ភ្នំពេញ ៖  នារីម្នាក់បន្ទាប់ពីតាមដានដឹងថាលោកប្ដីរបស់ខ្លួនមានស្រី លួចលាក់នៅក្នុងហាងខារ៉ាអូខេរាត្រីសេកុងរួចមកនាងបានព្យាយាមតាមមក អូសទាញប្ដីឲ្យវិលរកឆ្នាំងចាស់វិញ  តែដោយ សារ លោកប្ដីរូបនោះមិនព្រមទៅវិញតាមសម្រួលទើបនាងលេបថ្នាំ អស់ជាច្រើនគ្រាប់បណ្ដាល ឲ្យដួលសន្លប់ភ្លាមៗធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់មនុស្សជាច្រើន។
ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១និង២២នាទីយប់ ថ្ងៃទី២១  ខែមីនាឆ្នាំ២០១៣នៅចំណុចមុខហាងខារ៉ាអូខេរាត្រីសេកុងតាមផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេព្រោះនាងសន្លប់និយាយមិន រួច។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ នាងបានព្យាយាមមកតាមដានប្ដីរបស់នាងនៅហាងខារ៉ាអូខេរាត្រីសេកុង នេះអស់រយៈពេលជាយូរណាស់មកហើយដោយនាងបានស៊ើបដឹងថាលោកប្ដីរបស់ នាងបានស្រឡាញ់នារីជាមេការម្នាក់នៅក្នុងហាងនោះយ៉ាងងប់ងុលដកចិត្ត មិនរួចនោះឡើយ  ទោះបីជានាងមកហៅប្ដីឲ្យត្រឡប់ទៅផ្ទះវិញយ៉ាងណាក៏លោកប្ដីរបស់នាង មិនព្រមដែរ។  មានប្រភពខ្លះបញ្ជាក់ថានាងរងគ្រោះនិងប្ដីរបស់នាងគឺជាប្ដី ប្រពន្ធមិនបានរៀបការនោះទេ  តែនេះគ្រាន់តែជាការអះអាងពីអ្នកផ្សេងតែប៉ុណ្ណោះ។  ប្រភពដដែលនេះបន្ដថាគ្រានោះនាងបាននិយាយរៀបរាប់ពីការឈឺចាប់របស់ នាងដែលប្ដីមានស្រីបែបនេះ  បន្ទាប់ពីនិយាយចប់នាងបានយកថ្នាំជាច្រើនគ្រាប់មកលេបតែម្ដង។  ពេលនោះគេមិនចាប់អារម្មណ៍ថានាងលេបថ្នាំអ្វីនោះទេមួយសន្ទុះក្រោយមក ស្រាប់តែនាងដួលសន្លប់។  គេបានដឹងថានាងមានអាយុប្រហែលជាង២០ឆ្នាំនិងមានទីលំនៅម្ដុំ ផ្សារជំពូវ័ន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីមានរឿងបែបនេះប៉ូលិសបានហៅរថយន្តសង្គ្រោះមកដឹកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញទាំងសន្លប់ស្ដូកស្ដឹង៕
ប្រភព កម្ពុជាថ្មី
