កងទ័ពវៀតណាម ត្រៀមលក្ខណៈ បន្ត​ជួយ ឧបត្ថម្ភ​ដល់ កងទ័ព​កម្ពុជា​

Sunday, March 24, 2013


ភ្នំពេញ: កងទ័ព​ប្រជាជន​វៀតណាម​បានបង្ហាញ​ពី​សុច្ឆន្ទៈ​ក្នុង​ការបន្ត​ជួយឧបត្ថម្ភ​ដល់​កងទ័ព​កម្ពុជា ជា​បងប្អូន ក្នុង​គ្រប់​កាលទេសៈ ដែល​កងយោធពល ខេមរភូមិន្ទ ជួប​ប្រឈម នូវ​រាល់​ការលំបាក ទាំងឡាយ ដែល​នោះ​ជា​ប្រពៃណី បានកកើតឡើង ជា​យូរលង់​មកហើយ សម្រាប់​កងទ័ព​ភាគី​ប្រទេស​ទាំងពីរ​។​

​ការបង្ហាញ​ពិ​ជំហរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្អិតរ​មួ​ត​រវាង​កងទ័ព​ភាគី​ទាំងពីរ​កម្ពុជា និង​វៀតណាម ត្រូវបាន​ស្តែងឡើង ដោយ​លោក វរសេនីយ៍ឯក​ពិសេស ង្វៀន អា​ញ់​ហ្ស៊ុ​ង (Nguyen Anh Dzung) ប្រធាន​សេនា​នុព​ន្ធ​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ក្នុងឱកាស​ដែល ប្រតិភូ ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ខុទ្ទកាល័យ​អគ្គបញ្ជាការ​អញ្ជើញ​ទៅ​សំដែង អំណរ​សាទរ និង​ជូនពរ​ដល់​មន្ត្រីការទូត យោធា​វៀតណាម នៅឯ​និវេសនដ្ឋាន របស់​សេនា​នុព​ន្ធ នាទី​ក្រុងភ្នំពេញ កាលពី​ព្រិ​ក ថ្ងៃទី​៦ ខែកុម្ភៈ​ឆ្នាំ​២០១៣ សំដៅ​រួមចំណែក អបអរ​ទិវា​បុណ្យចូលឆ្នាំ ប្រពៃណី​វៀតណាម ដែល​នឹង​ឈានចូល មកដល់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

លោក​ប្រធាន​សេនា​នុព​ន្ធ​វៀតណាម​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​នូវ​រាល់​លទ្ធផល ផ្លែផ្កា ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០១២ កន្លងទៅនេះ ក្រោម​ស្មារតី​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព ភាគី​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម​។ ប៉ុន្តែ​រាល់​សមិទ្ធផល ដែល កងទ័ព​ប្រជាជន វៀតណាម​ជា​បងប្អូន សម្រេចបាន​កន្លងទៅនេះ ពិតជា​ពុំ​អាច​កាត់ផ្តាច់​បាន​ពី​ការជួយ ជ្រោមជ្រែង ពី​សំណាក់​កងយោធពល​ខេមរភូមិន្ទ បានឡើយ ពិសេស​កិច្ចសហការ ក៏ដូចជា​ការបង្ក​លក្ខណៈ​ងាយស្រួល ក្នុងការ​បំពេញភារកិច្ច ការងារ រវាង​ខុទ្ទកាល័យ អគ្គបញ្ជាការ​ជាមួយនិង​ការិយាល័យ​សេនា​នុព​ន្ឋ​វៀតណាម​។​នេះ​បើតាម​ការអះអាង​ពី​សំណាក់​លោក​ង្វៀន​អា​ញ់​ហ្ស៊ុ​ង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​ខុទ្ទកាល័យ​អគ្គបញ្ជាការ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ តំណាង​ឱ្យដល់​នាយទាហាន នាយទាហានរង​និង​ពលទាហាន ក្នុង​ខុទ្ទកាល័យ អគ្គបញ្ជាការ​បាន​សំដែង នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជួយ​គាំទ្រ​និង​ឧបត្ថម្ភ​នូវ​ជំនួយ​ថវិកា​និង​គ្រៀង​បរិក្ខា​សម្ភារៈ​ជា​បន្តបន្ទាប់​ដល់​កងយោធពល​ខេមរភូមិន្ទ​និង​ដោយឡែក​ខុទ្ទកាល័យ​អគ្គបញ្ជាការ លើ​វិស័យ​អភិវឌ្ឍន៍​សមត្ថភាព ក្នុងការ​កែទម្រង់​កង​ទ័ព សម្រេចបាន ជោគជ័យ គួរ​ជាទី​មោទនភាព​នាពេល​បច្ចុប្បន្ននេះ​។​

​ឆ្លៀត​ក្នុងឱកាស​ជួប​សំណេះសំណាល​ជា​លក្ខណៈ​ភាតរភាព​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ ក៏បាន​ស្វាគមន៍ និង​ជូនពរ ចំពោះ​វត្តមាន របស់លោក​វរសេនីយ៍ឯក ង្វៀន វ៉ាន​ជុង​ដែល​និង​ទទួល​ដំណែង​ជា​អនុប្រធាន​សេនា​នុព​ន្ធ​ប្រចាំ​នៅ​កម្ពុជា ជំនួស លោក វរសេនីយ៍ឯក ពិសេស ឌី​ញ វ៉ាន​ហ្វឿ​ង អនុប្រធាន​សេនា​នុព​ន្ធ ដែល​នឹងត្រូវ​បញ្ចប់​អាណត្តិ មន្ត្រីការទូត​យោធា​នា ពេលខាងមុខ​នេះ​។​

លោកនាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការ ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ និង​ជូនពរ​សម្រាប់ ទិវា​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​វៀតណាម ជា​បងប្អូន ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​ដល់ នាយអគ្គសេនាធិការ ព្រមទាំង​នាយទាហាន​នាយទាហានរង និង​ពលទាហាន​នៃ​កងទ័ព​ប្រជាជន​វៀតណាម សម្រេច បាន​ជោគជ័យ​ធំធេង បន្ថែមទៀត សម្រាប់​ឆ្នាំ​ថ្មី ខាងមុខនេះ​៕​

ប្រភពៈ CEN

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook