈការរឹតចំណងមេត្រីភាព និងកិច្ចការទំនាក់ទំនងរបស់ភាគីទាំងបី។
ចំពោះកិច្ចចរចាគ្នានេះដែរ ត្រូវបានគណៈប្រតិភូចិនលើកឡើងថា បច្ចប្បន្នចិន បាននឹងរំកិលខ្លួន ឲ្យគៀកនឹង សហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិក បានកសាងការគ្រប់គ្រងនៅក្នុង តំបន់ អាស៊ីឡើងវិញនោះ។គេក៏បានដឹងថា រដ្ឋាភិបាលវ៉ាស៊ីនតោន កំពុងតែនាំមុខក្នុងការចរចាលើភាពជាដៃគូ នៃការធ្វើពាណិជ្ជកម្មសេរីនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយគោលបំណងធំរបស់សហរដ្ឋអាមេរិក ចង់ដើរតួដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី ស្របពេលដែលប្រឈមមុខនឹងការរីកលូតលាស់វិស័យ សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលកើនឡើងគួរឲ្យកត់សម្គាល់ ជាហូរហែមកដល់បច្ចប្បន្ននេះ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាចូលរួមធ្វើពាណិជ្ជកម្មសេរី កាលពីពេលថ្មីៗនេះ មានប្រទេសពាក់ព័ន្ធមួយចំនួនទៀត រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ម៉ាឡេស៊ី ម៊ិកស៊ីកូ ញ៉ូវហ្សេឡែន ប៉េរូ សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាម ក៏បានចូលរួមផងដែរ។
បច្ចុប្បន្ននេះ ចិន ជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសដែលមានសេដ្ឋកិច្ច រីកលូតលាស់ខ្លាំងក្លានៅក្នុងតំបន់អាស៊ី ហើយមានកំណើនជីឌីភី សរុបប្រមាណ២០ភាគរយ ធៀបនឹងសកលលោក។
គិតក្នុងឆ្នាំ២០១១ ទំហំទឹកប្រាក់ដែលប្រទេសទាំងបី បានរួមគ្នាធ្វើពាណិជ្ជកម្ម មានរហូតដល់ ៦៩០ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
ប្រភពៈ ដើមអម្ពិល