បង​ប្អូន២នាក់​ទៅធ្វើ​កម្ម​ករនៅ​ក្នុង​​ទឹកដីថៃ​ត្រូវគេ​វាយ​ស្លាប់​​ ប្អូន ឯបង​រង​​របួសត្រូវ​បញ្ជូន​សព​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ

Thursday, April 18, 2013

ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាកស្រុកពីរនាក់ បងប្អូនបានឆ្លងដែនទៅធ្វើកម្មករនៅក្នុងទឹកដីថៃ ត្រូវបានគេវាយស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសយ៉ាងដំណំ ហើយត្រូវបានក្រុមការងារមន្ត្រីយោធា ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍នាំយកសព និងអ្នករងរបួសត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ មេសា ២០១៣ នេះ ។
តាមការបំភ្លឺពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បងប្អូននេះ ១-ឈ្មោះហ៊ុយ ហេង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាបងបានរងរបួសយ៉ាងដំណំ និងទី២-ជនរងគ្រោះដែលស្លាប់មានឈ្មោះហ៊ុយ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ។ ទាំងពីរនាក់រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគេបានធ្វើចំណាកស្រុកលួចឆ្លងដែន ដោយខុសច្បាប់តាមច្រករបៀងមួយកន្លែង នៅក្នុងតំបន់ប៉ោយប៉ែត និងបានទៅធ្វើជាកម្មករសំណង់ នៅក្នុងខេត្តសមុទ្របាកាន ប្រទេសថៃ ។ ប្រភពបន្តថា បន្ទាប់មកនៅវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ មេសា ជាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពួកគេទាំងពីរនាក់បងប្អូន បាននាំគ្នាដើរលេងនៅក្នុងទឹកដីថៃ ក៏ស្រាប់តែមានក្រុមកម្មករជាជនជាតិខ្មែរដែរ មានគ្នាប្រមាណ៤ទៅ៥នាក់ ប្រដាប់ដោយកាំបិត និងដំបងដែក បំពង់ទីប បាននាំគ្នាមកព្រួតវាយ កាប់ចាក់ ពួកគេទាំងពីរនាក់បងប្អូន បណ្តាលឱ្យស្លាប់ និងរងរបួសយ៉ាងដំណំនៅកន្លែងកើតហេតុ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook