ព្រំដែនកម្ពុជា-ថៃ: ក្រុមការងារចម្រុះខាងផ្នែកបច្ចេកទេសរបស់ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០១៣ បានចាប់ផ្ដើមចុះសិក្សា និងរៀបចំទីតាំងតំបន់ច្រកទ្វារព្រំដែនតំបន់៤៣ (បឹងស្នោរ) ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកតំបន់ណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃហើយ បន្ទាប់ពីអភិបាលខេត្តបន្ទាយមានជ័យ ជូនដំណឹង និងបានឯកភាពក្នុងការសហប្រតិបត្តិការពីសមភាគីអភិបាលខេត្តស្រះកែវ ប្រទេសថៃ អោយធ្វើពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ មកនោះ។ គម្រោងផ្លូវតភ្ជាប់ព្រំដែននោះ ក្រសួងមហាផ្ទៃកម្ពុជា អនុញ្ញាតអោយក្រុមហ៊ុនសំផាន់ណារិទ្ធ ឌីវើឡូបម៉ិន ស្ថាបនាប្រវែង២.៥៧០ម៉ែត្រ។ លោកហាយ សំណាង នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តបន្ទាយមានជ័យ និងលោក ខាត់ សារ៉ាន អភិបាលរងស្រុកអូរជ្រៅ និងកម្លាំងនគរបាល យោធា អាវុធហត្ថ និងលោកឧកញ៉ា សំផាន់ណារិទ្ធ ប្រធានក្រុមហ៊ុនសំផាន់ណារិទ្ធ ឌីវើឡូបម៉ិន និងសមាជិកក្រុមការងារជាច្រើននាក់ បានប្រតិបត្តិការងារនេះ។ លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ ផ្ញើលិខិតចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ជូនលោកអភិបាលខេត្តស្រះកែវ ប្រទេសថៃ បានអោយដឹងថា ក្រុមការងារបច្ចេកទេសនៃគណៈកម្មការខេត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីត្រៀមបើកច្រកទ្វារតំបន់ព្រំដែនលេខ៤៣(បឹងស្នោរ) ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកតំបន់ណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវរបស់ថៃ នឹងចុះសិក្សា និងរៀបចំទីតាំងប្លង់មេ ឈានទៅកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវដែលគ្រោងនឹងសាងសង់តភ្ជាប់ពីផ្លូវបំបែក ភូមិបឹងស្នោរឃុំស្លក្រាម ស្រុកស្វាយចេក រហូតដល់ច្រកទ្វារ តំបន់ព្រំដែន លេខ៤៣ ដោយរុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ តទៅ។ សាលាខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្ដីសម្រេចលេខ ០១៣ សសរ ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការខេត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីត្រៀមបើកច្រកទ្វារតំបន់ព្រំដែនលេខ៤៣ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានអភិបាលខេត្តជាប្រធាន អភិបាលរងខេត្តពីររូប និង មេបញ្ជាការគណៈបញ្ជាការទិសទី១ ជាអនុប្រធាន ប្រធានមន្ទីរសាធារណការខេត្ត ជាសមាជិកអចិន្ត្រៃយ៍។ មន្ត្រីក្រុមការងារបច្ចេកទេសនេះ បានប្រាប់ថា ក្រុមការងារបច្ចេកទេស បានបោះបង្គោល និងអូសខ្សែតម្រុយធ្វើផ្លូវ ចុចចំណុច និយាមការលើ GPS ដើម្បីស្ទង់ទិន្នន័យក្នុងកុំព្យូទ័រ រកលេខកូដផ្លូវ ដើម្បីគណនារកទីតាំងផ្លូវ ពិនិត្យស្ថានភាពដី ភូមិសាស្ត្រឈូសឆាយពង្រាបព្រៃ និងដីផ្លូវ បោសសម្អាតមីន និងកិច្ចការជាច្រើនទៀត។ ភាគីទាំងពី កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នារួចហើយថា ផ្លូវភ្ជាប់ព្រំដែននេះ ត្រូវសង់ទុកចន្លោះម្ខាងៗ ៥០ម៉ែត្រ ពីបង្គោលព្រំដែនលេខ៤៣ នៃខ័ណ្ឌសីមាប្រទេសទាំងពីរ។ គួរបញ្ជាក់ថា តាមលិខិតលេខ ១៧៤៤ សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ បានអនុញ្ញាតអោយក្រុមហ៊ុនសំផាន់ណារិទ្ធឌីវើឡូបម៉ិន សាងសង់ផ្លូវតភ្ជាប់ពីផ្លូវបំបែកភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដល់តំបន់ច្រកព្រំដែនលេខ៤៣ ដើម្បីភ្ជាប់ផ្លូវក្រាលកៅស៊ូរបស់ភាគីថៃ ចាប់ពីចំណុចនិយាមការ TA 256163/1527197GPS INDIA THAI ដល់ចំណុចនិយាមការ TA. 541.255(270.18)GPSW84 មានប្រវែងផ្លូវ សរុប ២.៥៧០ម៉ែត្រ។ ក្រសួងមហាផ្ទៃ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសនូវការងារសំខាន់ៗ ៤ ចំណុច ដើម្បីធ្វើអោយការងារនេះ ដំណើរការទៅដោយរលូន និងបានលទ្ធផលប្រកបដោយប្រសិទ្ធភាព៕
CEN