រាជធានីភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ កំពុងតែដើរនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ ជាភេទទីបី ២នាក់ បានជិះម៉ូតូស្តេប ពណ៌សលាយខ្មៅ មកធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនបានសម្រេច ត្រូវនគរបាលប៉ុស្តិ៍បឹងកេងកងទី២ ជិះម៉ូតូល្បាត ប្រទះឃើញដេញតាមឃាត់ខ្លួនបានម្នាក់ រត់គេចខ្លួនម្នាក់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី២៤ មេសា តាមផ្លូវលេខ៣១០ ក្រុម១៣ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាភេទទីបី ២នាក់ ជិះម៉ូតូស្តេប ពណ៌សលាយខ្មៅ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិបរទេសម្នាក់ កំពុងតែដើរនិយាយទូរស័ព្ទ ប៉ុន្តែឆក់មិនបានសម្រេចទេ ត្រូវអ្នករត់ម៉ូតូឌុបឃើញ បានស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យជិះម៉ូតូ រត់គេច ទើបនគរបាលល្បាតក្នុងមូលដ្ឋានជិះម៉ូតូដេញតាមទៅដល់ស្ពានឥន្ធូ ស្ពានកោះពេជ្រ ស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅបុកបារ៉ាសខុនដូវិមានកុលាប បណ្តាលឲ្យដួល ហើយនាំគ្នារត់គេចខ្លួន ត្រូវសន្តិសុខយាមនៅទីនោះ និងនគរបាលប៉ុស្តិ៍ រត់ដេញតាមចាប់បានជនសង្ស័យម្នាក់ ចំណែកជនសង្ស័យម្នាក់ទៀត រត់ចូលទៅក្នុងប្រឡាយទឹកក្រោមស្ពាន បាត់ស្រមោល ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍កន្លងមក ជនសង្ស័យដែលសកម្មភាពភាគច្រើន ជាបុរស ឬក៏ស្រ្តី តែលើកនេះ ជនសង្ស័យជាភេទទី៣ វិញម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាភេទទីបី បានម្នាក់ រួមជាមួយម៉ូតូស្តេបមួយគ្រឿង យកទៅសាកសួរ និងកសាងសំណុំរឿង ៕