កូរ៉េ​ខាងជើង​ ៖​ បោះបង់​គ្រាប់បែក​បរមាណូ​ គឺ​ទទួលយក​ការ​ស្លាប់​ !

Friday, April 19, 2013

ជាមួយនឹង​លទ្ធផល​យ៉ាង​អាណោច​ អាធ័ម​នៅ​ក្នុង​ប្រទេស​លី​ប៊ី​ និង​ប្រទេស​ មួយ​ចំនួន​ទៀត​ សារព័ត៌មាន​ Rodong​ Sinmun​ របស់​បក្ស​ពលករ​កូរ៉េ​ខាងត្បូង​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រូវ​ ស្រមើស្រមៃ​ទៅ​នឹង​ការ​សន្យា​របស់​ អា​មេ​រិ​ក​នោះ​ឡើយ​ ដោយ​បញ្ជាក់​ថា​ មាន​តែ​គ្រាប់បែកបរមាណូ​ឯករាជ្យ​ប៉ុណ្ណោះ​ ទើប​អាច​ការពារ​ទីក្រុង​ព្យុ​ង​យ៉ាង​ គេច​ផុត​ពី​ការ​គំរាមកំហែង​ដោយ​បរមាណូ​អា​មេ​រិ​ក​ ។​
​សារព័ត៌មាន​យ៉ុ​ន​ហាប​របស់​កូរ៉េ​ ខាងត្បូង​បាន​ដកស្រង​ព័ត៌មាន​ពី​កូរ៉េ​ខាង​ ជើង​ថា​ ការ​រក្សា​គ្រាប់បែកបរមាណូ​ មាន​អត្ថន័យ​យ៉ាង​ធំធេង​សម្រាប់​កូរ៉េ​ខាង​ ជើង​ វា​អាច​កំណត់​ការ​ស្លាប់​រស់​របស់​ ប្រទេស​នេះ​ ហើយ​គេច​ផុត​ការ​គំរាម​ កំហែង​ទាំងឡាយ​ពី​អា​មេ​រិ​ក​ ។​
​សារព័ត៌មាន​ Rodong​ Sinmun​ បាន​លើក​ឡើង​ឧទាហរណ៍​ករណី​របស់រ​ដ្ឋា​ ភិ​បាល​អតីត​ប្រធានាធិបតី​ហ្គា​ដា​ហ្វ៉ី​ ក្នុង​ប្រទេស​លី​ប៊ី​គឺ​ទទួល​បាន​លទ្ធផល​ យ៉ាង​អាណោចអាធ័ម​ដោយសារ​តែ​បោះ​ បង់ការ​ខិតខំ​ពង្រឹងសមត្ថភាព​យោធា​ និង​បោះបង់​កម្មវិធី​បរមាណូ​តាម​ការ​ លួងលោម​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ។​
​សារព័ត៌មាន​ខាងលើ​ផ្សព្វផ្សាយ​ទៀត​ថា​ លី​ប៊ី​បាន​បង្កើត​គម្រោង​បរមាណូ​ និង​ផលិត​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ ឆ្ងាយ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​បរមា​ ណូ​ ប៉ុន្ដែ​ក្រោយ​សង្គ្រាម​វាយប្រហារ​ អ៊ី​រ៉ា​ក់រប​ស់អា​មេ​រិ​ក​ឆ្នាំ​២០០៣​ លី​ប៊ី​ បាន​ប្រកាស​លុប​ចោល​កម្មវិធី​បរមាណូ​ របស់​ខ្លួន​ ។​ ពេល​នោះ​លី​ប៊ី​ខ្លាច​ប្រឆាំង​ អា​មេ​រិ​ក​នឹង​ទទួលលទ្ធផល​ដូច​ជា​អ៊ី​រ៉ា​ក់​។​ បណ្ដា​មេដឹកនាំ​ទីក្រុង​ទ្រី​បូ​លី​របស់​លី​ប៊ី​ មិន​ហ៊ាន​អភិវឌ្ឍ​កម្លាំងយោធា​របស់​ខ្លួន​ ដោយ​យល់ព្រម​បោះបង់​កម្មវិធី​បរមាណូ​ ដើម្បី​ទទួល​បាន​សន្ដិសុខ​ជាតិ​ ។​
​ទោះបី​លី​ប៊ី​ឯកភាព​បោះបង់​កម្មវិធី​ បរមាណូ​របស់​ខ្លួន​ ប៉ុន្ដែ​អា​មេ​រិ​ក​មិន​ បាន​រក្សា​ពាក្យ​សន្យា​ជួយ​ដល់​ប្រទេស​នេះ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះ​ឡើយ​ ផ្ទុយ​ទៅ​ វិញ​ អា​មេ​រិ​ក​មាន​គម្រោង​ផ្ដួលរំលំ​របប​ ដឹកនាំ​របស់​លោក​ហ្គា​ដា​ហ្វ៉ី​ទៀត​ផង​ ។​ ពិសេស​ក្នុង​ពេល​ដែល​មន្ដ្រីជាន់ខ្ពស់​លី​ប៊ី​ ដឹង​ថា​ អា​មេ​រិ​ក​មិន​រក្សា​ពាក្យ​សន្យា​ វា​បាន​ហួសពេល​ទៅ​ហើយ​ ។​
​ជាមួយនឹង​លទ្ធផល​ដែល​ទទួល​បាន​ យ៉ាង​អាណោចអាធ័ម​ទាំងនោះ​ សារព័ត៌​ មាន​ Rodong​ Sinmun​ របស់​កូរ៉េ​ខាង​ ជើង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កូរ៉េ​ ខាងជើង​ទាំងមូល​មិន​ត្រូវ​ស្រមើស្រមៃ​ ចង់​មាន​ចង់បាន​តាម​ការ​សន្យា​របស់​ អា​មេ​រិ​ក​នោះ​ឡើយ​ ។​ ចាំបាច់​ត្រូវ​តែ​ ពង្រឹងកម្លាំង​ការពារ​គ្រាប់បែកបរមាណូ​ ទើប​អាច​ការពារ​កូរ៉េ​ខាងជើង​គេច​ផុត​ពី​ ការ​គំរាមកំហែង​របស់​អា​មេ​រិ​ក​ ។​
​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹក​ នាំ​បក្ស​ពលករ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​ ៣១​ ខែមីនា​កន្លង​មក​ មេដឹកនាំ​វ័យក្មេង​ កូរ៉េ​ខាងជើង​ លោក​គី​ម​ ជុង​អ៊ុ​ន​ បញ្ជាក់​ថា​ រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​មិន​អាច​ ដើរ​តាម​“​គន្លង​ចាស់​”​នៃ​ប្រទេស​មួយ​ ចំនួន​ដែល​រង​ការ​ឈ្លានពាន​ដោយសារ​ តែ​ប្រទេស​ទាំងនោះ​គ្មាន​កម្លាំង​ការពារ​គ្រប់គ្រាន់​ ។​
​អ្វី​ដែល​កូរ៉េ​ខាងជើង​កំពុង​តែ​ធ្វើ​នៅ​ ពេល​នេះ​ គឺ​មិន​ចង់​ធ្លាក់​ទៅ​ក្នុង​គន្លង​នៃ​ ប្រទេស​លី​ប៊ី​នោះ​ឡើយ​ ហើយ​កូរ៉េ​ខាង​ ជើង​គ្មាន​ទំនុកចិត្ដ​ទៅ​នឹង​ការ​សន្យា​របស់​ អា​មេ​រិ​ក​ទៀត​ឡើយ​ ដូច្នេះ​មាន​តែ​ខ្លួន​ ឯង​ប៉ុណ្ណោះ​ ដែល​អាច​ការពារ​ និង​អភិវឌ្ឍ​ ខ្លួនឯង​បាន​ គេច​ផុត​ពី​ការ​គំរាមកំហែង​ ឌឺដង​ពី​ប្រទេស​ដែល​ជា​បច្ចាមិត្ដ​ ។​
​អា​មេ​រិ​ក​មិន​ទទួលយក​លក្ខខណ្ឌ​ពិភាក្សា​របស់​កូរ៉េ​ខាងជើង​
​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ នឹង​មិន​អនុញ្ញាត​ឱ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​“​លេង​ ល្បែង​ហ្គេ​ម​តាមតែ​ចិត្ដ​”​ បាន​នោះ​ ឡើយ​ ពោល​គឺ​ទទួល​បាន​ជំនួយ​មនុស្ស​ ធម៌​ ប៉ុន្ដែ​មិន​ព្រម​អនុវត្ដ​គោ​លន​យោ​ បាយ​ណាមួយ​ឆ្ពោះទៅ​រក​ការ​លុប​ចោល​ កម្មវិធី​បរមាណូ​របស់​ខ្លួន​ ។​
​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១០​ ខែមេសា​បាន​ ដកស្រង់​សម្ដី​រដ្ឋមន្ដ្រី​ការ​បរទេស​ អា​មេ​រិ​ក​ លោក​ច​ន​ ឃើ​រី​ ដែល​បាន​ ច្រាន​ចោលការ​ប្ដេជ្ញា​ និង​លក្ខខណ្ឌ​ របស់​កូរ៉េ​ខាងជើង​បាន​លើក​ឡើង​មុន​ ពេល​ពិភាក្សា​ ដោយ​លោក​ចាត់​ទុក​ថា​ នោះ​ជា​លក្ខខណ្ឌ​មិន​អាច​ទទួលយក​បាន​។​
​លោក​ច​ន​ ឃើ​រី​ មាន​ប្រសាសន៍​ទៅ​ កាន់​រដ្ឋសភា​អា​មេ​រិ​កថា​ “​ទីក្រុង​វ៉ា​ស៊ី​ន​ តោន​មិន​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងជើង​លេង​ ល្បែង​បិទពួន​ទៀត​ឡើយ​ គឺ​ទទួល​បាន​ជំនួយ​ ប៉ុន្ដែ​មិន​អនុវត្ដ​ទៅ​តាម​គម្រោង​។​
​ប៉ុន្ដែ​លោក​ ច​ន​ ឃើ​រី​ បាន​បញ្ជាក់​ថា​ សកម្មភាព​ចង់​ពិភាក្សា​របស់​កូរ៉េ​ខាង​ ជើង​ជា​រឿង​មួយ​ល្អ​ប្រសើរ​ ក្រោយ​ពេល​ ទីក្រុង​ព្យុ​ង​យ៉ាង​គំរាមកំហែង​ជា​ច្រើន​ លើក​កម្ទេច​ទីតាំង​នានា​របស់​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ។​
​នៅ​ក្នុង​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ កូរ៉េ​ខាងជើង​ដែល​ចង់​ ពិភាក្សា​មុន​ពេល​អង្គការ​សហ​ប្រជា​ ជាតិ​លុប​ចោលការ​ដាក់​ទណ្ឌកម្ម​ ហើយ​ អា​មេ​រិ​ក​ កូរ៉េ​ខាងត្បូង​ ក៏​ត្រូវ​បញ្ចប់​ សកម្មភាព​ធ្វើ​សមយុទ្ធ​ និង​សុំ​ទោស​កូរ៉េ​ខាងជើង​ ជុំវិញ​សកម្មភាព​ឌឺដង​ បំពាន​ទៅ​លើ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង​ និង​គំរាម​កំហែង​ធ្វើសង្គ្រាម​នោះ​ ។​
​លោក​ច​ន​ ឃើ​រី​ បញ្ជាក់​ទៀត​ថា​ ទី​ក្រុង​ព្យុ​ង​យ៉ាង​មិន​រក្សា​ពាក្យ​សន្យា​នោះ​ឡើយ​ គឺ​រាល់ពេល​ទទួល​បានការ​ឯកភាព​គ្នា​ និង​ក្រោយ​ពេល​ទទួល​បាន​ជំនួយ​ មនុស្សធម៌​ កូរ៉េ​ខាងជើង​ក៏​បំភ្លេច​ការ​សន្យា​របស់​ខ្លួន​ ដោយ​បន្ដ​កម្មវិធី​បរមា​ណូ​ដដែល​ ។​
​តើ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងជើង​ប្រទេស​ណាមួយ​មាន​ល្បិច​កល​ជាងគេ​?​ តាម​ការ​ពិត​ ប្រទេស​ទាំង​ពីរ​សុទ្ធសឹងតែ​មាន​ ពុតត្បុត​រៀងៗ​ខ្លួន​ ។​ “​អា​បង​ក៏​ខូច​ អា​ប្អូន​ក៏​ខិល​”​ ដូច្នេះ​ប្រទេស​មហាអំណាច​ មិន​រក្សា​ការ​សន្យា​ ធ្វើ​ម្ដេច​ប្រទេស​ក្រីក្រ​ ដូច​ជា​កូរ៉េ​ខាងជើង​ចាំបាច់​ត្រូវ​រក្សា​ការ​ សន្យា​ជាមួយ​អា​មេ​រិ​ក​នោះ​?​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៣​ថា​ គណៈកម្មាធិការ​ ការពារ​ជាតិ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ យល់ព្រម​ឈាន​ដល់​ការ​ចរចា​ដើម្បី​ដោះ​ ស្រាយ​បញ្ហា​ ប៉ុន្ដែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ និង​ ទីក្រុង​សេ​អ៊ូ​ល​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​  បង្កហេតុ​របស់​ពួក​គេ​ជា​មុន​សិន​ ។​
​ប្រភព​នេះ​បន្ដ​ទៀត​ថា​ អា​មេ​រិ​ក​ និង​ កូរ៉េ​ខាងត្បូង​ត្រូវ​ទទួលស្គាល់​ភាព​គឃ្លើន​ របស់​ពួក​គេ​ ហើយ​ធានា​អះអាង​ថា​ នឹង​ មិន​ជ្រើស​យក​ល្បែង​សង្គ្រាម​នុយក្លេអ៊ែរ​ ប្រឆាំង​ជាមួយ​កូរ៉េ​ខាងជើង​នោះ​ទេ​ ។​ ជា​ មួយ​គ្នា​នេះ​ ពួក​គេ​ត្រូវ​បញ្ឈប់​ និង​ដក​ ចេញ​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​បំពាក់​ នៅ​ជុំវិញ​កូរ៉េ​ខាងត្បូង​ឱ្យ​អស់​ជា​មុន​សិន​ មុន​ពេល​មាន​បំណង​ចង់​ចរចា​នោះ​ ។​

​លក្ខខណ្ឌ​របស់​កូរ៉េ​ខាងជើង​ពិបាក​ឱ្យ​ អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​អនុវត្ដ​ ដោយ​ លក្ខខណ្ឌ​ទាំងនោះ​មិន​ខុស​អ្វី​ពី​ការ​ដាក់​ គំនាប​ដល់​អា​មេ​រិ​ក​នោះ​ឡើយ​ ៕

ប្រភពដើម៖  នគវត្ត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook