អាវុធហត្ថខេត្ដប៉ៃលិនចាប់ឃាតករដៃដល់ វាយសម្លាប់ឪពុកមាបង្កើត បញ្ជូនទៅតុលាការ (រូបៈអ៊ុង សារុំ) ប៉ៃលិន: កម្លាំងកងរាជអាវុធហត្ថខេត្ដប៉ៃលិនបានឃាត់ខ្លួនបុរសម្នាក់ ជាឃាតករដៃដល់វាយសម្លាប់ឪពុកមា បង្កើតហើយរត់ទៅពួនក្នុងចម្ការដំឡូងមី មួយកន្លែងស្ថិតនៅភូមិតាគ្រក់ ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៣ ។
បុរសនេះបានវាយ សម្លាប់ឪពុកមាបង្កើតកាលពីវេលា ម៉ោង១៨និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅស្ដង់ទិញពោត និងដំឡូងមីមួយកន្លែងស្ថិតក្នុងភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដ ប៉ៃលិន ហើយរត់គេចខ្លួនបាត់ ។
ជនសង្ស័យបានសារភាពប្រាប់ អាវុធហត្ថប៉ៃលិនថា មូលហេតុដែល បណ្ដាលឱ្យរូបគេវាយឪពុកមាបង្កើត នឹងពិលយួរដៃដួលផ្ងារក្រោយបោក ក្បាលលើថ្មចាក់សាបស្លាប់នោះដោយ សារខឹងជនរងគ្រោះយកកាំបិតចុងស្រួច មកចាក់រូបគេកំពុងអង្គុយផឹកស្រា ។
ហេតុការណ៍ឃាត់ខ្លួននេះបាន ធ្វើឡើងកាលពីវេលាម៉ោង១២និង០០ នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅ ចំណុចក្នុងចម្ការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង ។
លោក ស៊ិន តាំ នាយការិល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ដប៉ៃលិនបានឱ្យដឹងថា បុរសជា ឃាតករដៃដល់ដែលត្រូវឃាត់ខ្លួន ឈ្មោះ ឡុង វុទ្ធី អាយុ២៥ឆ្នាំ មាន ទីលំនៅភូមិប្រាងសំរោង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។ បច្ចុប្បន្ន ស្នាក់នៅធ្វើកម្មករនៅស្ដង់ទិញពោត និងដំឡូងមី ស្ថិតក្នុងភូមិសួស្ដី សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិនជាមួយជនរង គ្រោះ ។
ឈ្មោះ ឡុង រិទ្ធី ជនសង្ស័យបាន សារភាពថា ពិតជាបានវាយជនរង គ្រោះនឹងពិលយួរដៃមួយពិលដួលផ្ងារ ក្រោយប្រាកដមែន ដោយសារតែរូបគេ (ជនសង្ស័យ)ខឹងនឹងជនរងគ្រោះយកកាំបិតមករកចាក់រូបគេពុំដឹង ថាគាត់ខឹង នឹងរូបគេរឿងអ្វី ។
ជនសង្ស័យបានបន្ដថា មុនពេល កើតហេតុជនរងគ្រោះឈ្មោះ រស់ ស៊ាន បានអង្គុយផឹកស្រាសនៅផ្ទះរបស់គាត់ មានគ្នា៤នាក់ ។ ពេលផឹកស្រាអស់មួយ លីត្រហើយ រស់ ស៊ាន (ជនរងគ្រោះ)បានដើរចូលមកក្នុងសៃឡូ (ស្ដង់ទិញ ពោតនឹងដំឡូង)ជួបគ្នានិងរូបគេ(ជន សង្ស័យ) ។ ពេលនោះគាត់បានសួររូប គេ (ជនសង្ស័យ)ថាមេនៅឬអត់?ឡុង រិទ្ធី(ជនសង្ស័យ)បានឆ្លើយថា មិននៅទេ ហើយរូបគេ (ជនសង្ស័យ)បានហុចស្រាបៀរលីអូមួយកំប៉ុង ឱ្យទៅជនរង គ្រោះផឹក ។
ពេលនោះ រស់ ស៊ាន បាន លើកស្រាបៀរផឹកអស់មួយកំប៉ុងហើយ ទាញកាំបិតចុងស្រួចចេញពីចង្កេះហើយ ស្រែកខ្លាំងៗថា អញចង់ចាក់ក្មួយឯង មួយកាំបិត ។ ពេលនិយាយហើយគាត់ ដើរក្រឡឹងជុំវិញរួបគេ(ជនសង្ស័យ) ឃើញ ដូច្នេះអ្នកដែលអង្គុយផឹកជាមួយ គ្នាគឺឈ្មោះ ស៊ុន គឹមលន ឈ្មោះ ឡាយ- វុទ្ធី និងឈ្មោះ នុម នីម បានងើបដើរ ចេញពីកន្លែងផឹកប្រហែលជា២ទៅ៣ ម៉ែត្ររូបគេ(ជនសង្ស័យ)បានយកពិលកាន់ជាប់នឹងដៃ វាយទៅលើជនរង គ្រោះចំកញ្ចប់មាត់ដួលផ្ងារក្រោយ សន្លប់បាត់តែម្ដង ។
ដោយឃើញជន រងគ្រោះដេកសន្លប់ និងមានឈាមហូរ ផងឈ្មោះ ស៊ុន គឹម លនបានប្រើឈ្មោះ វុទ្ធី ទៅហៅប្រពន្ធជនរងគ្រោះឱ្យមក មើល ។ ពេលប្រពន្ធកូនជនរងគ្រោះមក ដល់ឃើញប្ដីដេកសន្លប់មិនដឹងខ្លួនស្រែក ហៅឱ្យគេជួយលើកដាក់ម៉ូតូយកមក មន្ទីរពេទ្យ ។ ពេលមកដល់ក្រុមគ្រូពេទ្យ បានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ ទៅហើយ។
ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ដប៉ៃលិនកសាងសំណុំ រឿងបញ្ជូនខ្លួនទៅតុលាការប៉ៃលិន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ប្រភពៈ រស្មីកម្ពុជា