ភ្នំពេញ ៖  ជនសង្ស័យពីរនាក់ត្រូវបានអធិការខណ្ឌដង្កោចេញបញ្ជាឲ្យចាប់ខ្លួន សាជាថ្មី ដើម្បីយកមកធ្វើការសាកសួរឡើងវិញ ក្នុងករណីរំលោភសេពសន្ថវៈ  បន្ទាប់ពីលោកអធិការរងខណ្ឌ  ដង្កោមួយរូបបានធ្វើដោះលែងដោយយកលេសថា មិនមែនជាករណីជាក់ស្តែង។
ជនសង្ស័យពាក់ព័ន្ធនៅក្នុងករណីរំលោភបូកទាំងពីរនាក់ដែលលោកអធិការ ខណ្ឌ ដង្កោបញ្ជាឲ្យចាប់មកវិញ មានឈ្មោះទី១. នុត នី ភេទប្រុស  អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់ នៅភូមិសេរីសម្បត្តិ  សង្កាត់គង់នយ ខណ្ឌដង្កោ និងទី២. ឈ្មោះ វ៉ាន់ ពឿន ភេទប្រុស  អាយុ២៤ឆ្នាំ មុខរបរប៉ះកង់រថយន្តនៅផ្លូវកម្ពុជាក្រោម  បច្ចុប្បន្នរស់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ  និងមានស្រុកកំណើតនៅភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគីរីវង់  ខេត្តតាកែវ ដោយឡែកនារីរងគ្រោះនៅក្នុងករណីនេះមានឈ្មោះ ម. រ .ត. ន  ភេទស្រី អាយុអាយុ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រ  មានទីលំនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ជាស្ត្រីមេម៉ាយ  មានកូនស្រីម្នាក់ អាយុ៩ឆ្នាំ។
នគរបាលយុត្តិធម៌ខណ្ឌដង្កោប្រាប់ឲ្យដឹងថា  ហេតុការណ៍រំលោភបូកនេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង១៥នាទី  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ មកម្ល៉េះ  នៅចំណុចខ្ទមចាំចំការខាងលិចស្ពានកំពង់ទួលផ្លូវជាតិលេខ៣  សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនគរបាលដដែលប្រាប់ថា កាលពីថ្ងៃកើតហេតុជនសង្ស័យឈ្មោះ  នុត នី បានឌុបនារីរងគ្រោះទៅលេងនៅស្ពានកំពង់ទួល  ពេលទៅដល់ទីនោះជនសង្ស័យក៏បាននាំនាងចូលទៅលេងចំការស្វាយហើយនារី រងគ្រោះក៏យល់ព្រម  ពីព្រោះអ្នកទាំងពីរជាអតីតសង្សារស្រឡាញ់គ្នាតាំងពីឆ្នាំ២០០៨ ម្ល៉េះ។ ក្នុងពេលនោះដែរជនសង្ស័យបានលួងលោមរួមរ័ក្សជាមួយនាងបានម្តង  រួចហើយក៏នាំទៅផ្ទះឈើមួយកន្លែងទៀតឲ្យគូកនរបស់គេម្នាក់ ឈ្មោះ  វ៉ាន់ ពឿន រំលោភនារីរងគ្រោះបន្តទៀត។ ខណៈចាប់នាងឲ្យគូកនរំលោភ  ក៏មានស្ត្រីម្នាក់ ឈ្មោះ ភាព បានលួចថតរូប  ទុកសម្រាប់ជាភស្តុតាងផងដែរ។
មន្ត្រីនគរបាលយុត្តិធម៌ប្រាប់បន្តថា  បន្ទាប់ពីរំលោភរួចហើយនារីរងគ្រោះក៏ត្រឡប់មកផ្ទះវិញដោយមិនហ៊ាន ប្រាប់បងប្អូនសាច់ញាតិឲ្យដឹងទោះទេ។  ប៉ុន្តែក្រោយមកដោយសារជនសង្ស័យឈ្មោះ នុត នី  ចេះតែទូរស័ព្ទគម្រាមនារីរងគ្រោះខ្លាំងពេក ហើយម្យ៉ាងនាងគិតថា  ជនសង្ស័យក៏មានប្រពន្ធដែរ ទើបនៅថ្ងៃទី២១ ខែមីនា  ឆ្នាំ២០១៣នេះនារីរងគ្រោះបានមកប្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលសាក់ សំពៅ ពីព្រោះនារីរងគ្រោះគិតថា នាងរស់នៅក្នុងសង្កាត់សាក់សំពៅ  ទើបនាងមកដាក់ពាក្យបណ្តឹងនៅទីនេះ  ប៉ុន្តែតាមការពិតករណីនេះកើតឡើងនៅសង្កាត់ក្រាំងពង្រឯណោះទេ។
ព័ត៌មានពីនគរបាលខាងលើប្រាប់ទៀតថា  បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ  ភ្លាមៗនោះសមត្ថកិច្ចក៏បញ្ជូនសំណុំរឿងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងពង្រឲ្យចុះធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ជនសង្ស័យពីរ នាក់ខាងលើកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣  រួចនាំមកយកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។  ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវដោះលែង  ដោយលោកអធិការរងម្នាក់ ក្នុងយប់ថ្ងៃដដែល ដោយយកលេសថា  រឿងនេះមិនមែនជាករណីជាក់ស្តែង។
មន្រី្តនគរបាលយុត្តិធម៌ប្រាប់បន្តទៀតថា  ដោយមានភាពអយុត្តិធម៌ចំពោះនារីរងគ្រោះ កាលពីព្រឹកថ្ងៃទី២២ ខែមីនា  ឆ្នាំ២០១៣ លោក យឹម សារ៉ាន់ អធិការខណ្ឌដង្កោ ដែលទើបតែមកទទួលតំណែងថ្មី  ក៏បានបញ្ជាកំលាំងចុះស្រាវជ្រាវ  និងនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើយកមកវិញ  ដើម្បីធ្វើការសាកសួរសាជាថ្មី  ក្នុងការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ  ផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ប្រភព: កម្ពុជាថ្មី
