ភ្នំពេញ ៖  យុវសិស្សម្នាក់ខណៈពេលជិះម៉ូតូម្នាក់ឯងយកបាយឲ្យបងត្រូវរថយន្ត មួយគ្រឿងដែលបើកបរស្របទិសគ្នាកៀរឲ្យដួលបាក់ជើងឆ្វេងម្ខាងម៉ូតូ រងរបួសបន្តិចបន្តួច  ហើយជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២២ខែ មីនាឆ្នាំ២០១៣នៅលើផ្លូវបេតុងភូមិត្រពាំងល្វា សង្កាត់កាកាប  ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ចៅប៉ាវសឹង  ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជាសិស្សរស់នៅភូមិប៉ប្រកខាងត្បូង  សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានរងរបួសបាក់ជើងឆ្វេង។  ជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BI- 9135   ហើយម៉ូតូនេះគ្រាន់តែរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។  រីឯរថយន្តដែលប៉ះជាមួយម៉ូតូនោះម៉ាក  គាពណ៌សចំណុះ២តោនកន្លះអត់ស្លាកលេខ បើកបរដោយឈ្មោះ  អៀងឡុងភេទប្រុសអាយុ៣៨ឆ្នាំ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីជើងទៅត្បូង  ពេលនោះរថយន្តបានសសៀរបត់ស្ដាំបម្រុងបត់ចូលផ្ទះ  តែម៉ូតូជនរងគ្រោះវិញមិនបានបន្ថយល្បឿននោះទេគឺរឹតតែបន្ថែមល្បឿន វ៉ាស្ដាំខំឲ្យផុតរថយន្ត  តែដោយសារវ៉ាមិនផុតទើបកៀរជាមួយរថយន្តនោះតែម្ដង។
ប្រភពបន្ដថាម៉ូតូបានកៀបជាប់ក្រោមរថយន្ត  រីឯជនរងគ្រោះបានខ្ទាតចេញពីក្រោមកង់រថយន្ត  តែបានបាក់ជើងឆ្វេងម្ខាងទៅហើយ។  ក្រោយពេលកើតហេតុប៉ូលិសបាននាំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅផ្នែក សណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការ ដោះស្រាយគ្នាតាមផ្លូវច្បាប់៕
