នៅ ក្នុងខែមីនានេះគេសង្កេតឃើញថាមានព័ត៌មានពីប្រភពនានាជាច្រើន ដែលរួមទាំងពាក្យចចាមអារ៉ាមផងនោះបាននិយាយពីទូរស័ព្ទទំនើប iPhone 5S និង iPhone 6 ដោយប្រភពទាំងនោះតែងតែបានធ្វើការទស្សន៍ទាយនូវលក្ខណសម្បត្តិ បច្ចេកទេសនិងបង្ហាញពីរូបភាពគំរូរបស់ទូរស័ព្ទទាំងនេះ ។
ដោយឡែកនៅខណៈដែលក្រុមហ៊ុន Apple មិនទាន់ទាំងបានប្រកាសចេញជាផ្លូវការនូវទូរស័ព្ទ iPhone 5S ផងនោះ ប្រភពចចាមអារ៉ាមជាច្រើនបានបង្ហាញឲ្យដឹងខ្លះៗពីលក្ខណសម្បត្តិ បច្ចេកទេស ហើយអ្នករចនាម៉ូដទូរស័ព្ទមួយចំនួនក៏បានបង្ហាញពីរូបភាពគំរូ iPhone 6 ផងដែរ ។ ពាក្យចចាមអារ៉ាមដែលទាក់ទងនឹង iPhone 5S មានដូចជា៖ ពាក្យចចាមអារ៉ាមថា «ក្រុមហ៊ុន Foxconn កំពុងតែដំណើរការផលិត iPhone 5S», «Apple អាចនឹងប្រកាសចេញ iPhone 5S, iPhone តម្លៃទាប និង iOS 7 នៅក្នុងខែមិថុនា ឆ្នាំ២០១៣» និងពាក្យចចាមអារ៉ាមដែលថា «iPhone 5S អាចនឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃ (fingerprint sensor) និង NFC» ប៉ុន្តែសម្រាប់ពេលនេះមានពាក្យចចាមអារ៉ាម និងការសន្និដ្ឋានថ្មីមួយទៀតបានលើកឡើងថា ក្រុមហ៊ុន Apple នឹងបំពាក់បច្ចេកវិទ្យាសំគាល់ក្រយៅដៃ (fingerprint sensor) នៅលើ iPhone 6 វិញ គឺមិនមែនសម្រាប់ iPhone 5S នោះទេ នេះបើយោងតាមប្រភពពីគេហទំព័រ ubergizmo.com ។ Apple បន្ថែមបច្ចេកវិទ្យា Fingerprint Sensor ទៅលើកផលិតផលរបស់ខ្លួនគឺដើម្បីបន្ថែមនូវប្រព័ន្ធសុវត្ថិភាព ។
បើយោងតាមការវិភាគរបស់ លោក Gene Munster ដែលជាអ្នកវិភាគឲ្យក្រុមហ៊ុន Piper Jaffray បានឲ្យដឹងថា iPhone 6 នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Fingerprint Sensor ហើយបើតាមប្រភពចចាមអារ៉ាមនាពេលកន្លងមក iPhone 6 នឹងមានអេក្រង់ទំហំ 4.8-inch លោក Munster ក៏បានរំពឹងផងដែរថាក្រុមហ៊ុន Apple នឹងបញ្ចេញ iPhone 6 នៅត្រីមាសទី១ នៃឆ្នាំ២០១៤ ។
បញ្ជាក់៖ មកទល់ពេលនេះក្រុមហ៊ុន Apple មិនទាន់បានអះអាងយ៉ាងណានៅឡើយទេទាក់ទងនឹងថ្ងៃប្រកាសចេញ iPhone 5S និង iPhone 6 ។ សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
ទាំងនេះជារូបភាពគំរូ iPhone 6 ដែលធ្លាប់ចេញនាពេលកន្លងមក៖
តើប្រិយមិត្តពេញចិត្តទេ បើ iPhone 6 មានរូបរាងដូចនេះ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖
ប្រភពៈ ពពក