លោកបណ្ឌិត សភាចារ្យ សុខ អាន ៖ ដរាបណា សម្តេច តេជោ ជានាយករដ្ឋមន្រ្តី គ្មានយកពន្ធ ដីស្រែ

Sunday, March 24, 2013

តាកែវ៖ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។
ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៨១៤ក្បាលដី លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា "ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេសថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផលសម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ប៉ុន្តែមិនមែនដើម្បីយកពន្ធដូចដែលក្រុម មួយចំនួនតូចបានលើកឡើង នោះទេ"។
លោកបណ្ឌិតសភាចា្យ បានថ្លែងថា "ដរាបណារាជរដ្ឋាភិបាលនៅតែដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ នឹងមិនត្រូវបានយកពន្ធនោះឡើយ" ជាមួយនឹងការអំពាវនាវ កុំឱ្យ បងប្អូនប្រជាពលរដ្ឋ ចាញ់បោកជនមួយក្តាប់តូច ដែលតែងតែមានចេតនា ឃោសនាអូសទាញឱ្យប្អូនទៅចាប់យកដី របស់រដ្ឋ និងបង្កភាពចលាចលក្នុងសង្គមជាតិនោះឡើយ។
លោក បន្តថា រាល់ការចូលទន្រ្ទានចាប់យកដីរដ្ឋ និងការបោះបង្គោលលើដីរដ្ឋ គឺជាសកម្មភាពខុសច្បាប់ និងត្រូវហាមឃាត់ជាដាច់ខាត ហើយរាល់ជនល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា "ដូចដែលយើងបានដឹងហើយថា រាជរដ្ឋាភិបាលបាននិងកំពុង អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តនានា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យ កសិកម្ម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងប្រព័ន្ធធារាសាស្រ្ត និងការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍជនបទ សំដៅបង្កើតឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋក្នុងការបង្កើន ចំណូលប្រចាំគ្រួសារ។ ដូច្នេះ ការផ្តល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យ បងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែខ្លាំងឡើងថែមទៀត"។
បើតាម លោក សុខ អាន នៅក្នុងខេត្តតាកែវយើងនេះ ការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី បានគ្របដណ្តប់លើឃុំចំនួន១៥ ក្នុងស្រុកគីរីវង់ និងស្រុកត្រាំកក់ ដោយមានការចូលរួមពីមន្រ្តីជំនាញ បច្ចេកទេស ចំនួន ១១នាក់ និងយុវជនស្ម័គ្រចិត្តសម្តេចតេជោចំនួន ៣៦នាក់។ ជាលទ្ធផល បើគិតមកត្រឹម ថ្ងៃនេះ ក្រុមមន្រ្តី បានបំពេញសាលាកបត្រព័ត៌មានចំនួន ១២.០២៥ ក្បាលដី និងបានបញ្ចូលសម្រង់បញ្ជីឈ្មោះ ម្ចាស់ដីបានចំនួន ៩.៣៧៨ គ្រួសារ។ កន្លងមក លោក បានចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤ ៣៥១ ក្បាលដី ជូនប្រជាពលរដ្ឋចំនួន ២ ៥០៧ គ្រួសារក្នុងខេត្តតាកែវនេះ។
យ៉ាងណាក៏ដោយ លោកសុខ អាន ក៏បានអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមបញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការគ្រប់គ្រងដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែម ទៀត៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook