នៅចំពោះមុខសមត្ថកិច្ច ឈ្មោះយ៉េត វាសនា  ហៅចិត្រា បានសារភាពថា  ខ្លួនពិតជាបានប្រព្រឹត្តការលួចជាច្រើនលើកមកហើយ  ទាក់ទិននឹងការលួចម៉ូតូរបស់មិត្តភក្តិនៅក្នុងខេត្តកំពង់ធំ  និងនៅខេត្តសៀមរាប  ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាការនៅខេត្តកំពង់ធំអស់ រយៈពេល១ឆ្នាំ គឺនៅឆ្នាំ២០០៩ ។  នៅពេលចេញពីពន្ធនាគារខេត្តកំពង់ធំ នៅឆ្នាំ២០១០  រូបគេបានទៅរស់នៅក្នុងស្រុកសែនជ័យ ហើយនៅក្នុងឆ្នាំ២០១២  ខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូមិត្តភក្តិនៅខេត្តសៀមរាប  ហើយត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន  ដាក់ពន្ធនាគារអស់រយៈពេល១ឆ្នាំទៀត ។
លុះដល់ថ្ងៃទី១៧ មីនា នៅវេលាម៉ោង៨  និង៣០នាទីយប់  ខ្លួនក៏បានធ្វើសកម្មភាពប្លន់យកម៉ូតូម្តងទៀតរបស់អ្នកភូមិស្អាង  ស្រុកសែនជ័យ ខេត្តព្រះវិហារ ។ នេះជាលើកទី៣ហើយ  ដែលខ្លួនបានប្រព្រឹត្ត ខណៈខ្លួនកំពុងតែអង្គុយផឹកទឹកត្នោតជូរ  ក៏បានឃើញក្មេងប្រុសម្នាក់ជិះម៉ូតូធុនសេ១២៥ ស៊េរី២០១២  ទៅជិតខ្លួន ពេលនោះក៏បានហៅក្មេងប្រុសជនរងគ្រោះឱ្យឌុប  លុះទៅដល់ជិតសាលារៀនក្នុងទីប្រជុំជនស្រុកសែនជ័យ  ក៏ឱ្យឈប់បត់ជើងតូច ពេលឈប់ម៉ូតូ  ខ្លួនក៏បានវាយទៅលើក្មេងប្រុសនោះបណ្តាលឱ្យដួលទៅលើដីពីបី ត្រឡប់ ពេលនោះខ្លួនបានទាញយកម៉ូតូជិះគេចខ្លួនតែម្តង ។
លុះដល់ថ្ងៃទី២០ មីនា  សមត្ថកិច្ចខេត្តកំពង់ធំ ក៏បានធ្វើការឃាត់ខ្លួន  ហើយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ  ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូជនរងគ្រោះ  ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារធ្វើការ ប្រគល់ជូនម្ចាស់ដើមវិញ នៅព្រឹកថ្ងៃទី២១ មីនា ផងដែរ ៕
ប្រភពៈ កោះសន្តិភាព 
