ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្ថិតនៅ  ក្នុងស្ថានភាពស្រវឹង បានបើករថយន្ត ទៅបុករនាំងដែកចែក ទ្រូងផ្លូវ បណ្តាលឲ្យ  បាក់អស់ ចំនួន ៥ ផ្ទាំង កាលពីវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា  ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយ ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ៣០២  សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ អ្នកបើករថយន្តបង្ក ដែលបំផ្លាញ  ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ខាងលើនេះ ត្រូវបានកម្លាំង  សមត្ថកិច្ចឃាត់ខ្លួន និងរថយន្តផងដែរ។
មន្រ្តីនគរបាលចរចរ ជើងគោក រាជធានី ភ្នំពេញបានឲ្យដឹងថា មុនពេលកើតហេតុ  គេបានឃើញ រថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ក្រហមពាក់ ស្លាកលេខ ភ្នំពេញ 2O-9200  បើកបរដោយ បុរសជនជាតិម្នាក់ ក្នុងទិសដៅពីត្បូង ទៅជើងលុះមកដល់ ចំណុចកើតហេតុ  ស្រាប់តែ រថយន្តរេចង្កូត ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់  ចំនួន៥ផ្ទាំង និងរថយន្ត រងការខូចខាត យ៉ាងធ្ងន់ធ្ងរ។ មន្រ្តីនគរបាលចរាចរ  បានបន្តថា អ្នកបើករថយន្តមាន ឈ្មោះ ZHONG QI WU ភេទប្រុស ជាជនជាតិចិន ។
បើយោងតាម មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា មូលហេតុ  ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបរ  មានជាតិស្រវឹង ហើយតាមការពិនិត្យ ជាតិលអាល់កុល គឺបង្ហាញថា  អ្នកបើករថយន្តរូបនេះ មានអាត្រាជាតិអាល់កុល ចំនួន០,៨១ មីលីក្រាម  ក្នុងមួយលីត្រខ្យល់ ។
ក្រោយកើតហេតុ ទាំងអ្នកបើករថយន្ត និងរថយន្ត ត្រូវបានកម្លាំង  នគរបាលចរាចរជើងគោក យកទៅឃុំខ្លួន និងរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក  រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាម  ផ្លូវច្បាប់៕
