កើត​ជម្ងឺកាម​​រោគយូរ អាច​អត់កូន

Sunday, April 21, 2013

សព្វថ្ងៃ​នេះមាន​ស្ដ្រី​ជាច្រើន​ដែល​ កង្វល់ពី​បញ្ហា​មាត់ស្បូន និង​ជម្ងឺ​កាមរោគ​ដែល​អាចធ្វើ​ឱ្យស្ដ្រី​មួយ​ចំនួន​មិនអាច​មាន​កូនចៅបាន។ ពេលខ្លះ​ទៀតនោះ​ក៏អាច​ធ្វើឱ្យ​ស្ដ្រី​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​ជម្ងឺ​ស្វាយប្រមេះ ជាពិសេស​អាចនឹង​ឆ្លង​ជម្ងឺអេដស៍ បានយ៉ាង​ងាយ​ទៀតផង។ នេះហើយ​ជាកត្ដា​មួយ​ដែលធ្វើ​ឱ្យមាន​ការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​អ្នកដែល ​មានដៃ​គូច្រើន ហើយមិនដឹង​ថាដៃ​គូរបស់​ខ្លួនមាន​ផ្ទុកនូវ​ជម្ងឺ​កាមរោគ​ដែរឬ​អត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន ឯកទេស​សម្ភព និង​រោគស្ដ្រី​នៃមន្ទីរ ពេទ្យ​កាល់ម៉ែត ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​កាមរោគ​ដើម្បី​ឱ្យបង​ប្អូន​មិត្ដអ្នក​អានបាន​ យល់ដឹង។
ជម្ងឺ​កាមរោគ ជាអ្វី?
កាមរោគ​ជាជម្ងឺ​មួយ​ប្រភេទ​ដែលអាច​ឆ្លង​តាមរយៈ​ការ​រួមភេទ​ជាមួយ​អ្នកដែល ​មានផ្ទុក​ជម្ងឺ​កាមរោគ។ បើការ​រួមភេទ នោះ​មានដៃ​គូតែ​មួយ ហើយ​គ្មានកើត​ជម្ងឺ​កាមរោគ​ទេនោះ ក៏មិន​អាចធ្វើ​ឱ្យដៃ​គូមួយ​ទៀតនោះ​កើតជម្ងឺ​កាមរោគ​បានដែរ។ ជម្ងឺ​មួយ ចំនួន​ដែលអាច​ចាត់ទុក​ថាជា​ជម្ងឺ​កាមរោគ​បាន មាន​ដូចជា​ជម្ងឺស្វាយ ជម្ងឺ​ប្រមេះ​ជាដើម។
រោគ​សញ្ញា​ជម្ងឺ​កាមរោគ
ភាគច្រើន​ជម្ងឺនេះ​មិនសូវ​ជាលេច​រោគ​សញ្ញា​ចំពោះ​បុរស​ប៉ុន្មាន​ទេ វាច្រើន​តែមាន​រោគ​សញ្ញា​ចំពោះតែ​ស្ដ្រីភេទ។ ប៉ុន្ដែ​រោគ នេះវា​បង្ហាញ​ចេញមក​ច្រើនតែ​ជ្រុល​ដំណើរ​ទៅហើយ ទើបចេញ​ជារោគ​សញ្ញា​ដែលធ្វើ​ឱ្យស្ដ្រី​មួយ​ចំនួន​មកកាន់​មន្ទីរ​ពេទ្យ។ រោគ សញ្ញា​ភាគច្រើន​ចេញ​ដូចជា​ផ្កាស្ពៃ បើមាន​ការ​រួមភេទ​តាមទ្វារ​មាស វាកើត​នៅលើ​ទ្វារមាស។ ហើយ​បើមាន​ការ​រួមភេទ​តាមមាត់ នោះ វាកើត​ចេញ​នៅជុំវិញ​មាត់ ឬជា​ពងបែក​នៅលើ​ទ្វារមាស ឬនៅ​ជុំវិញ​មាត់។
ភាគច្រើន​ស្ដ្រី​ដែលកើត​ជម្ងឺ​កាមរោគ​តែងតែ​មាន​ធ្លាក់ស ដែលមាន​ពណ៌លឿង បៃតង ហើយ​រាងខាប់ៗ​ដូចជា​ទឹកដោះ​គោ មាន​ធុំក្លិន​ស្អុយ រមាស់​ទ្វារមាស ពងបែក ខ្ទុះនៅ​ជុំវិញ​ទ្វារមាស ឬកន្លែង​រន្ធនោម ក្ដៅក្នុង​ទ្វារមាស ក្រហល់​ក្រហាយ​ទ្វារមាស រហូត ឡើងកូន​កណ្ដុរ​ក្រលៀន។ នៅពេល​ខ្លះទៀត​អាចមាន​អាការ​ឈឺពោះ​ទាំងសង​ខាង នោម​ក្រហាយ មាន​ដុះសាច់​ដូចជា​សិរមាន់ វាអាស្រ័យ​ទៅតាម​ប្រភេទ​មេរោគ​ដែលបង្ក​នីមួយៗ ដែល​វាអាច​បង្ហាញ​ឱ្យឃើញ​រយៈពេល​ពី២​ទៅ៣​ថ្ងៃ ឬ១៥​ថ្ងៃ ឬអាច​៣សប្ដាហ៍ ក្រោយ​ពេលឆ្លង។
មូលហេតុ​បង្កជម្ងឺ​កាមរោគ
ជម្ងឺនេះ​កើតឡើង​មកពី​ការ​រួមភេទ។ ប្រសិន​បើការ​រួមភេទ​របស់ប្ដី​ប្រពន្ធ​មួយគូ​ដែលប្ដី​មិនមាន​កើតជម្ងឺ​កាម​ រោគនោះ ធ្វើ ឱ្យ​ភរិយា​ក៏មិន​អាចកើត​ជម្ងឺ​កាមរោគ​បានដែរ។ ប៉ុន្ដែបើ​ស្វាមី​ទៅមាន​ស្រីនៅ​ខាងក្រៅ​ផ្ទះ ហើយ​ស្រីនោះ​មានផ្ទុក​ជម្ងឺ​កាមរោគ ធ្វើឱ្យ ស្វាមី​ឆ្លងជម្ងឺ។ ពេលដែល​ធ្វើការ​រួមភេទ​ជាមួយ​ភរិយា ប្ដីបាន​ចម្លង​មេរោគ​នោះមក​កាន់​ប្រពន្ធ។ ហើយបើ​ប្រពន្ធ​ទៅ​រួមភេទ​ជាមួយ​ប្រុសណា​ម្នាក់វិញ​នោះ អាចឆ្លង​ជម្ងឺ​កាមរោគ​ពីមនុស្ស​ប្រុសនោះ ពេលដែល​នាងមក​រួមភេទ​ជាមួយ​ប្ដីនាង ប្ដីនាង​ក៏អាច​ឆ្លងជម្ងឺនេះពីនាង​បានដែរ។
ការ​ព្យាបាល​ជម្ងឺ​កាមរោគ
ភាគច្រើន​ពេលដែល​មកដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ដ្រីនោះ ដោយ​ត្រួត​ពិនិត្យ​មាត់ស្បូន​តាមរយៈ​ការ យកស​ទៅ​ពិនិត្យ។ ហើយ​បើមាន​ជម្ងឺ​កាមរោគ​ពិតមែន គេនឹង​ធ្វើការ​ព្យាបាល​ដោយមាន​ការដុត ការ​ប្រើប្រាស់​ឱសថ និងយក​សាច់ ស្បូន​នោះទៅ​វិភាគ ថាតើ​វាជា​មេរោគ​ប្រភេទ​អ្វី តើអាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​មហារីក​បានដែរ​ឬទេ និង​ផ្ដល់ថ្នាំ​ជូនដល់​អ្នកជម្ងឺ​ទៅតាម ការ​ដែល​វិភាគ​ឃើញនោះ។
ជម្ងឺ​កាមរោគ​អាចធ្វើ​ឱ្យគ្មាន​កូន
ការអត់​កូនអាច​បណ្ដាល​មកពី​បញ្ហា​មួយចំនួន ពេលខ្លះ​អាច​បណ្ដាល​មកពី​បុរស ហើយ​ពេលខ្លះ​ទៀតក៏​អាច​បណ្ដាល​មកពី ស្ដ្រី​ផងដែរ។ កត្ដា​ទាំងនោះ​មាន​ដូចជា ៖
  • មកពី​មនុស្ស​ប្រុសនោះ​ឯងគ្មាន​មេជីវិត​ឈ្មោល
  • មកពី​ដៃស្បូន​មនុស្ស​ស្រីមាន​ការ​រលាក ឬ​ដៃស្បូន​កំពិត
  • មកពី​តួស្បូន​មិនអាច​ទទួល​យក​កូនបាន
  • មកពី​ស្បូន​មិនអាច​ទទួល​យកកូន​បាន
1. ការ​រលាក​ដោយ​មេរោគ​នៃជម្ងឺ​កាមរោគ ដែល​មិនអាច​ឱ្យមាន​កូនបាន​ច្រើនជាង​គេគឺ ជម្ងឺ​ប្រមេះ​ទឹកបាយ និង​ប្រមេះ ទឹកថ្លា។
ការកើត​ជម្ងឺ​កាមរោគ​យូរទៅ ធ្វើឱ្យ​អ្នកជម្ងឺ​មានការ​រលាក​នៅដៃ​ស្បូន ហើយវា​អាចបង្ក​ឱ្យទៅ​ជា​មហារីក​បានទៀត​ផង បើយើង​មិនធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេល​វេលា​ទេនោះ។ ពេលដែល​អ្នកជម្ងឺ​ធ្វើការ​រួមភេទ មេជីវិត​ឈ្មោល និង​មេជីវិត​ញីបាន​បណ្ដើរគ្នា​ទៅកាន់​ស្បូន។ ប៉ុន្ដែ​បើមាន​ការ​រលាក​នៅដៃ​ស្បូននោះ ធ្វើឱ្យ​ដៃស្បូន​តូច​ចង្អៀត ពិបាក​ឱ្យ​មេជីវិត​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅដល់​ស្បូន ធ្វើឱ្យ​អាក់ខាន​ដំណើរ​បង្ក​កំណើត រហូត​ដល់ពេល​ដែលវា​ផ្ទុះបែក​តែម្ដង​ដែលយើង​ហៅថា​កូនក្រៅ​ស្បូន។ ស្ដ្រីមាន​ការចុក​ពោះផ្នែកខាងស្ដាំ ឬនៅ​ខាងឆ្វេង​ជាខ្លាំង និង​ពេលខ្លះ​ទៀតអាច​ធ្លាក់ឈាម​មកទៀត​ផង។ កូន​ក្រៅស្បូន​នេះមាន​រយៈពេល​ត្រឹមពី​១ខែ​កន្លះ ទៅ​រយៈពេល​២ខែ ឬអាច​២ខែ​កន្លះទៅ​តាម​ទំហំ​នៃកន្លែង​ដែលទុំ។ បើការ​បង្ក​កំណើត​ពិបាក នាំឱ្យ​ភាគរយ​នៃការ​មានកូន​ត្រូវបាន ថយចុះ។
ផល​វិបាក​នៃការ​អត់កូន
មនុស្ស​យើង​បន្ទាប់ពី​ចាប់ដៃ​គ្នា​ជាប្ដី​ប្រពន្ធ​រួចមក តែងតែ​ចង់បាន​កូនជាទី​ស្រឡាញ់​ដើម្បី​ផ្សាភ្ជាប់​ខ្សែ​ចំណង​ស្នេហ៍ ក៏ដូចជា និស្ស័យ​រវាង​ប្ដីប្រពន្ធ​ទាំងពីរ​នាក់។ ប៉ុន្ដែ​បើស្ដ្រី​មិនមាន​កូនជូន​ប្ដីទេ ប្រាកដ​ជាប្ដី​របស់ស្ដ្រី​នោះទៅ​មានស្រី​ថ្មីជាក់​ជា​មិនខាន។ បញ្ហាមួយ​ទៀតនោះ បើលោក​អ្នក​គ្មានកូន​ធ្វើឱ្យ​មានការ​អផ្សុក កណ្ដោច​កណ្ដែង​តែម្នាក់​ឯង គ្មានអ្នក​យល់ចិត្ដ និងមាន​ការពិបាក​នៅពេល ដែលខ្លួន​ឯងចាស់​ទៅគ្មាន​អ្នកមើល​ថែរក្សា។ ជា​ទូទៅ​គេ​តែងតែ​ចង់បាន​កូន​ដើម្បី​បន្ដពូជ​ពង្សវង្ស​ត្រកូល​តទៅ​ទៀត មិន​ចង់ឱ្យ​ដាច់ ពូជពង្ស​ឡើយ។
ចំពោះ​សុខភាព​វិញនោះ ជម្ងឺ​កាមរោគ​ផ្ដល់​ផលពិបាក​ដូចជា​អាច​បណ្ដាលឱ្យ​កើតជម្ងឺ​មហារីក​មាត់ស្បូន ធ្វើឱ្យ​ស្ដ្រីមាន​ធ្លាក់ ឈាម​ច្រើន ឬអាច​ឆ្លងជម្ងឺ​អេដស៍​បានទៀត​ផង និងអ្វី​ដែល​ពិសេស​ជាងនេះ​ទៅទៀត​នោះគឺ​ធ្វើឱ្យ​ស្ដ្រីនោះ​ពិបាក​នឹងមាន​កូន។
វិធី​បង្ការ​ជម្ងឺ​កាមរោគ
លោកអ្នក​ត្រូវតែ​មានដៃ​គូដែល​គ្មានជម្ងឺ​កាមរោគ។ បើ​លោកអ្នក​មិនទុក​ចិត្ដគ្នា​ទៅវិញ​ទៅមក​នោះទេ លោកអ្នក​អាច ប្រើ​​​​​​ប្រាស់​ស្រោម​អនាម័យ​ពេលដែល​រួមភេទ​ជាមួយ​ដៃគូ នេះជា​វិធី​មួយ​ប្រសើរ​បំផុត​សម្រាប់​លោកអ្នក។ នារីៗ​គួរតែ​មានពេល​វេលា សម្រាប់​ទៅកាន់​មន្ទីរពទ្យ ដើម្បី​ពិនិត្យ​សុខភាព​មាត់ស្បូន​ឱ្យ​ទៀងទាត់​ជា​រៀងរាល់​ ឆ្នាំ(មួយឆ្នាំម្ដង)។
ដំបូន្មាន​អ្នក​ជំនាញ
សូមស្ដ្រី​គ្រប់រូប​ព្យាយាម​មកកាន់​មន្ទីរពេទ្យ​ជា​រៀងរាល់​មួយឆ្នាំ​ ម្ដង ដើម្បី​ពិនិត្យ​សុខភាព​មាត់ស្បូន។ ចៀសវាង​ការ​រលាក មាត់​ស្បូនដែល​ជាហេតុ​ធ្វើឱ្យ​កើតជម្ងឺ​មហារីក។ សូមធ្វើ​ការព្យាបាល​នៅពេល​ដែល​វាស្ថិត​នៅភាព​ធូរស្រាល កុំ​ទុកឱ្យ​យូរហួស​ពេល ទើបធ្វើ​ការ​ព្យាបាល ប្រសិទ្ធភាព​នៃការ​ជាមាន​តិច ចំណាយ​ពេលវេលា​ច្រើន និង​ថវិកា​ច្រើនផង​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook