ខេត្តកំពង់ស្ពឺ ៖ ខ្យល់ព្យុះលាយឡំជាមួយនឹងភ្លៀងបានបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋខូ ចខាតអស់ចំនួន៣៥ខ្នង និង២ខ្នងទៀតបាក់រាបដល់ដី កាលពីវេលាម៉ោង៤ ថ្ងៃទី២៥ មីនា ២០១៣ នៅភូមិច្រកពពូល ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ រស់នៅភូមិកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ហើយក្រោយពេលរាំងភ្លៀង ស្រាប់តែមេឃងងឹត និងមានខ្យល់បក់យ៉ាងខ្លាំងពេលនោះខ្យល់បានបក់ដំបូលផ្ទះរបស់គាត់ ដែលប្រក់អំពីក្បឿងប៉ើងឡើងទៅលើជាច្រើនផ្ទាំង ហើយធ្លាក់មកវិញបណ្តាលឱ្យបែកជាច្រើនសន្លឹកថែមទៀត ។
លោកយន់ កល់ អាយុ៣៧ឆ្នាំ បានឱ្យដឹងថា ផ្ទះរបស់លោកសង់អំពីឈើប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ជាប្រភេទផ្ទះតៀម ។ លោកបន្តថា ក្រោយពេលរាំងភ្លៀង មានខ្យល់បក់មកយ៉ាងខ្លាំង ហើយមិនដល់២នាទីផង ផ្ទះរបស់លោកក៏ត្រូវខ្យល់បក់ប៉ើងរបើកដំបូលស័ង្កសី និងសសរឈើមួយដើមហើរទៅធ្លាក់នៅមុខផ្ទះប្រជាពលរដ្ឋរប៉ាត់រប៉ាយ ចំណែកតួផ្ទះត្រូវខ្យល់កួចរលំបាក់រាបដល់ដី តែសំណាងល្អកូនប្រុសរបស់លោកដែលជ្រកភ្លៀងក្នុងផ្ទះមិន មានគ្រោះថ្នាក់ ។
ក្នុងហេតុការណ៍នេះ ក្មេងប្រុសម្នាក់បានរងរបួសបែកក្បាលដោយសារបំណែកក្បឿងធ្លាក់ចំ និងផ្ទះមួយខ្នងទៀត ដែលបាក់រាបដល់ដីដែរនោះ ម្ចាស់ឈ្មោះយាយ លី អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ចំណែកផ្ទះប្រជាពលរដ្ឋផ្សេងៗទៀតគ្រាន់តែប៉ើងដំបូលក្បឿងបន្តិច បន្តួចប៉ុណ្ណោះ ៕
កោះសន្តិភាព
ប្រភព កោះសន្តិភាព