ស្រឡាញ់​នាង​ដក​ចិត្ត​មិន​រួច ពេល​ដឹង​ថា​ប្តី​នាង​មិន​នៅ លួច​ចូល​ផ្ទះ​គំរាម​ប៉ង​រំលោភ

Sunday, March 31, 2013

ខេត្តតាកែវ ៖​ ប្រជា​ពល​រដ្ឋ​ រួម​ជា​មួយ​មេភូមិ​ បាន​ឆោ​ឡោ​ប្តឹង​ប៉ូលិស​រដ្ឋ​បាល​ឃុំ​ឱ្យ​ចាប់​ខ្លួន​បុរស​ម្នាក់​ភ្លាមៗ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ចាប់​ស្ត្រី​ម្នាក់​រំលោភ​សេព​សន្ថវៈ​មិន​ បាន​សម្រេច ខណៈ​ប្តី​នាង​មិន​នៅ​ ហើយ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ដេក​លង់​លក់​នៅ​ក្នុង​មុង​ជាមួយ​កូនៗ​ ដោយ​ជន​សង្ស័យ​លប​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​យក​កណ្តៀវ​ច្រូត​ស្រូវ​ទៅ​គំរាម​ ក្នុង​បំណង​ចាប់​រំលោភ​ ។ ប៉ុន្តែ​ត្រូវ​ស្ត្រី​រងគ្រោះ​រើ​បម្រាស់​ រួច​ក៏​ស្រែក​ឆោ​ឡោ​ បណ្តាល​ឱ្យ​ភ្ញាក់​ទាំង​កូន​យំពេញ​ផ្ទះ​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជិត ​ខាង​ និង​បាន​ប្តឹង​ទៅ​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​បាន​ភ្លាមៗ​ កាល​ពី​វេលា​ម៉ោង​៨ និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៧ មីនា​ ស្ថិត​ក្នុង​ផ្ទះ​ស្ត្រី​រង​គ្រោះ​ នៅ​ភូមិ​ត្រើយ​ទន្លាប់​ ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ ស្រុក​គិរីវង់។
លោក​វរសេនីយ៍​ត្រី​ យុក សារ៉ាត់​ អធិការ​នគរ​បាល​ស្រុក​គិរីវង់ ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​មាន​ឈ្មោះ​ថាត់ អាយុ​៣៥​ឆ្នាំ​ ជា​ខ្មែរ​កម្ពុជា​ក្រោម​ បាន​មក​ធ្វើ​ការ​ជា​កម្ម​ករ​លីសែង​នៅ​តំបន់​នោះ​ ។ ជន​នេះ​បាន​យក​កណ្តៀវ​ច្រូត​ស្រូវ​គំរាម​ស្ត្រី​រង​គ្រោះ​ អាយុ​២៩​ឆ្នាំ​ មាន​កូន​៣នាក់​ ខណៈ​ប្តី​មិន​នៅ​ផ្ទះ​ ដោយ​រវល់​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ឯខេត្ត​ផ្សេង​ ។
លោក​អធិការ​នគរបាល​ស្រុក​ បាន​បន្ត​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​ ស្ត្រី​រងគ្រោះ​រួម​ជាមួយ​កូន​៣នាក់​ កំពុង​តែ​លង់​លក់​នៅ​ក្នុង​មុង​នៅ​លើ​គ្រែ​ក្នុង​ផ្ទះ​តៀម​ផ្ទាល់​ដី​ ហើយ​ជន​សង្ស័យ​រូប​នេះ​ក៏​បាន​យក​កណ្តៀវ​ច្រូត​ស្រូវ​ភ្ជង់ក​ស្ត្រី​រងគ្រោះ ​ និង​បាន​យក​ដៃ​សង្កត់​ស្មា​ជាប់​មិន​ឱ្យ​ស្រែក​ ដោយ​គំរាម​ថា​បើ​ហ៊ាន​ស្រែក​ គេ​នឹង​អារ.ក​សម្លាប់​ចោល​ ។ ប៉ុន្តែ​ដោយ​សារ​ស្មារតី​ខ្លាំង​​មិន​ភ័យ​ខ្លាច​តក់​ស្លុត​នោះ​ ស្ត្រី​រងគ្រោះ​បាន​រើ​បម្រាស់​ដោយ​ចាប់​យក​កណ្តៀវ​ពី​ជន​សង្ស័យ​បាន​ ទើប​ស្ត្រី​រងគ្រោះ​ស្រែក​ឆោ​ឡោ​ឡើង​ បណ្តាល​ឱ្យ​ភ្ញាក់​ទាំង​កូន​តូចៗ​ និង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​បង​ប្អូន​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ​ រួម​ទាំង​មេភូមិ​ផង​ដែរ​ បាន​រត់​មក​ចោម​រោម​ និង​បាន​រាយ​ការណ៍​ទៅ​ប៉ុស្តិ៍​ ដោយ​​ប៉ូលិស​បាន​ចុះ​មក​ជួយ​អន្តរា​គមន៍​ចាប់​បាន​ជន​សង្ស័យ​ភ្លាមៗ​នោះ​ដែរ ​ ។
នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ប៉ូលិស​ ជន​សង្ស័យ​ឈ្មោះ​ថាត់ ស៊ុង បាន​សារភាព​ថា​ រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​ប៉ុន​ប៉ង​ចាប់​រំលោភ​ទៅ​លើ​ស្ត្រី​រង​ គ្រោះ​នេះ​ពិត​ប្រាកដ​មែន​ គឺ​ដោយ​សារ​តែ​គេ​ស្រឡាញ់​នាង​ខ្លាំង​ពេក​ រហូត​អត់​ទ្រាំ​ពុំ​បាន​ ហើយ​គាប់​ជួន​ឃើញ​ឱកាស​ល្អ​ ខណៈ​ប្តី​របស់​នាង​មិន​នៅ​ផ្ទះ​ផង​នោះ​ គេ​ក៏​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ ខណៈ​នាង​កំពុង​តែ​ដេក​លង់​លក់​ ។ គេ​ក៏​ចាប់​ភ្ជង់ក​នឹង​កណ្តៀវ​​គំរាម​ដើម្បី​ចាប់​រំលោភ​ ប៉ុន្តែ​មិន​បាន​សម្រេច​ ត្រូវ​នាង​រើ​បម្រាស់​រូច​ និង​ស្រែក​ឱ្យ​គេ​ជួយ​ ហើយ​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​ទៅ​ ។
លោក​វរសេនីយ៍​ទោ​ សែម សុជាតិ​ នាយ​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ បាន​ឱ្យ​ដឹង​ថា​ យើង​បាន​កសាង​សំណុំ​រឿង​រួច​រាល់​អស់​ហើយ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា​ នឹង​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតី​វិធី​ ៕

ជនជាប់ចោទ


ប្រភពៈ កោះសន្តិភាព


Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook