ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួន
ខេត្តបាត់ដំបង ៖ បុរស២នាក់ដែលអះអាងថា  រស់នៅខេត្តតាកែវ  បានជាប់អន្ទាក់កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្ត  ក្រោយពីពួកគេបានធ្វើសកម្មភាពវាយប្លន់យករថយន្តកាមរីបាឡែន១ គ្រឿងពីស្ត្រីម្នាក់ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៤ មីនា។
លោកជេត វណ្ណនី ស្នងការរងខេត្តបានថ្លែងថា  ជនសង្ស័យទាំង២នាក់  ដែលប្លន់រថយន្តកាមរីបាឡែនពីក្រុងប៉ោយប៉ែតនោះត្រូវកម្លាំង របស់លោកស្ទាក់ចាប់បានកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ មីនា  នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូល  ភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ។ លោកបន្តថា  រថយន្តនោះម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ២K-១៤៩៥ ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចក្រុងប៉ោយ ប៉ែតបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះសួន គឹមរ៉ង  ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ 
លោកជេត វណ្ណនី បានបញ្ជាក់ទៀតថា  ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យប្រើដងចបកាប់វាយត្រូវចំ កញ្ចឹងកបណ្តាលឱ្យដួលសន្លប់ខណៈគាត់កំពុងនៅក្នុងផ្ទះតែ ម្នាក់ឯង ។  ភា្លមៗនោះពួកគេក៏យកកូនសោបើករថយន្តចេញតែម្តង  ដោយយកទាំងទូរស័ព្ទ និងប្រាក់មួយចំនួនផងដែរ ។ លោកបន្ថែមថា  ក្រោយពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យផ្តល់ព័ត៌មានសុំឱ្យជួយ អន្តរាគមន៍នោះមក  លោកស្នងការខេត្តក៏ចេញបញ្ជាឱ្យកម្លាំងជំនាញចេញស្ទាក់ចាប់បានភ្លាមៗ តែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះកង  រ៉ាវុធ បានសារភាពថា  ពួកខ្លួនទាំង២នាក់ពិតជាបានវាយស្ត្រីរងគ្រោះនោះ  ដើម្បីប្លន់យករថយន្តមែន ។ ជននេះបន្តថា  ខ្លួននិងស្ត្រីរងគ្រោះធ្លាប់ស្គាល់  និងរាប់អានគ្នាជាបងធម៌អស់រយៈពេលជាងកន្លះឆ្នាំមកហើយ  ហើយពួកគេក៏ឧស្សាហ៍មកលេងល្បែងក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែត នេះដែរ ។
ជនសង្ស័យនេះបញ្ជាក់ថា  ខ្លួននិងបងស្រីធម៌ធ្លាប់ដើរផឹកស៊ីជាមួយគ្នាញឹកញាប់ទៀតផង  នៅពេលខ្លួនមកលេងក្រុងប៉ោយប៉ែតម្តងៗ ។ តាមពិតទៅ  មុនដំបូងពួកគេក៏គ្មានគោលបំណងចង់ប្លន់គាត់ដែរ  ប៉ុន្តែដោយសារការមកលេងកាស៊ីណូលើកនេះចាញ់ល្បែងទើបពួកគេ រៀបចំគម្រោងប្លន់គាត់តែម្តងទៅ ។
ជនសង្ស័យកង រ៉ាវុធ ក៏បាននិយាយថា  ពួកខ្លួនបានមកលេងកាស៊ីណូលើកនេះរយៈពេលប្រហែល១០ថ្ងៃកន្លងម កហើយ ដោយស្នាក់នៅផ្ទះសំណាក់«ភ្នំពេជ្រ» ក្រុងប៉ោយប៉ែត ។  នៅថ្ងៃកើតហេតុពួកខ្លួនចាប់ផ្តើមរៀបចំគម្រោងប្លន់បងស្រីធម៌ ដោយជិះម៉៉ូតូឌុបទៅផ្ទះគាត់ ។  លុះពេលទៅដល់ផ្ទះរបស់គាត់  ហើយគាប់ជួនឱកាសល្អផ្តល់ឱ្យផង  ខណៈឃើញបងស្រីធម៌អង្គុយក្នុងផ្ទះម្នាក់ឯងទៀតនោះ  ពួកខ្លួនក៏ដើរចូលទៅជជែកគ្នាលេងជាមួយគាត់ប្រហែល១៥នាទី  ទើបខ្លួនងើបដើរទៅខាងក្រោយផ្ទះ  ហើយប្រទះឃើញដងចបកាប់មួយ  គេក៏ទាញមកវាយបងស្រីធម៌ចំនួន២ដងចបចំកញ្ចឹងក  បណ្តាលឱ្យគាត់ដួលសន្លប់ ។ រីឯឈ្មោះគីម កុសល  ក៏បានជួួយចាប់ និងរកកូនសោរថយន្ត ។ 
ជនសង្ស័យកង រ៉ាវុធ បាននិយាយទៀតថា  បន្ទាប់មកពួកខ្លួនបានយកកូនសោពីក្នុងហោប៉ៅខោ  ទូរស័ព្ទអាយហ្វូន១គ្រឿង និងប្រាក់មួយចំនួនផង  រួចបើករថយន្តចេញភ្លាមៗតែម្តង ។  ជនសង្ស័យទាំង២បាននាក់បញ្ជាក់ថា  ពេលចេញដំណើរផុតពីក្រុងប៉ោយប៉ែតបន្តិច  ពួកគេបានឈប់ចាក់សាំងរថយន្តចំនួន៤០លីត្រ  រួចបម្រុងបន្តដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។  ប៉ុន្តែគ្រាន់តែមកដល់ខេត្តបាត់ដំបង  ក៏ឃើញសមត្ថកិច្ចខេត្តឈរលើដងផ្លូវព្រោងព្រាតស្ទាក់ចាប់បាន តែម្តងទៅ ។  តាមប្រភពព័ត៌មានពីសមត្ថកិច្ចក្រុងប៉ោយប៉ែតបានឱ្យដឹងថា  ស្ត្រីរងគ្រោះបានរងរបួសធ្ងន់ រហូតដល់សន្លប់បាត់ស្មារតី ។  ប៉ុន្តែក្រោយពីគ្រូពេទ្យប្រឹងប្រែងជួយសង្គ្រោះមក  គាត់ក៏បានដឹងខ្លួនឡើងវិញ ។ 
លោកជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបង  ក៏បានបញ្ជាក់ដែរថា ជនសង្ស័យមិនបានបដិសេធនូវទង្វើរបស់ខ្លួនទេ  ដោយបានសារភាពទាំងអស់ ពីអំពើប្លន់រថយន្តខាងលើនេះ ។  លោកបន្តថា ករណីនេះលោកស្នងការខេត្ត  នឹងត្រៀមប្រគល់ទាំងរថយន្តទាំងជនសង្ស័យទៅឱ្យសមត្ថកិច្ចបន្ទាយ មានជ័យចាត់ការបន្តនៅព្រឹកថ្ងៃទី២៥ មីនា  ពីព្រោះការប្រព្រឹត្តបទល្មើសនេះបានកើតឡើងនៅក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ៕
កោះសន្តិភាព
