ឃាត់ខ្លួន ពីរនាក់ប្តី-ប្រពន្ធ សង្ស័យសម្លាប់ ក្មួយស្រីអាយុ ៧ ឆ្នាំ នៅប៉ោយប៉ែត

Friday, March 22, 2013

បន្ទាយមានជ័យ ៖ ក្រោយពីស្រាវជ្រាវអស់រយៈពេល ០២ ថ្ងៃ ជុំវិញការស្លាប់ របស់កុមារីឈ្មោះ បុណ្យ ស្រីមុំ អាយុ ៧ ឆ្នាំ រស់នៅ ជាមួយជីដូននៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ០២ នាក់ ប្តី-ប្រពន្ធ យកទៅសួរនាំ ដែលជនសង្ស័យទី១ ឈ្មោះ ម៉ៅ ជា ឪពុកមា និងម្នាក់ទៀតឈ្មោះ ណាត ជាម្តាយមីង ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ខាងលើធ្វើឡើង បន្ទាប់ពីរកឃើញភាពខុសប្រកតីមួយចំនួន នៅ ជាមួយជនទាំង ០២ នាក់នេះ ដូចជាស្នាមឈាម ប្រឡាក់លើស្បែកជើង ប្រឡាក់ដៃ និងខោអាវ។ ហើយមិនតែប៉ុណ្ណោះ សំដីពេលសមត្ថកិច្ចសួរនាំ ហាក់មានអាថ៌កំបាំង។ បច្ចុប្បន្ន ជនសង្ស័យ កំពុងស្ថិតក្រោមការសួរនាំ របស់នគរបាល ក្រុង ប៉ោយប៉ែត ។
ក្មេងស្រីម្នាក់ឈ្មោះ បុណ្យ ស្រីមុំ ហៅ ចាន់ថន អាយុ ៧ ឆ្នាំ ឪពុក-ម្ដាយ ទៅស៊ីឈ្នួល នៅប្រទេសថៃបាត់ សព្វថ្ងៃរស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រស់នៅជាមួយជីដូន បានបាត់ពីផ្ទះមួយយប់ ហើយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ នេះ ត្រូវបានគេប្រទះឃើញសព នៅក្រោយផ្ទះ ដោយគេញាត់ការុង ក្រោយផ្ទះ ១០០ម៉ែត្រ។
ជីដូនក្មេងស្រីរងគ្រោះឈ្មោះ ចាន់ តែន បាននិយាយថា មុនពេលកើតហេតុ នាងតូចឈ្មោះ បុណ្យ ស្រីមុំ បានបាត់ ហើយ នៅពេលដល់ម៉ោង ១១ថ្ងៃត្រង់ ជាពេលហូបបាយ មិនឃើញត្រឡប់មក ពួកគាត់ក៏បានដើររកដែរ តែមិនឃើញចៅស្រីរង គ្រោះមិនឃើញសោះ ពេញមួយថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ លុះចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោងជិត១២ ថ្ងៃត្រង់ មានក្មេងៗប្រុសក្នុងភូមិ នាំគ្នាទៅបេះផ្លែស្វាយ ក៏ប្រទះឃើញសពក្មេងស្រី ក្នុងការុងមួយ ដែលគេប្លុងចោល។
ក្រុមគ្រួសារសព បានសង្ស័យថា ចៅស្រីរបស់គាត់ គ្មានទំនាស់ជាមួយអ្នកភូមិ ហើយនាងក៏គ្មានគ្រឿងអលង្ការ មានតម្លៃ ពាក់ដែរ រឿងនេះអាចមានគេរំលោភ ហើយសម្លាប់ញាត់ការុងបំបិទមាត់។
នៅកន្លែងកើតហេតុ គេបានឃើញវត្ដមាន លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ដបន្ទាយមានជ័យ កង កម្លាំងរាជអាវុធ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន ជាច្រើនាក់ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត មិនអាចសុំបំភ្លឺបានទេ ដោយលោកនិយាយយ៉ាងខ្លីថា ពេលនេះ សមត្ថកិច្ចកំពុងធ្វើការ ៕
 www.dap-news.com
www.dap-news.com
ដោយៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook