រយៈ​ពេល​១​ថ្ងៃ​ខ្យល់​ព្យុះ​​បក់​រលំ និង​ប៉ើង​​ផ្ទះ​ប្រជា​ពលរដ្ឋ​​អស់​ជាង​១០០​ខ្នង​​នៅព្រៃវែង

Tuesday, March 26, 2013

ផ្ទះប្រជាពលរដ្ឋ​ដែល​រលំ​ដោយ​សារ​ខ្យល់​ព្យុះ​




      ខេត្ត​ព្រៃវែង ៖ ភ្លៀង​​១​មេ​ធំ​ដែល​​បក់​មក​លាយ​ឡំ​ជា​មួយ​​នឹង​ខ្យល់​ព្យុះ​​ផង​នោះ បាន​បក់​បោក​គ្រប​ដណ្តប់​​លើ​ខេត្ត​ព្រៃវែង ​អស់​រយៈ​ពេល​​ជាង​២​ម៉ោង​ បណ្តាល​ឱ្យ​​ផ្ទះ​ប្រជា​ពលរដ្ឋ​ប្រមាណជាង​១០០​ខ្នង ​នៅក្នុង​ស្រុក​ចំនួន​៣ បាន​រលំ និង​ប៉ើង​ខ្ចាត់​ខ្ចាយ ។
​ព្យុះ​​ភ្លៀង​ដ៏​ធំ​​បាន​ចាប់​​បក់​បោក​កាលពីវេលា​ ម៉ោង​ប្រមាណ​​ជាង​៤​​រសៀល​​ថ្ងៃទី​១៥ មីនា ​២០១៣ ​ទៅ​លើ​ស្រុក​ចំនួន​៣ គឺ​ស្រុក​​ស្វាយ​អន្ទរ ​ស្រុក​មេសាង និង​ស្រុក​បាភ្នំ ដោយ​មាន​រយៈ​ពេល​ជិត​៣​ម៉ោង ។ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ ខេត្ត​ព្រៃវែង  ​ឱ្យ​ដឹងថា ​ព្យុះ​​ភ្លៀង​​១​មេ​នេះ​បាន​បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០​ ខ្នង​ត្រូវដួល​រលំ និងប៉ើង​ខ្ចាត់​ខ្ចាយ ដែល​​ក្នុងនោះ​ស្រុក​ស្វាយ​អន្ទរ​៩៣​ខ្នង ស្រុក​មេសាង ២៤​ខ្នង និង​ស្រុក​បាភ្នំ​ចំនួន​១២​ខ្នង ​មិនតែប៉ុណ្ណោះបណ្តាល​ឱ្យ​​មនុស្ស​២​នាក់​រង​របួស​ស្រាល និងមេគោ​​ផើម​១​ក្បាល របួស​ធ្ងន់ផង​ដែរ ។
​គួរ​កត់​សម្គាល់​​ផង​ដែរថា ​នៅដើម​ឆ្នាំ​២០១៣ នេះ សម្រាប់​ខេត្ត​ព្រៃវែង គ្រោះ​ធម្ម​ជាតិ​ដែល​កើតឡើង​ហាក់​មាន​ភាព​សាហាវ​ជាង​ឆ្នាំ​មុនៗ​ខ្លាំង​ណាស់ ដោយ​គ្រាន់​តែ​មាន​ភ្លៀង​​ធ្លាក់​កក់​ខែ​១​មេ​ដំបូងភ្លាម ក៏​​បណ្តាល​ឱ្យ​មាន​រន្ទះ​បាញ់​ស្លាប់​​មនុស្ស​អស់​ចំនួន​២​នាក់ ។ ក្រោយ​មក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ភ្លៀង​ធ្លាក់​​មួយ​មេ​ទៀត​ក៏​នាំ​មក​ជា​មួយ​​នូវ​​ខ្យល់​ព្យុះ​ដ៏ធំ​ដែល​ ធ្វើ​ឱ្យ​មាន​គ្រោះ​មហន្ត​រាយ​​ដ៏ធំ​បំផុត ដែល​មិនធ្លាប់​មាន​ពី​មុន​មក​​សម្រាប់​ខេត្ត​ព្រៃវែង ​ហើយ​ក៏ជា​ហេតុ​ដែល​មិន​នឹក​ស្មាន​​ដល់ គឺផ្ទះ​ប្រជា​ពលរដ្ឋ​រហូត​ដល់​ទៅជាង​១០០​ខ្នង ​ត្រូវរលំ និង​ប៉ើង​ខ្ចាត់​ខ្ចាយ​ដោយ​របួស​ទាំង​មនុស្ស និង​សត្វ​​ថែម​ទៀត​ផង៕


ប្រភព   កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook