ចង​គំនុំ ៥​ថ្ងៃ ​​​ចាក់​​​​២​ កាំបិត ស្លាប់​​នៅ​​​ស្ថានីយ៍​​​​រថ​​ភ្លើង​​​​ចាស់​ ផ្អើល​អ្នក​​ប៉ោយ​ប៉ែត

Monday, April 22, 2013


ប្រជពលរដ្ឋចោមរោមមើល សាកសពជនរងគ្រោះ ដែលត្រូវគេចាក់សម្លាប់​, ជនសង្ស័យឈ្មោះសាទ បូរិន្ទ ហៅអាត្រសក់ (រូបតូច) ​
បន្ទាយមានជ័យ៖  ដោយ​សារ​តែ​ចិត្ត​ចង​គំនុំ​អស់​រយៈ​ពេល ៥ថ្ងៃ ​ជន​សង្ស័យ​ម្នាក់ បានយក​​កាំបិត​​ប្រវែង ២តឹក​ ​ចា​ក់​​ពី​​ក្រោយ​​​សម្លាប់​​បុរស​​​អនាថា​​​ម្នាក់ ​ស្លាប់​​ក្នុង​​ប្លុក​ស្ថានីយ៍​រថ​ភ្លើង​ចាស់​ទាំង​ល្ងាច​ ។ ប៉ុន្តែទីបំផុត​ ជន​​សង្ស័យ​រត់​គេច​ខ្លួន​បាន​ ២ម៉ោង ត្រូវ​​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត តាម​ប្រមាញ់​ចាប់​ខ្លួន​បាន​​។
តាមប្រភពពីកន្លែងកើតហេតុ បាន​ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ​តូនី អាយុប្រមាណ៤៥ ឆ្នាំ ជាជន​អនាថាមករស់នៅក្នុង​តំបន់​អនាធិបតេយ្យខាងលើ នៅមុនពេល​កើត​ហេតុ វេលាម៉ោង ៤និង១០ នាទី​ល្ងាចថ្ងៃទី២១ ឆ្នាំ២០១៣ គេបាន​ឃើញ​ជនរងគ្រោះ និងជនសង្ស័យ​ឈ្មោះសា ទបូរិន្ទហៅ​(អាត្រសក់)​ភេទប្រុស អាយុ២៩ឆ្នាំ ដែលទើប​នឹង​ចេញពីគុក​បាននាំគ្នាចូលក្នុង​ប្លុកស្ថានីយ៍​រថភ្លើងចាស់​ដែលទុក​ ចោលហើយជាកន្លែង សម្រាប់សេពគ្រឿងញៀនរបស់ពពួក​អនាធិតេយ្យ យ៉ាងដុះស្លែ។ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនរងគ្រោះ បានរត់ចេញមកក្រៅ ស្រាប់តែ​ជន​សង្ស័យឈ្មោះសាទ បូរិន្ទ ហៅ(អាត្រសក់) បានយកកាំបិតចិតបន្លែប្រវែង ២តឹកចាក់ពីក្រោយ បណ្តាលឲ្យ​ជន​រង​គ្រោះ​ដួលប្រកាច់ស្លាប់មួយរំពេច។ ឯជនសង្ស័យ​រត់ចូល​ក្នុងវិញ និងបោះកាំបិតចោល រួចចេញទៅក្រៅ​បាត់ស្រមោល បន្សល់នូវ​ជនសពជនរងគ្រោះដេកស្លាប់ ក្នុងថ្លុក​ឈាម យ៉ាងអណោចអធ័ម ។ឃើញបែបនេះ ប្រជាពលរដ្ឋ​ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាល និងអាវុធហត្ថក្រុងប៉ោយប៉ែតភ្លាមៗផងដែរ។

ក្រោយពីការ​តាមប្រមាញ់​ចាប់​ខ្លួន​ជនដៃ អស់រយៈ​ពេល ២ម៉ោង ទើប​នគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់​ខ្លួនជនសង្ស័យ បានតែម្តង។
លោកវរសេនីយ៍ត្រីអ៊ុំ សុផល អធិការ​នគរបាលក្រុងប៉ោយប៉ែត បានប្រាប់​ឲ្យ​ដឹងថា ឈ្មោះសាទ បូរិន្ទ ភេទ​ប្រុស អាយុ ២៩ឆ្នាំ មានស្រុក​កំណើត​នៅភូមិ ​និងឃុំជប់វ៉ារី​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។ បច្ចុប្បន្នស្នាក់ នៅក្រុងប៉ោយប៉ែតទីលំនៅមិន​ពិតប្រាកដ មុខរបរជាជាងសំណង់ ជាមនុស្សញៀនថ្នាំធ្លាប់ជាប់គុក​៣ដងរួចមកហើយ ជា​មុខ​សញ្ញា​ចោរលួច​ហើយទើបនឹងចេញពីគុក ។
នៅមុខសមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពិតជាបានយក​កាំបិត​ចិត​បន្លែចាក់ត្រូវខ្នងមួយកាំបិត ដើម្បី​សម្លាប់ជនរងគ្រោះពិតមែន ព្រោះតែខ្លួនមានទំនាស់ជាមួយ​ជនរង​គ្រោះ ៥ថ្ងៃមកហើយ លុះថ្ងៃកើតហេតុ ខ្លួនមកសេពគ្រឿងញៀននៅក្នុងស្ថានីយ៍រថភ្លើងចាស់ ​ដែលគេទុកចោលនោះ ក៏បានជួបជន​រង​គ្រោះទៀត។ ខ្លួនក៏បានចាក់ពីក្រោយ​ខ្នង​មួយកាំបិត រួចរត់គេចខ្លួន តែសំណាងមិនល្អ ក៏ត្រូវនគរបាលក្របួចជាប់តែម្តង។

វត្ថុតាងវត្ថុតាង
លោកអធិការបញ្ជាក់ថា ទាំងជន​សង្ស័យ និងជនដៃដល់​ជាមនុស្ស​ញៀនថ្នាំ និងអនាថាដូចគ្នា។
សាកសពជនរងគ្រោះបាន​គេចាត់​ចែងបូជា ចំណែកជនដៃដល់​សមត្ថកិច្ច​​កំពុង​តែរៀបចំសំណុំរឿង បញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការ បន្តទៅតាមនីតិវិធីច្បាប់។
ទន្ទឹមនិងការសសើរថ្វីដៃ​នៃការតាម​ចាប់ខ្លួនជនដៃដល់ របស់សមត្ថកិច្ច​នគរបាល​ក្រុងប៉ោយប៉ែតនោះ ប្រជាពលរដ្ឋក៏បានរិះគន់ថា គេ​ឃើញ​​សមត្ថកិច្ចទាំងអាវុធហត្ថ និង​នគរបាលក្រុងប៉ោយប៉ែត ប្រឹងប្រែងចាប់គ្រឿងញៀនណាស់ដែរ ហេតុអ្វីបានជាមិនចេះអស់សោះ ជាពិសេស នៅប្លុក​អនាធិបតេយ្យ​ស្ថានីយ៍​រថភ្លើងចាស់​ ដែលគេទុក​ចោល​នោះ កំពុងតែក្លាយជាកន្លែងប្រកបដោយសុវត្ថិភាព សម្រាប់ក្រុមអនាធិបតេយ្យចែកចាយ និងសេពគ្រឿង ញៀនយ៉ាង​ត្រជាក់ចិត្ត​ទៅ​​ហើយ ព្រោះគ្មានសមត្ថកិច្ច​ណា​ទៅ​រំខាន​ឡើយ៕


  ប្រភពៈ អង្គរធំ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook