ខេមរៈ សិរីមន្ត ចាំ​ដំណឹង​ពី​មេធាវី

Tuesday, April 23, 2013

តារា​ចម្រៀង​ល្បី​ឈ្មោះ ខេមរៈ សិរីមន្ត កំពុង​រង់​ចាំ​មេធាវី​របស់​លោក​ប្រចាំ​ការ​នៅ​ខេត្ត​ព្រះសីហនុ​ផ្ដល់​ដំណឹង ដើម្បី​ទៅ​បំភ្លឺ​បន្ថែម​ដល់​តុលាការ​ខេត្ត​នេះ ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​កន្លង​មក។


លោក ខេមរៈ សិរីមន្ត កាល​ធ្វើ​សន្និសីទកាសែត​ស្តី​ពី​គ្រោះ​ថ្នាក់លើ​ក្រុម​ការងារ​លោក​កន្លង​មក
នៅ​ក្នុង​ជំនួប​ថ្មី​មួយ​ទៀត​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ លោក ខេមរៈ សិរីមន្ត បាន​ឲ្យ​ដឹង​ថា រូប​លោក​នៅ​តែ​មាន​ជំនឿ​លើ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ចំពោះ​ក្រុមហ៊ុនSK។ ទោះ​យ៉ាង​ណា តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា រូប​លោក​កំពុង​តែ​រង់​ចាំ​ដំណឹង​ដើម្បី​ទៅ​ផ្ដល់​សក្ខីកម្ម​បន្ថែម​ទៀត​ ចំពោះ​មុខ​តុលាការ។
សិរីមន្ត បាន​និយាយ​ថា “យ៉ាង​យូរ​ចុង​ខែ​នេះ ខ្ញុំ​ត្រូវ​ទៅ​បំភ្លឺ​ចំពោះ​តុលាការ​បន្ថែម​ទៀត តែ​ត្រូវ​រង់​ចាំ​ការ​ផ្ដល់​ដំណឹង​ពី​មេធាវី​នៅ​ទី​នោះ​សិន”។ តារា​ចម្រៀង​សាន់ដេ រូប​នេះ បន្ត​ថា មាន​មេធាវី​របស់​លោក​មួយ​រូប​ប្រចាំ​ការ​នៅ​ខេត្ត​ព្រះសីហនុ​ស្រាប់​ហើយ សម្រាប់​ជូន​ដំណឹង​ថា លោក ត្រូវ​​ចូល​ទៅ​បំភ្លឺ​ពេល​ណា។ ប៉ុន្តែ​តារា​ចម្រៀង​សំណព្វ​ចិត្ត​យុវវ័យ​រូប​នេះ ធ្លាប់​បាន​បញ្ជាក់​ថា នៅ​រអា​ចំពោះ​ផ្លូវ​ជាតិ​លេខ​៤​នៅ​ឡើយ។
បណ្ដឹង ​ទាម​ទារ​សំណង​ពី​ក្រុម​ហ៊ុន SK របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត និង​គ្រួសារ​ជន​រង​គ្រោះ​ផ្សេង​ទៀត កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ទ្រឹង​នៅ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​សេចក្ដី​បញ្ជាក់ ឬ​ដំណោះ​ស្រាយ​ណាមួយ​ពី​ភាគី​ក្រុម​ហ៊ុន​នោះ​ដែរ ស្រប​ពេល​ដែល​តុលាការ​ខេត្ត​ព្រះសីហនុ​ក៏​កំពុង​បន្ត​ដំណើរ​ការ​របស់​ខ្លួន។
លោក សិរីមន្ត នៅ​លើ​ឆាក​តន្ត្រី
មក ​ដល់​ចំណុច​នេះ សិរីមន្ត បាន​សម្ដែង​សុទិដ្ឋិនិយម​ថា “ខ្ញុំ​សង្ឃឹម​លើ​តុលាការ​នឹង​មាន​ចំណាត់​ការ​បាន​លឿន​មិន​ខាន។ ខ្ញុំ និង​គ្រួសារ​ជន​រង​គ្រោះ​ផ្សេង​ទៀត កំពុង​ទន្ទឹង​រង់​ចាំ​ដំណោះ​ស្រាយ”។
ដោយ​ឡែក តារា​កំប្លែង​ល្បី​ឈ្មោះ​​ជា​​យូរ​​​ឆ្នាំ​មក​​ហើយ​ ​លោក ជួង ជី ហៅ​នាយ កុយ ធ្លាប់​បាន​ឲ្យ​ដឹង​ថា រូប​លោក​មិន​បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​​ចេញ​ទៅ​បំភ្លឺ​អ្វី​នោះ​ទេ ព្រោះ​តុលាការ​មិន​បាន​ជូន​ដំណឹង។ ម្យ៉ាង​ទៀត នេះ​ជា​នីតិវិធី​របស់​តុលាការ​ខេត្ត​ព្រះសីហនុ។ លោក​ថា “លោក​ប្អូន សិរីមន្ត ជា​អ្នក​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នោះ ដូច្នេះ​ប្រហែល​ដោយ​សារ​បែប​នេះ ទើប​បាន​ជា​តុលាការ​ហៅ​តែ​គាត់​ឲ្យ​ទៅ​បំភ្លឺ”។
ប៉ុន្តែ ​លោក​បញ្ជាក់​ថា លោក និង​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​​ដទៃ​​ទៀត​នៅ​តែ​រង់​ចាំ​ដំណោះ​ស្រាយ​របស់​ តុលាការ ក្នុង​ការ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​កន្លង​ទៅ​នេះ និង​​បណ្ដឹង​​​ទាមទារ​សំណង​ពី​ក្រុមហ៊ុនSK ដែល​បាន​ដាក់​ទៅ​ហើយ​នោះ៕
ប្រភពៈ សប្បាយ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook