ត្រឡប់​មក​ពី​ស៊ី​ការ​វិញ អត់​ឃើញ​ប្រពន្ធ​នៅ​តូប​លក់​ដូរ ខឹង​ពេក​បើកឡាន​បុក​ម៉ូតូ​​កំទេចចោល​មួយគ្រឿង

Monday, April 22, 2013



រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​​បើក​​រថយន្ត​ឡង់​គ្រីស្ស័រ ពណ៌​កណ្តុរ​ប្រមេះ មក​ពី​ហូប​ការក្នុង​ស្ថានភាព​ស្រវឹង​ផង មក​ដល់​មុខ​តូប​ប្រពន្ធ​លក់​ដូរ អត់​ឃើញ​ប្រពន្ធ​ ខឹង​ពេក​បើក​រថយន្ត​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌ទឹកប៊ិ​ច មួយ​គ្រឿង ដែល​ចត​នៅ​ជិត​តូប​របស់​គាត់ ដោយ​សារ​តែ​ម៉ូតូ​មួយ​គ្រឿង​នេះ ឧស្សាហ៍​ឌុប​ប្រពន្ធ​របស់​គាត់​ដើរ​លេង​ពេក ។
ហេតុការណ៍នេះ កើតឡើងនៅវេលា​ម៉ោង ៧យប់ថ្ងៃទី២២ មេសា នៅ​មុខតូបលក់ដូរនៅតាមផ្លូវជាតិ​លេខ​១ ក្នុងភូមិស្វាយតាអុក១ សង្កាត់​វាលស្បូវ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍​វាលស្បូវបានឲ្យដឹងថា ខណៈ​ពេលដែលបុរសជាប្តី​របស់ស្រ្តីឈ្មោះ តឹក ណារី អាយុ២៧ឆ្នាំ មុខរបរ​លក់​ដូរ ស្នាក់នៅកន្លែងកើតហេតុ​បានឲ្យ​ដឹង​ថា ពេ​​​​​​​​​លដែលបុរសជាប្តីបើករថយន្តត្រឡប់មកពីហូបការវិញ មកដល់មុខតូបរបស់ប្រពន្ធលក់ដូរអត់ ឃើញប្រពន្ធនៅក្នុងតូប បែរជាឃើញតែម៉ូតូគុបជ្រុង៥០ ពណ៌​​​​​​​​​​​​​​​​​​ទឹកប៊ិច ដែលជាម៉ូតូរបស់មិត្តភក្តិរបស់ប្រពន្ធគាត់ ហើយតែងតែមកដឹកប្រពន្ធរបស់គាត់ទៅដើរលេង ។ លុះពេលមកដល់ ឃើញតែម៉ូតូអត់ឃើញប្រពន្ធនៅ​តូបលក់​ដូរ​បែបនេះ ធ្វើឲ្យ​ខឹង ក៏បើករថយន្តទៅបុកកំទេចមួយគ្រឿងនេះ ចោលតែម្តង បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបុកម៉ូតូខូចខាតហើយ ទើបដឹងថាស្រ្តីជាប្រពន្ធដើរទៅលេង នៅផ្ទះអ្នកជិតខាងនោះ ចំណែកម៉ូតូមួយគ្រឿងខាងលើនេះ ម្ចាស់របស់គេ​ដែល​ត្រូវ​ជាមិត្តភក្តិ របស់ប្រពន្ធនោះ បានជិះមកហូបបង្អែមនៅតូបជិតតូបរបស់ប្រពន្ធលក់ដូរនោះទេ ។ ប៉ុន្តែទម្រាំ ដឹងខុសត្រូវនោះ បុរសជាប្តីបានប្រាប់ថា គាត់បួងចង្កូត​មិនទាន់​ទើបជ្រុលទៅបុកម៉ូតូបែបនេះ។
ទោះបីជាបែបណា ម្ចាស់ម៉ូតូមិនព្រមទេ ដោយចោទប្រកាន់បុរសខាងលើបើករថយន្តបុកម៉ូតូ របស់គាត់ដោយសារតែម៉ូតូរបស់គាត់នៅចិញ្ចើមផ្លូវហើយ ។
ក្រោយពេលកើតហេតុ​ ម្ចាស់ម៉ូតូបានទាមទារសំណងចំនួន ៦០០ដុល្លារ ដោយសារម៉ូតូរបស់គាត់ ខូចខាតស្ទើរទាំងស្រុងទៅ ហើយមិនយល់ព្រមទេ ទិញម៉ូតូមួយគ្រឿង​ទៀត ប្រហាក់ប្រហែលនឹងម៉ូតូនេះ សងគាត់ក៏បានដែរ ។
បច្ចុប្បន្ន ម៉ូតូ និងរថយន្ត ដែលរងការខូចខាត ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលវាលស្បូវ រង់ចាំធ្វើការដោះស្រាយ ៕

ប្រភពៈ អង្គរធំ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook