បញ្ជូនអ្នកដាំ កញ្ឆាខុសច្បាប់ ម្នាក់ទៅតុលាការ

Sunday, March 24, 2013

បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន បានបញ្ជូនអ្នកដាំកញ្ឆា ខុសច្បាប់ម្នាក់ទៅ តុលាការ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ ដើម្បីចាត់ការបន្តតាមច្បាប់ ដោយជនសង្ស័យនេះត្រូវបាន កម្លាំងនគរបាល ស្រុករតនៈមណ្ឌល បានបង្រ្កាបនិងធ្វើការ ឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ រួចកសាងសំណុំរឿងបញ្ជូន បន្តមកស្នងការខេត្ត កាលពីរសៀលថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ។
លោក ខៀវ ឈឿត នាយស្តីទីការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានឲ្យដឹងថា ក្រោយពី កម្លាំងអធិការ ស្រុករតនៈ មណ្ឌលបានធ្វើការបង្រ្កាប អ្នកដាំកញ្ឆាខុសច្បាប់ ម្នាក់និងឃាត់ខ្លួនព្រមទាំងរឹបអូស បានដើមកញ្ឆា ចំនួន៤៦០ដើម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅចំណុចអូរតាទា ស្ថិត ក្នុងភូមិគីឡូ៣៨ ឃុំត្រែងស្រុករតនៈមណ្ឌល ដែលជនសង្ស័យបាន ដាំដំណាំកញ្ឆានេះតាំងពីដើម ខែមករា ឆ្នាំ២០១៣ កន្លងទៅ នៅលើដី៦៤ម៉ែត្រ ការ៉េមាន២០០រណ្តៅ រួចកសាងសំណុំរឿងបញ្ជូន ខ្លួននិងវត្ថុតាងម កស្នងការខេត្ត ដើម្បី ចាត់ការបន្ត។ ជនសង្ស័យដែលសមត្ថកិច្ច បានឃាត់ខ្លួននោះមាន ឈ្មោះ ខ្លូត ធី ហៅ ពក ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិសេរីវ័ន្ទ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ។
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីវេលាម៉ោង១២ថ្ងៃ ត្រង់ក្នុងដើម ខែមករា ឆ្នាំ២០១៣ខ្លួន បានទៅលេងផ្ទះឈ្មោះ ស្រី នាង គាត់បាននិយាយថា គាត់ចង់បានគ្រាប់កញ្ឆា យកទៅដាំដើម្បីយកទៅ ធ្វើថ្នាំសម្លាប់ សត្វល្អិត ក្រោយពេលនិយាយរួច ឈ្មោះ ស្រី នាង បានឲ្យគ្រាប់កញ្ឆាមកប្រហែលមួយ ស្លាប ព្រាយកមកផ្ទះ។២ទៅ៣ថ្ងៃក្រោយមកគាត់ ក៏បានយកគ្រាប់កញ្ឆានេះទៅដាំលើដី របស់គាត់រហូតមក។ លុះដលើថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ស្រាប់តែមានសមត្ថកិច្ចមកឃាត់ខ្លួននិងរឹបអូសដកដើមកញ្ឆា នេះបញ្ជូនមក ស្នងការតែម្តង។
លោក ខៀវ ឈឿត បានបញ្ជាក់ថា យោងតាមបទល្មើស ជាក់ស្តែងដែលជនសង្ស័យបានដាំ កញ្ឆាហាមឃាត់ខុស ច្បាប់ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកស្នងការខេត្តបានបញ្ជាឲ្យ ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូន ខ្លួននិងវត្ថុតាងទៅតុលាការ ខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

www.dap-news.com

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook