បាត់ដំបង  ៖  នារីវ័យជំទង់ម្នាក់បានខំរើបម្រាស់រួចផុតពីក្រញាំបិសាចតណ្ហា  ខណៈដែលធ្វើដំណើរទៅមើលគេរាំធុងបាស  ត្រូវជនល្មោភកាមពួនស្ទាក់ចាប់នាងនៅពាក់កណ្ដាលផ្លូវ។
លោក វរសេនីយ៍ត្រី គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា  ករណីប៉ុនប៉ងរំលោភតែមិនបានសម្រេចនោះបានកើតឡើងនៅវេលាម៉ោង៨និង១៥ នាទី យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣  លើកំណាត់ផ្លូវលំស្ថិតក្នុងភូមិប្រលាយផ្ដៅ ឃុំតាលាស់ ស្រុកមោងឫស្សី  ខេត្តបាត់ដំបង ដោយជនបង្កមានឈ្មោះ ប៉ាល់ រឿន ភេទប្រុស អាយុ៣៦ឆ្នាំ  ចំណែកនារីរងគ្រោះមានឈ្មោះ រ.ក.ស អាយុ១៤ឆ្នាំ អ្នកទាំង២រស់នៅក្បែរចំណុចកើតហេតុខាងលើ។
យោង តាមការបំភ្លឺក្នុងពាក្យបណ្ដឹងរបស់នារីរងគ្រោះដែលជាអនីតិជនបាន រៀបរាប់ថា នៅព្រលប់ថ្ងៃកើតហេតុ  នាងទៅមើលគេរាំងធុងបាសនៅក្បែរភូមិ លុះដល់ម៉ោងប្រហែលជាង១០យប់  នាងក៏ធ្វើដំណើរតែម្នាក់ឯងត្រឡប់មកផ្ទះវិញដោយសារងងុយដេក។
នារី វ័យជំទង់រូបនោះបានបន្តទៀតថា  ខណៈដែលនាងកំពុងធ្វើដំណើរតាមដងផ្លូវលំក៏ស្រាប់តែលេចមុខជនខាងលើ ចេញពីគុម្ពព្រៃស្ទុះមកចាប់ច្របាច់.ក នាងជាប់ រួចវ៉ៃក្បាលពោះនាងចំនួន៣ដៃ  ថែមទាំងធ្វើឲ្យរូបនាងមានការឈឺចាប់បំផុត។  ស្របពេលជាមួយគ្នានោះបុរសរូបនោះបានចាប់ទាញខោខ្លីនាងបម្រុងស្រាត ដើម្បីរំលោភ ប៉ុន្តែដោយសារការប្រឹងរើបម្រាស់  និងប្រទាញប្រទង់គ្នាបណ្ដាលឲ្យខោខ្លីរបស់នាងត្រូវរហែក  ហើយនាងមានឱកាសក៏ខំស្រែកឲ្យគេជួយ  នៅពេលនោះបានប្រជាពលរដ្ឋក្នុងភូមិឮ  ក៏ចេញមកព្រោងព្រាតធ្វើឲ្យជនសង្ស័យលែងនាង  ហើយរត់គេចខ្លួនបាត់តែម្ដង។
លោក វរសេនីយ៍ត្រី គិត ហ៊ាង បានគូសបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹង  និងស្រាវជ្រាវសាវតាជាតិរួចមក  ទើបដឹងថាជនបង្ករូបនេះជាបុរសពោះម៉ាយកូន២  ហើយមានមុខរបរជាកម្មកសំណង់នៅឯភូមិមោង ក្នុងស្រុកមោងឫស្សី  ទើបនៅម៉ោង៩ព្រឹកថ្ងៃទី១១ ខែមេសា  កម្លាំងសមត្ថកិច្ចបានចូលទៅឃាត់ខ្លួន ខណៈជននេះកំពុងធ្វើការសំណង់។
ក្រោយពីទទួលបានចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់៕
ប្រភព រស្មីកម្ពុជា 
