ភ្នំពេញៈ រថយន្តមួយគ្រឿង ម៉ាកតួរីសប្រភេទ១២កៅអី ដឹកអង្ករ ពេញបើកសុខៗ ដាច់កង់ម្ខាងរេគូទ ទទឹងទៅ ម្ខាងផ្លូវទៀត បើបែកកង់ មួយគ្រាប់ទៀត រួចរេទៅប៉ះជាមួយ ម៉ូតូមួយគ្រឿង ជិះម្នាក់ឯង ច្រាសទិសជាមួយ រថយន្តបណ្តាលឲ្យរង របួសស្រាល ត្រូវបានគេដឹកបញ្ជូន ទៅសង្គ្រោះនៅគ្លីនិកឯកជន ក្នុងមូលដ្ឋាន ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាល មូលដ្ឋានបានឲ្យដឹងថា រថយន្តដែលដាច់កង់នោះ ប្រភេទរថយន្តតួរីស ពណ៌ខៀវសក្រោម ពាក់ស្លាកលេខ ភ្នំពេញ 2M-0191 អ្នកបើកបរមានឈ្មោះ រាំង វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាអ្នក បើកបរ រស់នៅ ភូមិបន្ទាយមាស ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ជាអ្នកស៊ីឈ្នួល បើកឲ្យឈ្មោះ សន ទ្រា ។ ចំណែកឯ ម៉ូតូដែលរថយន្តបោក ទៅប៉ះនោះ ឈ្មោះ វង ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកC90 ពណ៌ទឹកសមុទ្រពាក់ស្លាកលេខ ផ ០២៤១ ភព១ បើកបរ ក្នុងទិសដៅពីជើងទៅត្បូងច្រាស ទិសជាមួយរថយន្ត ។
សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបើកចេញពី ខេត្តកំពត ឆ្ពោះមកភ្នំពេញលុះដល់ចំណុចកើតហេតុស្រាប់ តែដាច់កង់ខាងក្រោយ ខាងឆ្វេងម្ខាងរមៀល លើដងផ្លូវរ៉េគូទមកទទឹងផ្លូវ អូសមក ម្ខាងផ្លូវ រួចហើយក៏បែកកង់ ក្រោយខាងស្តាំម្ខាងទៀត បន្ទាប់មកក៏បោកទៅ ប៉ះម៉ូតូមួយគ្រឿង ជិះម្នាក់ឯង បណ្តាល អ្នកជិះម៉ូតូរងរបួសស្រាល ត្រូវបានក្រុមគ្រួសារ ដឹកយកកាន់គ្លីនិកនៅក្បែរនោះ ដើម្បីជួយសង្គ្រោះ អាយុជីវិត។ ចំណែកអ្នកជិះលើរថយន្តបីនាក់ ពុំមាននរណារងរបួសនោះទេ ។
សាក្សីបានបន្តថា រថយន្តតួរីសនេះជាប្រភេទ រថយន្តរត់តាក់ស៊ីពីខេត្តកំពត មកកាន់ទីក្រុងភ្នំពេញ នៅក្នុងរថយន្ត គឺគេឃើញសុទ្ធតែអង្កពេញរថយន្តនិងកង់៣ទៅ៤គ្រឿប៉ុណ្ណោះ ហើយបន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែង កើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ និងបាន ឲ្យអ្នកបើកបររថយន្តហៅ រថយន្តស្ទូចស្ទូចរថយន្តចេញពីផ្លូវ ដើម្បីជួយសម្រួលចរាចរកុំឲ្យកកស្ទះ ចំណែកអ្នករង របួសបានសុំឲ្យសម្រួល ដោយឲ្យភាគីរថយន្ត ជួយចេញថ្លៃព្យាបាល និងខូចខាតម៉ូតូផង៕
ដោយ៖ ដើមអម្ពិល